ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហា​ផ្ទៃ​ស្នើ​លោក ​​ហ៊ុន សែន​​​បង្កើត​ខេត្ត​ថ្មី​ពីរ​បន្ថែម​ទៀត


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

ក្រសួង​មហាផ្ទៃ​ ​នៅ​សប្តាហ៍​នេះ​ ​បាន​​ស្នើ​នាយករដ្ឋមន្រ្តី​ ​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត ដោយ​អះអាង​ថា​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍។​ ​អ្នកឃ្លាំមើល​សង្គម​យល់​ថា ​ការ​បង្កើត​ខេត្ត​ច្រើន​លើ​ទឹក​ដី​តូច​ដូច​កម្ពុជា​​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​​ជាតិ។

រដ្ឋាភិបាល​កម្ពុជាគ្រោង​បង្កើត​ខេត្ត​ចំនួន​២បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​ខេត្ដ​កណ្ដាល​ ​និង​ចន្លោះខេត្ត​មណ្ឌល​គិរី-រតនគិរី​ ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ ​និង​ថែរក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​សាធារណៈ។​ ​នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ស្នើ​ទៅ​នាយក​រដ្ឋមន្រ្តី​ ដែល​ ​VOA​ ​ ទទួល​បាន។

លិខិត​របស់​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃស្នើ​សុំគោលការណ៍​ពី​នាយក​រដ្ឋមន្រ្តី​ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មីចំនួន​២ ​ចេញ​នៅ​ថ្ងៃទី​២៧ ​ខែ​សីហា​ឆ្នាំ​២០១៨​ ​បញ្ជាក់​ថា​ ​ខេត្ត​ថ្មី​ទាំង​ពីរ​នេះ​ ​ខេត្ត​មួយ​ត្រូវ​កាត់​ចេញ​ពី​ខេត្ដ​កណ្ដាល​ ​និង​ខេត្ត​មួយ​ទៀត​ ​ត្រូវ​កាត់​ចេញ​ពី​ស្រុក​កោះ​ញែក​នៃ​ខេត្ត​មណ្ឌលគិរី​ ​និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី។​

លោក​ ​ស ខេង​ ​បន្ថែម​ក្នុង​លិខិត​នោះដោយ​បកស្រាយ​ពី​គោល​បំណង​នៃ​ការ​បង្កើត​គណៈកម្មការ​ស្រាវ​ជ្រាវកែ​សម្រួល​ព្រំ​ប្រទល់​រដ្ឋបាល​ថ្នាក់ជាតិ​ ​ដើម្បី​បង្កើត​ខេត្ត​ទាំង​ពីរ​នោះ ​តាម​ន័យ​ដើមថា៖

«ផ្អែក​តាម​ការ​ពិនិត្យ​ជា​ទូទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​ ​និង​ស្ថានភាព​ប្រជាសាស្រ្ត​នៃ​ការ​គ្រប់គ្រង​រដ្ឋ​បាល​ ​ការ​ថែរក្សា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​ការ​ជំរុញ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ ​និង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ»។​

លោក​ ​ស ខេង​ ​បន្ថែម​ថា​ ​ក្នុង​ករណី​នាយក​រដ្ឋមន្រ្តី​ឯកភាព​ ​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​មន្ដ្រី​បច្ចេក​ទេស​ ដើម្បី​សហការ​ជាមួយ​ក្រសួង​ ​និង​ខេត្ត​ពាក់ព័ន្ធ​ ​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង​ ​ដើម្បី​រាយ​ការណ៍​សុំ​យោបល់​ដឹកនាំ​ជា​បន្ដបន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រនេះ​ថា ​គម្រោង​នៃ​ការ​បង្កើត​ខេត្ត​២​បន្ថែម​ទៀត​គឺ​ដោយ​សារ​ខេត្ត​ទាំង​នេះ​មាន​ទំហំ​ធំ​ ​និង​ពិបាក​ក្នុង​ការ​គ្រប់គ្រង។​ លោក​បន្ថែម​ថា​ រដ្ឋាភិបាលមិន​ទាន់​បាន​កំណត់​ឈ្មោះ​ខេត្ត​ថ្មី​ ​និង​មិន​ទាន់​កំណត់ពីសមាសភាព​អភិបាលសម្រាប់​ដឹកនាំ​ខេត្ត​ថ្មី​នៅឡើយ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះមិន​បាន​បញ្ជាក់​ថា​ តើ​ការ​បង្កើត​ខេត្ត​ថ្មី​មួយនឹង​ត្រូវ​ចំណាយ​ថវិកាជាតិចំនួន​ប៉ុន្មាន​នោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា៖​

«យើង​មិន​អី​ច្រើន​ទេ​ មន្រ្តី​យើង​មាន​ស្រាប់​ហើយ​ ​យើង​មិនចាំបាច់​ជ្រើស​រើស​ក្រប​ខណ្ឌ​អី​ច្រើន​ទេ។ ឧទា​ហរណ៍​ដូច​ខេត្តកំពង់​ចាម​អីចឹង ​យើង​បង្កើត​ខេត្ត​ត្បូង​ឃ្មុំ​ វាអស់​ទីតាំង​រដ្ឋបាល​តែ​ប៉ុណ្ណឹង​ទេ។​ សំខាន់​បំផុត​ទីតាំង​រដ្ឋបាល​របស់​សាលា​ខេត្ត​ ​ហើយ​ស្រុក​អី​មានទាំង​អស់​ ​គ្មាន​អី​ពិបាក​ទេ។​ ​មន្រ្តី​អី​យើង​មាន​អស់​ហើយ។​ ​ដូច​បាន​ជម្រាប​ជូន​អីចឹង ​យើង​មិនទាន់​កើត​ជា​រូបរាង​ផង ​យើង​មិន​ទាន់​បាន​គិត​អាហ្នឹង។ ​យើង​មិនមែន​បង្កើត​ខេត្ត​នេះដើម្បី​ឲ្យ​អ្នក​នោះ​ទៅ។ ​យើង​អត់​មាន​គិត​អីចឹង​ទេ»។​

