ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​នឹង​មិន​ប៉ះពាល់​ក្រុម​យោធា​ពេល​ជាប់​ឆ្នោត


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ (សឹង សុផាត/VOA)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ (សឹង សុផាត/VOA)

ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ជាង​៥០នាក់​​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ​នេះ​ជា​គំរូ​មួយ​ដែល​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ភូមា។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឱ្យ​ដឹង​ពីចេតនា​ក្នុង​ការ​មិន​ប៉ះពាល់​លើ​ផ្នែក​កងកម្លាំង​ប្រដាប់​អាវុធ​ទេ​នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ជាង​៥០នាក់នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ​នេះ​ជា​គំរូ​មួយ​ដែល​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ភូមា។​

«យើង​មិន​ចាំបាច់​ថា​ឥឡូវ​ចង់​ទៅ​គ្រប់​គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ខ្លួន​ឯង​បើ​យើង​ចែក​ការ​គ្នា​ធ្វើ​ទៅ។ យើង​មិន​យល់​ទាស់​ទេ ​មិន​យល់​ទាស់​ឱ្យ​មាន​ការ​បែង​ចែក​ការងារ​គ្នា​តួនាទី​គ្នា​ដូច​នៅ​ប្រទេស​ភូមា‍»។

ប្រទេស​ភូមា​បាន​រក្សា​អាសនៈ​សភា​មួយ​ចំនួន​ដល់​ក្រុម​យោធា​ដោយ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​ សម្រាប់​កម្ពុជាផល​ប្រយោជន៍​ដែល​ទទួល​បាននោះ​ត្រូវ​បាន​លោក​សម រង្ស៊ី​ពន្យល់​ថា​ គឺ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ និង​ជៀសវាង​ចលាចល​ក្នុង​ស្រុក។​

«បញ្ហា​សំខាន់​គឺ​កម្ចាត់​ការភ័យខ្លាច។ កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច។ តែ​មាន​ការ​ភ័យ​ខ្លាច​មនុស្ស​យើង​មិន​អាច​ធើ្វ​ការ​សម្រេច​ត្រឹម​ត្រូវ​ទេ។ ចឹង​ហើយ​បាន​យើង​សង្ឃឹម​ថា ​សហគមន៍ ​អន្តរជាតិ​នឹង​ជួយ​ប្រទេស​កម្ពុជា​តទៅទៀត​ក្នុង​ដំណាក់​កាល​ថ្មី។ ដំណាក់​កាល​ការ​ផ្ទេរ​អំណាច​ក្រោយ​ពី​ការ​បោះ​ឆ្នោត‍»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​អាសនៈ​ចំនួន​៥៥​ពី​ក្នុង​សភា​ដែលមាន​ចំនួន​១២៣អាសនៈ​ក្រោយ​ពី​ការបោះឆ្នោត​ខែ​កក្កដាឆ្នាំ​២០១៣។​

លោក​ សម រង្ស៊ី ក៏​បាន​ស្នើ​ឱ្យ​អ្នក​គាំទ្រ​មាន​ភាព​ចាស់​ទុំ​ក្នុង​រឿង​នយោបាយ​និង​ជៀសវាង​ការ​ប្រើ​ប្រាស់​ហិង្សា​នានា។​

«រាល់​ការ​ប្រើ​អំពើ​ហិង្សា​រាល់​ការ​ចោទ​ប្រកាន់​ខុស​រឿង​យើង​ទុក​មួ​យ​អន្លើរ​ទៅ។ អាទិភាព​របស់​យើង​ពេលនេះ​គឺ​ការ​បោះឆ្នោត។ យើង​ត្រូវ​តែ​តាំង​ចិត្ត​ យើង​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ហើយ​កុំ​ឱ្យ​មាន​រឿងរ៉ាវ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ងាក​ចេញ​ពី​ការ​រៀបចំ​ការ​បោះឆ្នោត‍»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក ជីវី នុត ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មក​ពី​រដ្ឋ​ Virginia ​បាន​សម្តែង​ក្តី​សុទិដ្ឋិនិយម​បន្ទាប់​ពី​បាន​ស្តាប់​លោក​សម រង្ស៊ី។

ប៉ុន្តែ​លោក​មាន​ការ​ខកចិត្ត​ខ្លះ​ដែល​លោក​សម រង្ស៊ី​មិន​អាច​ចូល​ស្រុក​វិញ​បាន។

«ការ​ទុក​ប្រធាន​ដែល​មិន​ឱ្យ​ចូល​ស្រុក​ហើយ​គ្មាន​លទ្ធភាព​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​នាំ​ឱ្យ​មានការ​ខក​ចិត្ត​ដែល​ថា​គ្មាន​ការ​ត្រឹមត្រូវ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ប្រជារាស្រ្ត​ខ្មែរ​ទៅ​អនាគត​ឱ្យ​បាន​រដ្ឋាភិបាល​ដ៏​ត្រឹម​ត្រូវ‍»។​

សម្រាប់​អ្នកគាំទ្រ​ដូច​លោក ​ប៊ុន ឃាង ​មក​ពី​រដ្ឋ​ម៉ារីឡែន​ យល់​ថា​ការដែល​លោក​សម រង្ស៊ី​នៅ​ក្រៅ​ស្រុក​មួយ​រយៈ​គឺ​ជា​ឱកាស​ល្អ​ទៅវិញ​ទេ​សម្រាប់​លោក​បន្ត​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មាន​ឥទ្ធិ​ពល​ក្នុង​តំបន់​ដោយសារ​គណបក្ស​នេះ​មាន​សក្តានុពល​ខ្លាំង​ជាង​មុន​ឆ្នាំ​២០១៣។

«ពេល​នេះ​ជា​ឱកាស​មាស​ហើយ​ដែល​លោក​ប្រធាន​នៅ​ក្រៅ។​ លោក​ប្រធាន​ត្រូវ​ធ្វើការ​ងារ​ហ្នឹង​ឱ្យ​ខ្លាំង​ទាល់​តែ​បាន។ បានន័យ​ថា​លោក​ប្រធាន​ចូល​ស្រុក​យើង​កុំ​អាល​និយាយ​យើង​និយាយ​តែ​រឹតចំណង​គេ​ឱ្យ​ខ្លាំង។ កាលណា​រឹត​ចំណង​គេ​ខ្លាំង​គេ​នឹង​គាប។ ការងារ​ចូល​ស្រុក​វា​នឹង​ទៅ​តាម​សម្រួល​ដែល​យើង​ចង់​បាន​ហើយ។ ដូច្នេះ​សំណូមពរ​ឱ្យ​លោក​ប្រធាន​ធ្វើ​យ៉ាង​ណា​ជាមួយ​បរទេស​លោក​ប្រធាន​ត្រូវ​តែ ​ពង្រឹង​ទាល់​តែ​បាន‍»។​

លោក​សម រង្ស៊ី​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​បណ្តឹង​បរិហារ​កេរ្តិ៍​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​ហោ ណាំហុង ​និង​បណ្តឹង​មួយ​ចំនួន​ផ្សេង​ទៀត។

លោក ​យ័ប គឹមទុង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​យល់​ថា​សារ​នយោបាយ​ថ្មី​របស់​លោក​សម រង្ស៊ី​មាន​លក្ខណៈ​វិជ្ជមាន​ប៉ុន្តែ​លោក​នៅ​មាន​ការ​មន្ទិល​សង្ស័យ​ខ្លះ​លើ​ដៃគូ​ប្រកួត​ប្រជែង។​

«យើង​មាន​សំណួរ​ថា​តើ​នយោបាយ​គាត់​ថ្មី​ដើរ​ឬ​មិន​ដើរ​ប៉ុន្តែ​បើ​សិន​ជា​នយោបាយ​ហ្នឹង​ដើរ​បើសិន​ជា​ខាង​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ក៏​យល់​ព្រម​ខ្ញុំ​ថា​វា​ចំណេញ​មកដល់​ប្រជាជន​យើង​ទាំងអស់​គ្នា​ពីព្រោះ​ប្រជាជន​យើង​មិន​ខ្វល់​ថា​គណបក្ស​ណា​ឈ្នះ​ទេ​ឱ្យ​តែ​គណបក្ស​ហ្នឹង​ធ្វើ​អ្វីៗ​ដោយ​យុត្តិធម៌​និង​ត្រឹម​ត្រូវ​កុំ​ឱ្យ​រំលោភ​សិទ្ធិ​យើង​ចង់​បាន​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ‍»។​

លោក​ សម រង្ស៊ី ​ក៏​បានជួប​ជាមួយ​នឹង​មន្ត្រី​និង​អ្នក​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG