លោកប្រធានាធិបតី Hassan Rouhani ដែលទើបតែត្រូវបានគេបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីម្តងទៀត បានថ្លែងកាលពីថ្ងៃចន្ទថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយនឹងអាមេរិកគឺជា «ផ្លូវកោង» មួយហើយបានហៅកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីចុងសប្តាហ៍នេះថា «គ្រាន់តែជាការសំដែងតែប៉ុណ្ណោះ»។
លោក Rouhani ក៏បានមានប្រសាសន៍ថា ស្ថិរភាពមិនអាចសម្រេចបាននោះទេនៅក្នុងមជ្ឈឹមបូព៌ា ដោយគ្មានការជួយជ្រោមជ្រែងពីប្រទេសរបស់លោកនោះ។
លោក Rouhani បានឆ្លើយតបនឹងសំណួរមួយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ថា «ជនជាតិអាមេរិកាំងមិនដឹងអំពីសាសនារបស់យើង នេះគឺជាបញ្ហា»។
លោក Rouhani បាននិយាយថា លោកសង្ឃឹមថា រដ្ឋបាលលោក Trump នឹងស្វែងយល់ពីប្រទេសរបស់លោក ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់។
លោក Rouhani បានឈ្នះនៅក្នុងការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃសុក្រ បន្ទាប់ពីនៅក្នុងអាណត្តិទីមួយរបស់លោក គេឃើញមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ធំមួយ ជាមួយនឹងមេដឹកនាំពិភពលោកកាលពីឆ្នាំ២០១៥។ លោកប្រធានាធិបតី Trump បានគំរាមព្យាយាមចរចាឡើងវិញទៅលើកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃអាទិត្យ លោក Trump បានថ្លែងសុន្ទរកថាមួយក្នុងប្រទេស អារ៉ាប់ប៊ីសាអូឌីត ដោយអំពាវនាវឲ្យមានការបង្រួបបង្រួមគ្នារវាងបណ្តាប្រទេសកាន់សាសនាឥស្លាមភាគច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងបានហៅប្រតិបត្តិការនេះថាជា«សមរភូមិរវាងសភាវៈល្អនិងសភាវៈអាក្រក់ថែមទៀតផង»៕