ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអូឌីត​បាន​បន្ត​ធ្វើ​ក្នុង​ថ្ងៃ​ទី​ពីរ​នៅ​យេម៉ែន


យុទ្ធជន​ក្រុម​ឧទ្ទាម ហ៊ូធី​ (Houthi) និកាយ​ Shi'ite​ ឈរល្បាត​នៅស្រប​ពេល​ដែល​ប្រជាជន​ស្វែង​រក​អ្នក​នៅ​រស់​នៅក្រោម​ កម្ទេច​លំនៅដ្ឋាន​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ដោយ​អារ៉ាប៊ី សាអួូឌីត​។

យន្តហោះ​ចម្បាំង​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទីដៅ​របស់​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​ យេម៉ែន​ ក្នុង​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ក្នុង​តំបន់​ដែល​ដឹកនាំ​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ ដើម្បី​កំចាត់​ក្រុម​ឧទ្ទាម ហ៊ូធី​ (Houthi) និកាយ​ Shi'ite​ ដែល​បាន​ត្រួតត្រា​លើ​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ។​

មន្រ្តី​និង​សាក្សី​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​កង​កម្លាំង​ចម្រុះ​ បាន​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​ និង​ទីដៅ​ដទៃ​ទៀត​ដែល​ក្រុម​ឧទ្ទាម​កាន់​កាប់​នៅ​ក្នុង​ និង​ជិត​រដ្ឋធានី​ Sana'a​ នៅ​ថ្ងៃ​សុក្រ​នេះ។​ មន្រ្តី​យោធា​បាន​និយាយ​ទៀត​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​បាន​តម្រង់​ទៅ​លើ​ខេត្ត​ Saada​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ ដែល​ជា​ទីតាំង​ធំ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី។​

មន្រ្តី​យោធា​អារ៉ាប៊ី​ សាអូឌីត​ បាន​អះអាង​ថា ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ថ្ងៃ​ទី​មួយ​បាន​«ទទួល​ជោគ​ជ័យ‍»​ ដែល​ធ្វើ​ឲ្យ​ការ​វាយ​ប្រហារ​លើ​ផ្លូង​គោក​មួយ​អាច​មិន​ជា​ការ​ចាំបាច់​ នេះ​បើ​តាម​ទី​ប្រឹក្សា​ក្រសួង​ការពារ​ប្រទេស​ អារ៉ាប៊ី​ សាអូឌីត​ លោក​ Ahmad​ Bin​ Hassan​ Asiri។​

លោក​ថ្លែង​ថា​មក​ទល់​ពេល​នេះ​ មិន​មាន​ផែនការ​ដើម្បី​ការ​វាយ​ប្រហារ​ផ្លូវ​គោក​ទេ​ តែ​បើ​ស្ថានការណ៍​មាន​ការ​ចាំបាច់​ កង​ទ័ព​អារ៉ាប៊ី​ សាអូឌីត​ និង​កង​កម្លាំង​ចម្រុះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​នឹង​ការ​ឈ្លានពាន​គ្រប់​បែប​យ៉ាង។​

កង​កម្លាំង​ចម្រុះ​មួយ​ដែល​បាន​ប្រមែ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ឆាប់​រហ័ស​មួយ​រវាង​ប្រទេស​ ១០​ ដោយ​រួម​មាន​ព្រះ​រាជាណាចក្រ​ទាំង ៥ ​ក្នុង​ឈូង​សមុទ្រ​ កំពុង​ខំ​ដណ្តើម​យក​ជ័យជម្នះ​លើ​ក្រុម​ហ៊ូធី​ ដែល​អ៊ីរ៉ង់​ជួយ​គាំទ្រ​ ដើម្បី​ដាក់​តម្កល់​រដ្ឋាភិបាល​យេម៉ែន​មួយ​ដែល​អន្តរជាតិ​ទទួល​ស្គាល់៕

XS
SM
MD
LG