ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អារ៉ាប់ និង​ប្រទេស​កាន់​សាសនា​ឥស្លាម​ នៅ​អារ៉ាប៊ីសាអូឌីត


ប្រធានាធិបតី​ Donald Trump ដើរ​ជាមួយ​ព្រះមហាក្សត្រ​នៃ​ប្រទេស​សាអ៊ូឌី Salman នៅ​មជ្ឈមណ្ឌល​សន្និសីទ King Abdulaziz កាល​ពី​ថ្ងៃទិ​២១ ឧសភា ២០១៧ នៅ Riyadh។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​អារ៉ាប់ និង​ប្រទេស​កាន់​សាសនា​ឥស្លាម​នានា នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជ្រុល​និយម​ផ្សេងៗ នៅ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​មុន​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ចូល​មក​ដល់ លោក Trump បាន​មាន​ជំនួប​ទ្វេភាគី​ជា​ច្រើន​ជាមួយ​នឹង​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​អារ៉ាប់​នានា នៅ​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​ស្ដេច Hamad Isa Al Khalilfa នៃ​ប្រទេស​បារ៉ែន លោក Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​បារ៉ែន ទោះបីជា​មាន​ទំនាក់ទំនង​ប្រសើរ​ជាមួយ​គ្នា​ក៏​ដោយ ក៏​នៅ​មាន​ឧបសគ្គ​បន្តិចបន្តួច​ផង​ដែរ ប៉ុន្តែ​ឧបសគ្គ​នេះ​នឹង​មិន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​នោះ​ទេ។ លោក Trump មិន​បាន​លើក​ឡើង​ពី​ឧបសគ្គ​បន្តិចបន្តួច​នោះ​ទេ ប៉ុន្តែ​លោក​ចង់​និយាយ​សំដៅ​ទៅ​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​បារ៉ែន នៅ​ក្នុង​អាណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama។

លោក Trump បាន​យល់ព្រម​តាម​ការ​អញ្ជើញ​ឲ្យ​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah el-Sissi។

នៅ​ក្នុង​សេចក្ដី​ព្រាង​នៃ​សុន្ទរកថា​របស់​លោក ដែល​នឹង​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ទីភ្នាក់ងារ​ព័ត៌មាន AP ទទួល​បាន លោក Trump នឹង​ជំរុញ​ឲ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​កាន់​សាសនា​ឥស្លាម​នានា​ឲ្យ​កម្ចាត់​ពួក​ភេរវករ​ចេញ​ពី​ប្រទេស​របស់​ពួកគេ៕

XS
SM
MD
LG