លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីសាធារណៈទាំងអស់ ពង្រឹងក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋានដើម្បីបម្រើរាស្រ្ត និងបញ្ចៀសការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ជាជាងការពង្រឹងក្រុមការងារគណបក្ស។
ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅខេត្ដនេះ នាថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩នេះ លោក ស ខេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំទាំងអស់ដែលជាអ្នកដឹកនាំរដ្ឋាភិបាលគឺកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលលោកថា ពលរដ្ឋមួយចំនួនដែលបោះឆ្នោតឲ្យគណបក្សកាន់អំណាចមិនមែនសុទ្ធតែជាសមាជិករបស់គណបក្សនោះទេ។
លោកបន្ថែមថា មន្រ្តីរដ្ឋាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពរបស់ក្រុមការងាររដ្ឋបាលគ្រប់ផ្នែក និងកងកម្លាំងការពារសន្តិសុខទាំងអស់ដើម្បីបម្រើប្រយោជន៍ និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។
លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះបញ្ជាក់ថា៖
«ខ្ញុំមានបំណងមួយថា ពង្រឹងក្រុមការងារថ្នាក់ជាតិនេះឲ្យខ្លាំង ពីព្រោះក្រុមការងារថ្នាក់ជាតិនេះគឺជាមន្រ្តីកាន់តួនាទីមុខងារសាធារណៈ។ គាត់ចុះទៅមូលដ្ឋានទាំងឯកសណ្ឋាន ថ្ងៃណាក៏បាន គ្មាននរណាគេចោទប្រកាន់ទេ។ អ៊ីចឹងបានចង់ពង្រឹងក្រុមហ្នឹងឲ្យខ្លាំង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ»។
លោក ស ខេង ក៏បានប្រាប់ឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យបម្រើប្រជាពលរដ្ឋដោយមិនរើសអើងនិន្នាការគណបក្សនយោបាយនិងបានហាមឃាត់មន្រ្តីរដ្ឋាភិបាលទាំងអស់ មិនត្រូវយកម៉ោងរដ្ឋបាល និងសម្ភារៈរបស់រដ្ឋទៅធ្វើការងារ ឬបម្រើការងារឲ្យបក្សនោះឡើយ។
លោកមានប្រសាសន៍ថា៖
«នៅក្នុងការបំពេញតួនាទីក្នុងមុខងារសាធារណៈ មន្រ្តីសាធារណៈគ្រប់មុខតំណែងត្រូវខិតខំបម្រើការងារសាធារណៈ រួមទាំងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានដោយមិនរើសអើងខាងនយោបាយ ការប្រកាន់ក្រុម ឬបក្សពួកនិយមឡើយ»។
នៅរៀងរាល់ពេលមុននិងអំឡុងការបោះឆ្នោតកន្លងមក គេតែងឃើញមានការរិះគន់ពាក់ព័ន្ធនឹងការយករថយន្តពាក់ស្លាកលេខរដ្ឋ នគរបាល និងខេមរភូមិន្ទជាដើម ទៅបិទស្លាកគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដើម្បីចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត។ ចំណែកមន្ត្រីរាជការយកម៉ោងការងាររដ្ឋទៅចូលរួមឃោសនាបោះឆ្នោតឲ្យបក្សនយោបាយ ឬទៅពង្រឹងបក្សក៏រងនូវការរិះគន់ខ្លាំងផងដែរ។
ក្រោយមានការរិះគន់យ៉ាងដូច្នោះ ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំ និងហាមឃាត់កុំឲ្យមានការប្រើប្រាស់ម៉ោង និងសម្ភារៈរបស់រដ្ឋដើម្បីទៅបម្រើបក្ស ប៉ុន្តែករណីទាំងនោះនៅតែកើតមានឡើងដដែល។
មេដឹកនាំកងកម្លាំងប្រដាប់អាវុធ ដែលរួមមានមេទ័ព និងមេនគរបាល តែងចេញមុខប្រកាសការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងខ្លះចេញពង្រឹងគណបក្ស និងប្រកាសឲ្យកងទ័ពបោះឆ្នោតឲ្យគណបក្សកាន់អំណាចជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA នៅថ្ងៃពុធនេះថា ការណ៍ដែលមន្រ្តីសាធារណៈផ្តល់សេវាមិនស្មើភាពដល់ប្រជាពលរដ្ឋ ដោយសារមាននិន្នាការនយោបាយខុសគ្នានោះ នឹងធ្វើឲ្យសង្គមពោរពេញដោយភាពអយុត្តិធម៌។
អ្នកវិភាគនយោបាយចាស់វស្សារូបនេះបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរចែងច្បាប់ហាមមិនឲ្យមន្រ្តីរាជការសាធារណៈនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើជាសមាជិកគណបក្ស ដើម្បីធានាអំពីភាពអព្យាក្រឹត្យក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋជាទូទៅ។
លោកមានប្រសាសន៍ថា៖
«គ្រប់គ្រងប្រទេសបែបអ៊ីចឹងគឺអត់ល្អទេគឺបង្កើតនូវអយុត្តិធម៌ និងការបាក់បែកគ្នានៅក្នុងសង្គម ហើយគឺវាខុសនឹងគោលការណ៍ដែលនៅប្រទេសជឿនលឿនគេមានបទពិសោធន៍គឺមន្រ្តីរាជការទាំងអស់ យោធា នគរបាល ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីរាជការស៊ីវិលអីហ្នឹង គេប្រកាន់ជំហរអព្យាក្រឹត្យខាងនយោបាយ»។
ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន លោក ស ខេង បានប្រកាសបង្កើនថវិកាតាមឃុំ-សង្កាត់នៅឆ្នាំ២០២០ ឲ្យដល់៧៣០០០ដុល្លារដើម្បីអភិវឌ្ឍន៍ឃុំ-សង្កាត់ឲ្យមានសណ្តាប់ធ្នាប់និងមានសុវត្ថិភាព ខណៈថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់ បច្ចុប្បន្នមានត្រឹមតែ៣៥០០០ដុល្លារ។ លោកក៏បានបន្ថែមថា នៅឆ្នាំ២០២១ខាងមុខ ថវិកាអភិវឌ្ឍន៍ក្នុងមួយឃុំ-សង្កាត់នឹងកើនដល់៨៥០០០ដុល្លារ ឆ្នាំ២០២២នឹងកើនដល់១០ម៉ឺនដុល្លារ ហើយឆ្នាំ២០២៣នឹងកើនដល់១១ម៉ឺនដុល្លារ។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី បានប្រើសារនយោបាយ«ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ដ្រ»។ ខណៈដែលសារនយោបាយនោះត្រូវបានអ្នកគាំទ្រគណបក្សប្រឆាំងចែកចាយតៗគ្នា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្តឹងទៅតុលាការ ដោយចោទថា វាជាសារញុះញង់ និងប្រមាថដល់មេឃុំ និងចៅសង្កាត់ ដែលកំពុងបំពេញការងារនាពេលនោះ។
នៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នោះដែរ លោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ក៏បានឃោសនាថា នឹងផ្តល់ថវិកាប្រមាណពី៥០ម៉ឺនដុល្លាររហូតដល់១លានដុល្លារសម្រាប់អភិវឌ្ឍន៍ក្នុងមួយឃុំ-សង្កាត់ នៅពេលគណបក្សរបស់លោកជាប់ឆ្នោត៕