ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បើក​ការ​បាញ់​សម្លាប់​មនុស្ស​៤នាក់​នៅ​រដ្ឋ Tennessee


រថយន្ត​ប៉ូលិស​ចត​ចោល​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន Waffle House នៅ​ក្នុង​ក្រុង Nashville រដ្ឋ Tennessee កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
រថយន្ត​ប៉ូលិស​ចត​ចោល​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន Waffle House នៅ​ក្នុង​ក្រុង Nashville រដ្ឋ Tennessee កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

ប៉ូលិស​ក្នុង​រដ្ឋ Tennessee កំពុង​តាម​ចាប់​ខ្លួន​បុរស​ម្នាក់​មក​ពី​រដ្ឋ Illinois ដែល​ប៉ូលិស​និយាយ​បាន​បើក​ការ​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​វែង​មួយ​ដើម នៅ​ឯ​ភោជនីយដ្ឋាន Waffle House និង​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៤​នាក់។ ​

ជនសង្ស័យ​ឈ្មោះ Travis Reinking អាយុ​២៩ រស់នៅ​ក្នុង​ក្រុង Morton រដ្ឋ Illinois ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ពាក់​អាវ​ក្រៅ​ពណ៌​បៃតង​មួយ​និង​ឥតស្លៀកខោ ហើយ​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​វេលា​ម៉ោង​ប្រមាណ ៣:៣០នាទី​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ភោជនីយដ្ឋាន Waffle House ក្បែរ​ទីក្រុង Nashville។

ជនសង្ស័យ Reinking បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​រដ្ឋ Tennessee កាល​ពីចុង​កណ្តាល​ឆ្នាំ​មុន និង​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៧ ដោយសារ​តែ​រូបគេ​បាន​ចូល​ទៅ​កាន់​តំបន់​ហាមឃាត់​ក្បែរ​សេតវិមាន។ នេះ​បើ​យោង​តាម​សម្តី​របស់​មន្ត្រីនៃ​កងកម្លាំង​ការពារ​ប្រធានាធិបតី​ម្នាក់​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ។ ជន Reinking នេះ​ត្រូវ​បាន​ស្នើ​ឲ្យ​ចាកចេញ ប៉ុន្តែ​មិន​ព្រម​ចាកចេញ ហើយ​នៅ​តែ​ចង់​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី។ ក្រោយ​មក​រូប​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចូលក្នុង​តំបន់​ហាមឃាត់​ដោយ​ខុសច្បាប់។

នៅ​ក្នុង​រដ្ឋ Tennessee ជន Reinking នេះ​ធ្វើការ​ជា​កម្មករ​សំណង់ ហើយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​បី​សប្តាហ៍​មុន។ ក្រោយ​មក​ត្រូវ​បាន​និយោជក​ម្នាក់ផ្សេង​ទៀត​ជួល ប៉ុន្តែ​និយោជក​រូប​នោះ​និយាយ​ថា ជនសង្ស័យ​រូប​នេះ​បាន​ទៅ​ធ្វើ​ការ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ចន្ទ។ ​

កាំភ្លើង​ពីរ​ដើម​ក្នុង​ចំណោម​បួន​ដើម​របស់ Reinking បាន​បាត់។ នេះ​បើយោង​តាម​សម្តី​របស់​ប៉ូលិស​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។ កាំភ្លើង​មួយ​ជា​កាំភ្លើង​វែង​សម្រាប់​បាញ់​សត្វ​និង​កាំភ្លើង​មួយ​ទៀត​ជា​កាំភ្លើង​ខ្លី។ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សេតវិមាន ប៉ូលិស​បាន​រឹបអូស​យក​អាវុធ​របស់​ជនសង្ស័យ ប៉ុន្តែ​ក្រោយ​មក​បានប្រគល់​ឲ្យ​ទៅ​ឪពុក​របស់​គេ​វិញ។ ឪពុក​របស់​ជន​សង្ស័យ​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​បាន​ប្រគល់​កាំភ្លើង​នោះ​ទៅ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​វិញ​ហើយ។

ក្រោយ​ពេល​បាញ់​ប្រហារ​រួច​ហើយ Reinking បាន​ដោះអាវ​របស់​ខ្លួន​ចេញ ហើយ​ឥត​លែង​ខ្លួន​ទទេរ នៅ​ពេល​ដែល​គេ​ដើរ​ទៅ​កាន់ apartment ដែល​នៅ​ក្បែរ​នោះ ហើយ​ដែល​ប៉ូលិស​ជឿ​ថា​រូប​គេ​ស្នាក់​នៅ​ទីនោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG