ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​​បញ្ចូល​លោក​ហ៊ុន ម៉ាណែត​ ​និង​សមាជិក​ចំនួន​៦រូប​ទៀត​ទៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស


រូបឯកសារ៖ បដាគណបក្សប្រជាជនកម្ពុជា នៅលើដងផ្លូវមួយនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ បដាគណបក្សប្រជាជនកម្ពុជា នៅលើដងផ្លូវមួយនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

នៅពេល​​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​សម្រេច​បញ្ចូល​សមាជិក​អ​ចិន្រ្តៃយ៍​ថ្មី​ចំនួន​៧រូប​ទៀត​ទៅ​ក្នុងបក្ស​ ​ដែល​ភាគច្រើន​ជា​មេដឹកនាំខាង​​សន្តិសុខ​ ​និង​កងទ័ព​ជាតិ​នោះ អ្នកវិភាគ​យល់​ថា​ ​ការណ៍​នេះ​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អនាគត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​បញ្ចូល​សមាជិក​ចំនួន​៧រូប​បន្ថែម​ទៀត​ទៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ ​ដែល​សមាជិក​ទាំង​នោះ​ភាគ​ច្រើន​ជា​មេទ័ព​កំពូលៗ​របស់​កម្ពុជា​ និង​ម្នាក់​ជា​កូនប្រុស​ច្បង​របស់​លោក​ហ៊ុន សែន។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​បីថ្ងៃ​ ​បក្ស​កាន់​អំណាច​បាន​សម្រេច​បោះឆ្នោត​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ចំនួន​៧រូប​ថែម​ទៀត​ទៅ​ក្នុង​គណបក្ស។​ នេះ​បើ​តាម​ការផ្សាយ​របស់​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា។

​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ទាំង៧រូប​នោះ​រួមមាន​ ​លោក​ ​ជា សុផារ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​លោក​ ​អូន ព័ន្ធមុនីរ័ត្ន​ ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​វង្ស ពិសេន​ ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ​លោក​ ​សៅ សុខា​ ​អគ្គ​មេបញ្ជាការ​រង​ ​កង​យោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​លោក​ ​ឥត សារ៉ាត់​ ​នាយ​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ​ ​និង​លោក​ហ៊ុន ម៉ាណែត​ ​មេបញ្ជាការ​កងទ័ព​ជើងគោក​និង​ជាកូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧។

​លោក​ហ៊ុន ម៉ាណែត​ ​ត្រូវ​បានលោក​ហ៊ុន សែន ដែល​ជា​ឳពុក​ប្រកាស​ថា​ ​លោក​ហ៊ុន​ ​ម៉ាណែ​ត​ ​អាច​នឹង​ក្លាយ​ជា​មេដឹកនាំ​បន្ត​ពី​លោក។

​ចំណែក​លោក​ ​សៅ សុខា ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​Human Rights Watch​ ​ចាត់​បញ្ចូល​ជា​ឧត្តមសេនីយ៍​មួយ​រូប​ក្នុងចំណោម​ ​«ឧត្តមសេនីយ៍​ទុច្ចរិត​ទាំង​១២រូប​របស់​កម្ពុជា»​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​ ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

​លោក​ ​អូន​ ​ព័ន្ធមុនី​រ័ត្ន​ ​និង​លោកប្រាក់ សុខុន​ ​គឺជា​អ្នក​ចូលរួម​ក្នុង​ការស្ទង់មតិ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ ​អំពី​ប្រជាប្រិយ​ ​និង​ការ​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពី​ឆ្នាំ២០១៦។​ ​នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ឆ្នាំ២០១៧។​ ​សារ​បែក​ធ្លាយ​នោះ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ថា​ ​មហាជន​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​មាន​ចំនួន​៦៣ភាគរយ​ ​ខណៈ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ចំនួន៨២ភាគរយ។

​លោក​ ​មាស នី​ ​អ្នកវិភាគ​ពី​ការ​វិវត្ត​សង្គម​ ​និង​នយោបាយ​ ​ប្រាប់​ ​VOA​ ​ថា​ការ​បន្ថែម​សមាជិក​អចិន្ត្រៃយ៍​ទៅ​ក្នុង​គណបក្ស​ដែល​ភាគច្រើន​ជា​មេដឹកនាំ​ក្នុង​ជួរ​កងទ័ព​នេះ​ ​នឹង​ធ្វើឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់តែ​រឹងមាំ​ក្នុង​ការគ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស។ លោក​បន្ថែម​ថា​ ​ការ​បន្ថែម​នេះ​ក៏​បង្ហាញ​អំពី​ក្តី​បារម្ភ​ចំពោះ​អនាគត​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​និង​អំពី​ភាព​មិន​ឯករាជ្យ​របស់​កងទ័ព​ផង​ដែរ។

«បើសិនជា​យើង​វិល​មក​មើល​អ្វី​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ​ហើយ​បើ​យើង​ដើរ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ ​គឺ​ការ​វិវត្ត​នេះ​វា​ជា​ការ​ព្រួយបារម្ភ​មួយ​សម្រាប់​អនាគត​នៃ​ប្រជាធិប​តេយ្យ​ក្នុង​ប្រ​ទេស​កម្ពុជា។​ ​យើង​ដឹង​ហើយ​ថា​កាលណា​កងទ័ព​មិន​មាន​ឯករាជ្យ​ ​ហើយ​កងទ័ព​បាន​ចូល​ទៅ​ក្នុង​សមាជិក​គណបក្ស​នយោបាយ​ ​អ៊ីចឹង​ចង់​មិន​ចង់​គឺ​កងទ័ព​ហ្នឹង​ត្រូវតែ​ជា​កងទ័ព​របស់​បក្ស​នា​ពេល​ខាង​មុខ​ ​មិនមែន​ជា​កងទ័ព​ជាតិ»។

​ក្រៅពី​ការ​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​គណបក្ស​ចំនួន​៧រូប​បន្ថែម​ ​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​នេះ​ ​ក៏បាន​សម្រេច​ជ្រើសតាំង​លោក​ ​ហ៊ុន​ ​ម៉ានី​ ​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ស្ពឺ​ ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​មាន​សមាជិក​រាប់​ម៉ឺន​នាក់​ ​ព្រម​ទាំង​ជា​កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​នោះ ឲ្យ​ធ្វើជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល។

​បន្ទាប់​ពី​បញ្ចូល​សមាជិក​អចិន្រ្តៃយ៍​ថ្មី​ទាំង៧រូប​បន្ថែម​ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាគ​ណបក្ស​កាន់​អំណាច​ជិត​៤ទសវត្សរ៍​មក​ហើយ​នោះ​ ​មាន​សមាជិក​អចិន្រ្តៃយ៍​សរុប​ទាំងអស់​ចំនួន​៣៧​រូប​ ​បន្ទាប់ពី​អតីត​សមាជិក​អចិន្រ្តៃយ៍​សំខាន់ៗ​មួយ​ចំនួន​បាន​ទទួល​មរណភាព​ ​ដែល​រួមមាន​លោក​ ជា​ ​ស៊ីម​ ​លោក​ ​សាយ ភូថង​ ​លោក​ ​សុខ អាន​ ​និង​លោក​ ​នៃ ប៉េណា​ ​ជាដើម។

​គណបក្ស​នេះ​ក៏​មាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ចំនួន​៨៦៥រូប​ ​ដោយ​សមាសភាព​គណៈកម្មាធិការ​កណ្ដាល​បច្ចុប្បន្ន​ ​រួមមាន​សមាជិក​ចាស់​វស្សា​ជាន់ខ្ពស់​របស់​គណបក្ស​ ​ក្រុម​មន្ត្រី​ជំនាន់​ក្រោយ​ដែល​ជា​កូន​មន្ត្រី​ជំនាន់​ទីមួយ​ ​មន្ត្រី​រាជការ​ជាន់ខ្ពស់​ក្នុង​ស្ថាប័នរដ្ឋ​ ​ក្រុម​បញ្ញាវ័ន្ត​ក្នុង​ស្ថាប័ន​សិក្សា​ ​ក្រុម​អ្នក​សារ​ព័ត៌មាន​ ​អភិបាល​ខេត្ត​-​រាជធានី​ ​និង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​រចនាសម្ព័ន្ធ​សន្តិសុខ​ ​និង​យោធា​របស់​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG