ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ និង​សេ្តច​ Salman ចុះ​កិច្ច​ព្រមព្រៀង​កិច្ចការ​ការពារ​មាន​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្តេច​ Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ក្នុងពិធី​ចុហ​ត្ថលេខា​នៅ​ទីក្រុង​រីយ៉ាដ។

កាល​ពី​ថ្ងៃ​សៅរ៍​ ព្រះចៅ ​Salman bin Abdulaziz នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​មាន​ទឹក​ប្រាក់​ជិត​១១០​ពាន់​លាន​ដុលា្លរ​ដើម្បី​បង្កើន​សមត្ថភាព​យោធា​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។​

កិច្ច​ព្រម​ព្រៀង​គ្នា​ខាង​កិច្ច​ការ​ពារ​ប្រទេស​នេះ​ដែល​ចូល​ជា​ធរមាន​ជា​បន្ទាន់​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​បណ្តា​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ដើម្បី​ពង្រឹង​ភាព​ដៃ​គូ​ខាង​យោធា​និង​ខាង​សេដ្ឋកិច្ច ដោយ​មាន​រួម​បញ្ចូល​ទាំង​កិច្ច​ព្រម​ព្រៀង​ទី​ពីរ​ខាង​កិច្ច​ការពារ​ប្រទេស​ដែល​មាន​ជម្រើស​មាន​ទឹក​ប្រាក់​រហូត​ដល់​៣៥០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។​

នៅ​ពេល​ជួប​ជាមួយ​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ Muhammad bin Nayef នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​រីយ៉ាដ​ លោក ត្រាំ​ បាន​និយាយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​ប្រសើរ​ណាស់, ការងារ, ការងារ, ការងារ» ដោយ​លោក​បាន​ថ្លែង​យោង​ដល់​ឱកាស​បង្កើត​ការងារ​ដែល​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ផ្តល់ឱ្យ។​

សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ពេល​មុន​នេះ​ថា​កិច្ច​ព្រម​ព្រៀង​ខាង​ការ​ការ​ពារ​ប្រទេស​នឹង​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន​ស.រ.អា.​នៅ​ក្នុង​ភូមិភាគ​មជ្ឈិម​បូព៌ា​និង​គាំទ្រ​ការងារ​ថ្មីៗ​រាប់ម៉ឺន​នៅ​ក្នុង​ឧស្សាហកម្ម​ខាង​ការពារ​ប្រទេស​របស់​ស.រ.អា.។

សេចក្តី​ថ្លែងការណ៍របស់​សេតវិមាន​ក៏​បាន​និយាយ​ដែរ​ថា ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​នឹង​ជួយ​ប្រទេស​ទាំង​ពីរ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​គំរាម​កំហែង​ដល់ពួក​គេ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាង​មុន​ផង​ដែរ៕

XS
SM
MD
LG