ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ពីរ​ដង​ក្នុង​មួយឆ្នាំ


រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កកង់បី​ និងក្រុម​យុវជន​ជាង១០០០នាក់ ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)
រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កកង់បី​ និងក្រុម​យុវជន​ជាង១០០០នាក់ ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

ប្រកាស​របស់​ក្រសួង​ការងារ​ស្តីពី​ការ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ក៏បាន​រាប់បញ្ចូល​ ការ​បើក​រំឮក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​ របស់​កម្មករ​និយោជិត​ ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅតាម​សហគ្រាស​ ​គ្រឹះស្ថាន​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ​ដែល​តម្រូវ​ឲ្យ​ម្ចាស់​គ្រឹះស្ថាន​ជំនួញ​ ​ដែល​ស្ថិត​ក្រោម​បទប្បញ្ញតិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ ​ផ្តល់​ប្រាក់​បំណាច់អតីតភាព​ការងារ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។​ ការ​អនុវត្តន៍នេះ​ នឹងត្រូវ​ធ្វើ​ឡើង​នៅឆ្នាំ​២០១៩​ ​ខាង​មុខ​នេះ។​ ​នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​ ​និងប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ដែល​ ​VOA​ ​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ។​

ប្រកាស​របស់​ក្រសួង​ការងារ​ចុះថ្ងៃ​ទី២១​ ​ខែ​កញ្ញា​ ​និង​មាន​ហត្ថលេខា​របស់​លោក​ ​អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ ​បានបញ្ជាក់​ថា​ ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ ​ដូច​មាន​ចែង​ក្នុង​មាត្រា​៨៩​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​អនុវត្ត​ទៅលើ​តែ​កម្មករ​និយោជិត​មាន​កិច្ច​សន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​តែ​ប៉ុណ្ណោះ។​

ក្រសួង​ការងារ​បាន​បញ្ជាក់​ពី​ដំណើរ​នៃ​ការ​ផ្តល់​ប្រាក់​បំណាច់​ក្នុង​ប្រកាស​របស់​ខ្លួន​ថា​ ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ ​(ពីរ)​ ​ដង​ក្នុងមួយ​ឆ្នាំ​ ត្រូវអនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​តទៅ​ ​ដោយ​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​និយោជិត​ ​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​ ​និង​ប្រាក់​បន្ទាប់​បន្សំ​ចំនួន​១៥ ថ្ងៃ ក្នុង​១ ​(មួយ)​ឆ្នាំ។​ ​ប្រាក់បំណាច់​នេះ​ ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ ​ចំនួន​ ៧,៥​ ​(ប្រាំពីរ​កន្លះ)​ថ្ងៃ​ ​នៅ​ក្នុង​ខែ​មិថុនា​ នៃ​ឆ្នាំ​នីមួយ​ៗ​ និង​ចំនួន​៧,៥​(ប្រាំពីរ​កន្លះ)​ ​ថ្ងៃ​នៅ​ក្នុង​ខែធ្នូ​ នៃ​ឆ្នាំ​នីមួយៗ។​

ប្រកាស​ដដែល​បាន​សរសេរ​បន្ត​ថា​ ​ចំពោះ​កម្មករ​និយោជិត​ ដែល​ចូល​ធ្វើការ​នៅក្នុង​ឆ្នាំ​ដំបូង​ ហើយ​ដែល​បាន​បំពេញ​ការងារ​ជាប់​ជានិច្ច​ចាប់​ពី១​ (មួយ)​ ខែ​ ទៅដល់​៦​ (ប្រាំមួយ)​ខែ​ និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​និយោជិត​នូវ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ចំនួន​ ៧,៥​ ​(ប្រាំពីរ​កន្លះ)​ ​ថ្ងៃ។​

ពាក់ព័ន្ធ​នឹង​កម្មករ​និយោជិត​មានកិច្ច​សន្យា​មាន​កំណត់​ថិរវេលា​នោះ​ ​ក្រសួង​ការងារ​បាន​តម្រូវ​ឲ្យ​«និយោ​ជក​ត្រូវ​ផ្តល់​ឲ្យកម្មករ​និយោជិត​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​នោះ​ ​ដែល​សមាមាត្រ​នឹង​ប្រាក់​ឈ្នួល​ផង​ សមាមាត្រ​នឹង​ថិរវេលា​នៃ​កិច្ច​សន្យា​ផង​ ហើយដែល​ចំនួន​ប្រាក់​បំណាច់​នេះ​ មាន​កំណត់​ក្នុង​អនុសញ្ញា​រួម។​ ​បើ​គ្មាន​កំណត់​ក្នុងអនុសញ្ញា​រួម​ទេ​ ប្រាក់​បំណាច់​នេះ​យ៉ាង​តិច​ត្រូវស្មើ​៥% ​(ប្រាំ​ភាគរយ​)​ នៃប្រាក់​ឈ្នួល​ ​ដែល​កម្មករ​និយោជិត​បាន​បើក​នៅក្នុង​រយៈពេល​នៃកិច្ច​សន្យា»។​

VOA​ មិនទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ខេន លូ​ ​(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​(GMAC)​ ​បានដែរ​នៅថ្ងៃ​ច័ន្ទនេះ។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការ​ងា​រកម្ពុជា​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ ​ការ​សម្រេច​របស់​ក្រសួង​ការងារ​ ​ទៅលើ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នេះ​ ​បាន​ធ្វើ​ឡើង​ ​ក្រោយ​ពី​មានការ​ធ្វើ​វិសោធន​កម្ម​មាត្រា​៨៩​នៃ​ច្បាប់​ការងារ​ ​ដោយ​កែប្រែ​ខ្លឹមសារ​មួយ​ចំនួន​ពី​ការ​បណ្តេញ​ចេញ​មក​ជា​ការ​ទទួល​បាន​ប្រាក់​បំណាច់​ការងារ​នេះ។​

លោក​ថ្លែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ថា៖​

«​ចំណុច​ល្អ​លុយនេះ​ គឺ​ ទោះបី​យើង​មិន​ត្រូវបាន​គេបញ្ឈប់ យើង​នៅមាន​អតីតភាព​ការងារ​ ​ជា​កិច្ច​សន្យា​មិន​កំណត់​ហ្នឹង​ ​យើង​បើក​លុយ​ហ្នឹង​បាន​ តែ​នៅពេល​ដែល​គេ​បញ្ឈប់ដោយ​កំហុស​និយោជក​ នៅ​យើង​ទារ​បាន​បួន​ចំណុច​ផ្សេង​ទៀត​ ដូច​ជា​លុយប្រាក់ខែ​មិន​ទាន់​បើក​តាម​មាត្រា​១១៦​ បំណាច់​ឆ្នាំ​ តាម​មាត្រា​១៦០ លុយ​ជំងឺ​ចិត្ត​ តាម​មាត្រា​៩១​ ហើយនិង​លុយ​ជូន​ដំណឹង​តាម​មាត្រា​៧៥​ ចឹង​មាន​មាត្រា​៨៩​ ត្រូវបាន​គេ​ដោះស្រាយ​ឲ្យហ្នឹង​ គឺ​ដូរពី​បណ្តេញ​ចេញ​មក​អតីតភាព​ការងារ»។​

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​អះអាងថា​ ​ប្រកាស​ថ្មី​នេះ​ ក៏​ផ្តល់​ផល​អវិជ្ជមាន​មួយ​ចំនួនផងដែរ​ ពោល​គឺ​ ​ការ​បើកប្រាក់​បំណាច់នេះ​ ​នឹង​មិនរាប់​បញ្ចូល​ប្រាក់​ខែ​ និង​អត្ថប្រយោជន៍​ផ្សេងៗ​មក​គណនា​ ក្នុង​ករណី​ដែល​កម្មករ​ឈប់​មុន​កិច្ចសន្យា​ ឬក៏​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​មាន​កំហុង​ធ្ងន់ធ្ងរ​ណា​មួយ​នោះ។​

ប្រកាស​របស់​ក្រសួង​ការងារ​ស្តីពី​ការ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ក៏បាន​រាប់បញ្ចូល​ ការ​បើក​រំឮក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​ របស់​កម្មករ​និយោជិត​ ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅតាម​សហគ្រាស​ ​គ្រឹះស្ថាន​ផង​ដែរ។​

ការ​ចេញ​ប្រកាស​ថ្មី​របស់​ក្រសួង​ការងារ​ស្តី​ពីការ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​នេះ​ បាន​ធ្វើឡើង​ ​ក្រោយ​ការ​ប្តេជ្ញា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​ខែ​កក្កដាឆ្នាំ២០១៨​ បាន​ប្រកាស​ថា​ បន្ត​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​ក្នុង​វិស័យ​ឯកជន​ និង​មន្ត្រី​រាជការ​ ក៏ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ។​

លោក​ ​ហ៊ុន សែន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ​បាន​អះអាង​នា​ពេល​ឃោសនា​នោះ​ថា​ ប្រសិន​បើ​គណបក្ស​លោក​ បាន​ទទួល​ការ​គាំទ្រ​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ ​ហើយ​លោក​នៅតែបន្ត​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​នោះ​ ​លោក​នឹង​ជំរុញឲ្យ​មាន​ការ​បើកប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​និវត្តជន​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ម្ដង​ ហើយ​ការ​ធ្វើ​បែបនេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​ក្នុង​វិស័យ​ឯកជន​ផង​ដែរ៕

XS
SM
MD
LG