ប៉ូលិសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបង្អាក់ផែនការវាយប្រហារវិហារឥស្លាម Grand Mosque ក្នុងទីក្រុង Mecca កាលពីថ្ងៃសុក្រ ដោយបានសម្លាប់បុរសម្នាក់ដែលបានរៀបចំផែនការវាយប្រហារនៅក្នុងការវាយឆ្មក់ទៅលើផ្ទះរបស់ជននោះ នេះបើតាមការបញ្ជាក់របស់ពួកអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
រូបភាពវីដេអូដែលបានផ្សាយនៅលើទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានបង្ហាញឲ្យឃើញប៉ូលិសបានវាយឆ្មក់ផ្ទះមួយខ្នងដែលមានកម្ពស់៣ជាន់ ដែលអ្នកដាក់គ្រាប់បែកអត្តឃាតបានរស់នៅទីនោះ។ ប៉ូលិសបាននិយាយថា ពួកគេបានបាញ់តបតគ្នាជាមួយអ្នកដាក់គ្រាប់អត្តឃាតនោះ មុនពេលជននោះបំផ្ទុះខ្លួនឯងដែលបានធ្វើឲ្យដួលរលំអាគារនោះ។
ក្រសួងមហាផ្ទៃនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាប់ឲ្យដឹងថា អ្នកដាក់គ្រាប់បែកអត្តឃាតនោះជាមនុស្សតែម្នាក់គត់ដែលបានសម្លាប់នៅក្នុងការបំផ្ទុះនោះ។ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងទៀតថា មន្រ្តីប៉ូលិស ៥ នាក់និងជនស៊ីវិល ៦ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។
ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងដែរថា មនុស្ស៥នាក់ រួមមានស្រ្តីម្នាក់បានត្រូវចាប់ខ្លួននៅក្នុងការទាក់ទិនជាមួយការរៀបចំផែនការបំផ្ទុះគ្រាប់បែកនេះ។ ប៉ុន្តែក្រសួងមិនបានប្រាប់ថា ក្រុមណាបានទាក់ទិននៅក្នុងការវាយប្រហារនោះទេ។
ទាំងក្រុម Hezbollah ក្នុងប្រទេសអ៊ីរ៉ង់និងក្នុងប្រទេសលីបង់ បានថ្កោលទោសការរៀបចំផែនការនៃការបំផ្ទុះគ្រាប់បែកនៅទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋក្នុងសាសនាឥស្លាម។
ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីលោក Bahram Ghasemi អ្នកនាំពាក្យក្រសួងការបរទេសមកចុះផ្សាយថា «ភេរវកម្មកំពុងរាលដាល ហើយឥឡូវនេះកំពុងរីកកាន់តែធំឡើងទូទាំងសាកលលោក»៕