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣​ ​រដ្ឋាភិបាល​បាន​សម្រេចបង្កើត​ខេត្ត​ត្បូង​ឃ្មុំ​ ​ដោយ​បំបែក​ចេញពី​ខេត្ត​កំពង់ចាម​ ​តាម​រយៈ​ហេតុ​ផល​ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ដូចគ្នា។​ ​ការ​បំបែក​ខេត្តកំពង់ចាមនា​ពេលនោះធ្វើ​ឡើងបន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈក្នុង​ខេត្ត​កំពង់​ចាម​ចំនួន​១០​ ​ច្រើន​ជាងគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ពីរ​អាសនៈ។​

លោក ​មាស នី​ ​អ្នកសិក្សា​ពីការ​អភិវឌ្ឍ​សង្គម​ ​និង​ជាអ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​លើក​ឡើង​ថា​ ​ការ​បង្កើត​ខេត្ត​ថ្មីៗគឺ​ជាការ​ខ្ជះ​ខ្ជាយ​ថវិកាជាតិ​ ​ខណៈ​កម្ពុជា​មាន​ផ្ទៃដី​តូច ​និង​មានប្រជាជន​តិច។​

លោក​បញ្ជាក់​ថា៖​

«ដូចជា​ការ​បង្កើត​នូវ​ស្ថាប័ន​រដ្ឋជាន់​លើគ្នា​អី ​អាហ្នឹង​គឺជា​ចេតនា​មួយ​ក្នុង​ការ​ជួយ​រក​កន្លែង​ដើម្បីផ្តល់​នូវ​តួនាទី​ឲ្យមន្រ្តី​ ​ឬ​ក៏​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​គណបក្ស​ដែល​ត្រូវ​បាន​បន្ថយ​ពីកន្លែង​ផ្សេង​មក។​ ហើយ​ការ​បង្កើត​ខេត្ត​នេះ​ទៀត​ ​យើង​មើល​ឃើញ​ការ​បង្កើតដូចជាខេត្ត​ត្បូងឃ្មុំ ​ឬ​ក៏​ខេត្ត​កែប​អី​ ​យើង​ឃើញ​ថា​ ទីរួមខេត្ត​វា​ល្អហើយ​ ​ប៉ុន្តែ​បើនិយាយ​ពីការ​រៀបចំ​សេវាកម្ម​នៅ​តាម​ខេត្ត​មួយៗ​ ​វា​ក៏​ដូចជា​មិន​បាន​ប្រសើរ​ឡើង​លើស​ពីមុន​ប៉ុន្មាន​ដែរ»។​

លោក​មាស នី​ ​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​បង្កើនប្រសិទ្ធ​ភាព​នៃ​ការគ្រប់​គ្រង​តាម​រយៈការ​បង្កើន​ប្រាក់​បៀវត្សរ៍​មន្រ្តី​រាជការ​ ​និង​បង្កើន​កញ្ចប់ថវិកាសម្រាប់​អភិវឌ្ឍ​ក្នុង​ខេត្ត​ដែល​មាន​ស្រាប់​ ​ជា​ជាង​បង្កើត​ខេត្ត​ថ្មី។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជម្រើស​ទី​១​ ​បង្កើន​ប្រាក់ខែមន្រ្តី​រាជការ ​ជម្រើស​ទី២គឺ​ផ្តល់​ថវិកាដែល​បម្រុង​យកទៅ​ចែកខេត្តហ្នឹងគឺទៅ​ផ្តល់ឲ្យ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​ថ្នាក់ឃុំ​ ទៅឲ្យ​មេឃុំៗ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ផ្លូវ​ទៅ ​អាចឲ្យ​ពលរដ្ឋអាច​ដឹក​ផលិត​ផល​ដំណាំ​កសិកម្មចេញ​ពី​ស្រែ​ ​ចេញ​ពី​ចម្ការ​មក​ឲ្យ​បាន​គ្រប់គ្រាន់។​ អាហ្នឹងវា​ជា​រឿង​ដែល​ប្រសើរ​ហើយ​ ​វា​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​មាន​ប្រជា​ប្រិយភាព​កាន់​តែ​ខ្លាំង​ផង»។​

បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​១៨១,០៣៥​គីឡូម៉ែត្រការ៉េ​ ​និង​មាន​រាជធានី/ខេត្ត​សរុប​ចំនួន​២៥នៅ​ទូទាំង​ប្រទេស។​ ​នៅ​ចុង​ឆ្នាំ​២០១៣​ រដ្ឋាភិបាលក៏​បាន​បង្កើត​ខណ្ឌ​ចំនួន​៣​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​ខណ្ឌ​ច្បារ​អំពៅ​ បំបែក​ចេញ​ពី​ខណ្ឌ​មានជ័យ​ ​ចំណែក​ខណ្ឌ​ជ្រោយ​ចង្វារ​ ​បំបែក​ចេញ​ពី​ខណ្ឌ​ទួលគោក-ឬស្សីកែវ​ ​និង​ខណ្ឌព្រែកព្នៅ​ ​បំបែក​ចេញ​ពី​ខណ្ឌ​សែនសុខ-ឬស្សី​កែវ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG