ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​នឹង​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ​ពីរ​សប្ដាហ៍​ម្ដង​ចាប់​ពី​ដើម​ឆ្នាំ​២០១៩​ទៅ


រូបឯកសារ៖ លោក​ ផៃ​​ ស៊ីផាន​ អ្នកនាំ​ពាក្យទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់បទសម្ភាសដល់សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​នៅរាជធានី​​ភ្នំពេញ​​ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (អូន ឆេងប៉​រ​/ VOA)

រដ្ឋាភិបាល​ខ្មែរ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ បាន​ឲ្យដឹង​ថា​​ ការ​បើក​ប្រាក់​ខែ​ជូន​មន្ត្រីរាជការ​ នឹង​ត្រូវ​​បាន​ដំឡើង​និង​ត្រូវ​ធ្វើ​ឡើង​ពីរ​សប្ដាហ៍​ម្ដង​ចាប់​ពី​ដើម​ឆ្នាំ​២០១៩​តទៅ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ​ ប៉ុន្តែ​ចាត់​ទុក​ថា​វា​ជា​រឿង​ធម្មតា។

ការ​បើក​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​ធ្វើ​ឡើង​ពីរ​សប្ដាហ៍​ម្ដង ដែល​ការណ៍​នេះ​គឺ​ដូចគ្នា​នឹង​ការ​សន្យា​របស់​មេដឹកនាំ​កម្ពុជា​ គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។ នេះ​បើ​យោង​តាម​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ផៃ​ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។

លោក ​ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ VOA ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​បើក​ប្រាក់​ពីរ​ដង​ក្នុង​មួយ​ខែ​ដល់​មន្ត្រី​រាជការ​នេះ​ នឹង​ជំរុញ​ឲ្យ​មាន​ចរាចរ​សាច់​ប្រាក់​រៀល​ល្អ​ប្រសើរ​នៅ​ក្នុង​ទីផ្សារ​ និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ។

«នៅ​ពេល​មន្ត្រី​រាជការ​លោក​មាន​ក្រដាស​ប្រាក់​នៅ​ក្នុង​ដៃ​បាន​សេចក្ដី​ថា​ មន្ត្រី​រាជ​រដ្ឋាភិបាល​ គាត់​មាន​អំណាច​ទិញដូរ​ ដូច្នេះ​ក្រដាសប្រាក់​ហ្នឹង​វា​ធ្វើ​ចរាចរ​នៅ​ក្នុង​ទីផ្សារ​ បង្កើន​សកម្ម​ភាព​សេដ្ឋកិច្ច។​ អានេះ​ចំណុច​ទី​ពីរ។ ហើយ​ចំណុច​ទីបី​រាជ​រដ្ឋាភិ​បាល​ មាន​សមត្ថភាព​និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការ​ចាត់​ចែង​ បង្កើន​ប្រាក់​បំណាច់​ការងារ​របស់​មន្ត្រី​រាជការ​នេះ​ គឺ​យើង​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ»។

​ឯកសារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ផៃ​ ស៊ីផាន​ បាន​បញ្ជាក់​ឲ្យដឹង​អំពី​ការ​ការ​បើកប្រាក់​ខែ​នេះ​ក្នុង​ន័យ​ដើម​ថា៖«ចំពោះ​ការ​បើក​ប្រាក់​បៀវត្ស​រ៍នឹង​ត្រូវ​ធ្វើ​ឡើង​ ចំនួន​ពីរ​ដង​ក្នុង​មួយ​ខែ​ តាម​ប្រព័ន្ធ​ធនាគារ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៩»។ ​

សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ចាស់​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​ ក្នុង​ការ​បើកប្រាក់​បៀវត្សរ៍​ពីរ​ដង​ក្នុង​មួយ​ខែនៃ​ប្រាក់​ខែ​ប្រចាំ​ខែ​របស់​មន្ត្រីរាជការ​ស៊ីវិល​នេះ​ កើត​មាន​ឡើង​ ​ក្រោយ​ការ​ប្ដេជ្ញា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ២០១៨​ បាន​ប្រកាស​ថា​ បន្ត​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​ក្នុង​វិស័យ​ឯកជន​ និង​មន្ត្រី​រាជការ​ ក៏ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ។​

លោក​ ​ហ៊ុន សែន​ ​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ដ៏ចម្រូងចម្រាស​ដែល​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ​បាន​អះអាង​នា​ពេល​ឃោសនា​នោះ​ថា​ ប្រសិន​បើ​គណបក្ស​លោក​ បាន​ទទួល​ការ​គាំទ្រ​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ ​ហើយ​លោក​នៅ​តែ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​នោះ​ ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​បើកប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​និវត្តជន​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ម្ដង​ ហើយ​ការ​ធ្វើ​បែបនេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​ក្នុង​វិស័យ​ឯកជន​ផង​ដែរ។

ក្រៅ​តែ​ពី​ការ​កំណត់​ឲ្យ​មាន​ការ​បើកប្រាក់​បៀវត្សរ៍​ពីរ​ដង​ក្នុង​មួយ​ខែ​ដល់​មន្ត្រី​រាជការ​នោះ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បាន​ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​ថ្មី​បន្ថែម​ទៀត​ ដល់​មន្ត្រីរាជការស៊ីវិល​ គ្រូបង្រៀន គ្រូពេទ្យ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​មិន​ក្រោម​មួយ​លាន​រៀល​ផង​ដែរ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ដែរ។ នេះ​បើ​យោង​តាម​កញ្ចប់​ព្រាងថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៩​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល។

លោក​ រ៉ុង ឈុន​ ​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ចាត់​ទុក​វិធីសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ប្រាក់បៀវត្សរ៍​រាល់ពីរ​សប្ដាហ៍​ម្ដង​ដល់​មន្ត្រី​រាជការ​នេះ​ ថា​ជា​រឿង​សាមញ្ញ​មួយ។ លោក​សាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ តែថា​ អ្វី​ដែល​ជា​ការចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ​គឺ​ការ​គ្រប់គ្រង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។

លោក​មាន​ប្រសាសន៍​ថា​៖

«ប៉ុន្តែ​អ្វី​ដែល​ការ​ឡើង​ខ្ពស់​ជាង​ប្រាក់​ខែ​គឺ​បញ្ហា​ទីផ្សារ។ អ៊ីចឹង​ ទន្ទឹម​នឹង​ការ​ដំឡើង​បៀវត្សរ៍​ ជូន​មន្ត្រី​រាជការ​គ្រូបង្រៀន​ នគរបាល​ ទាហាន​ ទាំងអស់​ហ្នឹង​ ត្រូវតែ​គិត​គូរ​អំពី​បញ្ហា​ទីផ្សារ​ផង​ដែរ។​យើង​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទីផ្សារ​កុំ​ឲ្យហក់​ឡើង​ខ្ពស់​ទៅតាម​ អា​ការដំឡើង​បៀវត្សរ៍។ បើ​សិន​ ជា​យើង​គ្រាន់តែ​ដំឡើង​ បាន​បួន​ប្រាំ​ម៉ឺន​ មួយ​ឆ្នាំ​បួន​ប្រាំ​ម៉ឺន​ ប៉ុន្តែ​ទីផ្សារ​ វា​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​រដ្ឋាភិបាល​ ដំឡើង​បៀវត្សរ៍​ ជូន​គ្រូបង្រៀន​ ទៀត​នោះ​ ហាក់​បីដូច​ជា​ ការដំឡើង​ហ្នឹង​ វា​ពុំ​មាន​ន័យ​ខ្លឹម​សារ​អី​ទេ​ ពីព្រោះ​មន្ត្រីរាជការ​ គ្រូបង្រៀន​ នៅតែ​ជួប​បញ្ហា​ជីវភាព​ រស់​នៅ​ប្រចាំ​ថ្ងៃ​ដដែល​ទេ​បាទ»។

សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩​ របស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប​ចំនួន​ ប្រមាណ​៦.៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ គឺ​មាន​កំណើន​ប្រមាណ​ជា​១១.៤ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។

ទន្ទឹម​នឹង​ផែនការ​ចាយ​វាយ​នេះ​ រដ្ឋាភិបាល​ ក៏​គ្រោង​នឹង​រកចំណូល​ក្នុង​ប្រទេស​ឲ្យ​មាន​ប្រមាណ​ ៥.២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ផង​ដែរ គឺ​មាន​កំណើន​ប្រមាណ​១៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨៕ ​

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG