ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី បញ្ជាក់​ថា ខ្លួន​មិន​បាន​ទទួល​ដីកា​របស់​កម្ពុជា ឱ្យ​ចាប់ខ្លួន​លោក​ សម រង្ស៊ី​ទេ


លោក មហា​ធា មហាម៉ាត់ (អង្គុយ​នៅ​កណ្តាល) ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី​៧៤​ក្នុង​បុរីញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក មហា​ធា មហាម៉ាត់ (អង្គុយ​នៅ​កណ្តាល) ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី​៧៤​ក្នុង​បុរីញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា​កម្ពុជា​ នឹង​បញ្ជូន​ដីកា​ចាប់ខ្លួន​លោក សម រង្ស៊ី ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា ប្រទេស​ម៉ាឡេស៊ី មិន​បាន​ទទួល​ដីកា​ចាប់ខ្លួន​លោក សម រង្ស៊ី ពី​ប្រទេស​កម្ពុជា​ទេ។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir bin Mohamad) បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ VOA Khmer កាល​ពី​សប្ដាហ៍​មុន​ថា​ប្រទេស​ម៉ាឡេស៊ី មិន​បាន​ទទួល​សាលដីកា​របស់​តុលាការ​កម្ពុជា បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី​ទេ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​របស់​ម៉ាឡេស៊ី​រូប​នេះ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​បូរី​ញូយ៉ក បន្ទាប់​ពី​លោក​បាន​ឡើង​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​នៅ​ឆ្នាំនេះ។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បញ្ជាក់​ទៀត​ថា​ម៉ាឡេស៊ី ក៏​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែរ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វីអូអេ​ បាន​សួរ​លោក​បន្ថែម​ថា​តើ​ម៉ាឡេស៊ី នឹង​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ឬ​ទេ បើ​លោក ​សម រង្ស៊ី ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​នោះ។

លោក មហាធៀ មហាម៉ាត់ មាន​ប្រសាសន៍​ថា៖​

«‍យើង​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ណា​មួយ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៩​ថា សាល​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​រួច​ហើយ ក្រោយ​ពេល​ដែល​លោក​ សម រង្ស៊ី បាន​ប្រកាស​ត្រៀម​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ខាងមុខ ដែល​ជាថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ផង​ដែរ​នោះ។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំ​លាយ​ចោល​កាល​ពី​ឆ្នាំ​មុន បាន​រស់នៅ​ដោយនិរទេស​ខ្លួន​ឯង​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ ដើម្បី​គេច​ពី​បណ្ដឹង​ព្រហ្មទណ្ឌ​ជាច្រើន​ប្រឆាំង​នឹង​រូប​លោក។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដើរ​ចូល​សាល​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី៧៤ ក្នុង​បុរីញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី​២៨ ខែកញ្ញា ​ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដើរ​ចូល​សាល​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី៧៤ ក្នុង​បុរីញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី​២៨ ខែកញ្ញា ​ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​បច្ចុប្បន្ន បានអះអាង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ​VOA Khmer ​ក្រោយ​ពី​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូយ៉ក​កាល​ពី​ចុង​សប្ដាហ៍​ថា ការណ៍​ដែល​សាលដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី មិន​ទាន់​បាន​ទៅ​ដល់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី គឺ​អាច​ដោយសារ​តែ​នីតិវិធី​បញ្ជូន​តែ​ប៉ុណ្ណោះ។

«‍អា​ហ្នឹង​គេ​មាន​នីតិវិធី​របស់​គេ ប្រហែល​ជា​មិន​ទាន់​ទៅ​ដល់​គាត់​ ប៉ុន្តែ​យើង​បាន​ផ្ញើ​ទៅ​កាន់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ចការ​ហ្នឹង​រួច​ហើយ»។

លោក ប្រាក់​ សុខុន បន្ថែម​ថា៖ «‍អា​រឿង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ជា​រឿង​ផ្សេង​ ប៉ុន្តែ​អា​រឿង​សហការ​គ្នា​ក្នុង​ការ​ចាប់​ឧក្រិដ្ឋជន អា​ហ្នឹង​ជា​រឿង​ផ្សឹង»។​

បណ្ដឹង​ចំនួនប្រមាណ​១០​ ត្រូវ​បាន​ដាក់​ប្រឆាំង​នឹង​រូប​លោក សម រង្ស៊ី ដោយ​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន លោក​ហេង​ សំរិន ប្រធាន​រដ្ឋ​សភា លោក ​ហោ ណាំហុង ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

នៅ​ថ្ងៃ​២៦ ខែ​កញ្ញា តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​សម្រេច​ចោទប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​៩​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​រួម​ទាំង​លោក សម រង្ស៊ី​ផង​នោះ ពី​បទ​ល្មើស​ថ្មី​មួយ​ទៀត​គឺ​បទ «‍ឧបឃាត» ដែល​តុលាការ​ចាត់​ទុក​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ ផ្ដួល​រំលំ​រដ្ឋាភិបាល។ តុលាការ​កម្ពុជា​ ក៏​បាន​កោះ​ហៅ​លោក​ សម រង្ស៊ី ជាថ្មី​ទៀត ឲ្យ​ចូល​ខ្លួន​នៅ​ដើម​ខែ​តុលា​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG