ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​ឧត្តរ​មានជ័យ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល


លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ។ (Facebook/Mounh Sarath(ម៉ោញ សារ៉ាត់))
លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ។ (Facebook/Mounh Sarath(ម៉ោញ សារ៉ាត់))

ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​អតីត​សកម្មជន​​នយោ​បាយ​ប្រឆាំង​ពី​បទ​​មាន​បំណង​ផ្តួល​រលំ​រដ្ឋា​ភិបាល​​បាន​កើតឡើង​ជាបន្ត​បន្ទាប់​ ក្រោយ​ពី​លោក សម រង្ស៊ី មេដឹក​នាំ​បក្ស​ប្រឆាំង​ប្រកាស​ថា​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​០៩ វិច្ឆិកា ខាងមុខ។

សាលា​ដំបូង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​ចោទ​ប្រកាន់​សកម្ម​ជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅថ្ងៃ​ចន្ទ​នេះ​ពីបទ «រួម​គំនិត​ក្បត់» ជាមួយ​លោក សម រង្ស៊ី ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ ការ​ចោទ​ប្រកាន់​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​នយោបាយ​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ចោល​នេះ ​កើន​ដល់​ចំនួន​ប្រមាណ​ជា​៣០​នាក់ហើយ​ដែល​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ អាយុ​៥៤​ឆ្នាំ ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ដោយសារ​លោក​បាន​គៀងគរ​ពលករ​ខ្មែរដែល​ធ្វើ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ ឲ្យ​ចូល​រួម​ផែន​ការ​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល​កម្ពុជា​ ជាមួយ​នឹង​ «ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី» បន្ទាប់​ពី​រូប​លោកបាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹងសំឡេង​សហរដ្ឋ​អាមេរិក(​វីអូអេ​)កាលពី​សប្តាហ៍​មុន។

លោក ម៉ោញ សារ៉ាត់ ​បច្ចុប្បន្ន​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

កាល​ពី​សប្តាហ៍​មុនសាលា​ដំបូង​ខេត្ត​រតនគីរី​បាន​ចោទ​ប្រកាន់​បុរស​ចំនួន​ពីរនាក់​គឺលោក ងិន សុផាត អាយុ​៥៦​ឆ្នាំ​និង​លោក​ធឿន​ ប៊ុនធន ​អាយុ​៥០​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់​ដូចគ្នា​បន្ទាប់​ពី​ពួកគេ​បាន​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ និង​ការ​បង្ហោះ​សារ​«វាយប្រហារ»​និង«បំផុសបំផុល» លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បីគាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​មេដឹក​នាំ​អតីតបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន។

ក្នុង​សប្តាហ៍​មុន​នេះ​ដែរ តុលាការ​ខេត្ត​ព្រះ​សីហនុ បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួនស្ត្រី​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា សៅ ឧសភា អាយុ​២៥ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ«រួម​គំនិត​ក្បត់» ដូច​គ្នា។

បើសិន​ជា​តុលាការ​រក​ឃើញ​ថា​ជន​ទាំង​នេះ​មាន​ទោស​ពី​បទ «រួម​គំនិត​ក្បត់» ពួកគេ​នឹង​ត្រូវ​ផ្តន្ទាទោស​ពី​០៥​ទៅ​១០​ឆ្នាំ​តាម​មាត្រា​៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក នី សុខា ​ប្រធាន​ផ្នែកស៊ើបអង្កេតសិទ្ធិ​មនុស្ស​នៃសមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះថា​ វិធានការ​ចាប់​ខ្លួន​និង​ដាក់ទោស​សកម្ម​ជន​នយោបាយ​របស់​រដ្ឋាភិបាល​មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​សកម្មជន​ផ្សេងទៀត​មាន​ការ​ខ្លាចរអា​នោះទេ​ ប៉ុន្តែប្រជាពលរដ្ឋ​សាមញ្ញ​ក៏​មានការ​ភ័យ​ខ្លាច​ដូចគ្នា ដោយសារ​តែ​វា​បាន​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​សេរី​ភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ពួកគាត់។

«បាទ​ហើយ​រឿង​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួកគាត់​បាទ»។

ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​អតីត​សកម្មជននយោ​បាយ​ប្រឆាំង​ពី​បទមាន​បំណង​ផ្តួល​រលំ​រដ្ឋា​ភិបាលបាន​កើតឡើង​ជាបន្ត​បន្ទាប់​ ក្រោយ​ពី​លោក សម រង្ស៊ី មេដឹក​នាំ​បក្ស​ប្រឆាំង​ប្រកាស​ថា​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​០៩ វិច្ឆិកា ខាងមុខ។ លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​គឺ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​កាន់​កាប់​អំណាច​យូរ។

លោកបណ្ឌិត​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា​បាន​ហៅ​ការ​ចោទ​ប្រកាន់​និង​ការ​ចាប់​ខ្លួន​អតីតអ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រំកិល​ទៅ​រក​ការ​គ្រប់​គ្រង​បែប​កុម្មុយនីស្ត។​

«អាហ្នឹង​ខ្ញុំ​ឃើញ​ថា ស្ថានការ​ណ៍​នេះ​វិវឌ្ឍ​ទៅរក​ គេហៅ​ថាពី​ដើម​គឺ​នៅ​ប្រទេស​កុម្មុយនីស្ត​ ណា៎ ជា​របៀបប្រើប្រាស់​អំពើ​ហិង្សា​ទៅទៀត មិនមែន​ត្រឹម​តែ​ចាប់ចង​ឃុំ​ឃាំង​ដាក់​ពន្ធនាគារ​អីទេ»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ថែម​ថា​ ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​សកម្មជនអតីត​គណបក្ស​ប្រឆាំង​នឹង​នៅ​តែ​បន្ត​រហូត​ទោះ​បី​ជា​លោក​ សម រង្ស៊ី​មិន​វិល​ត្រឡប់​តាម​ការ​ប្រកាស​ក៏​ដោយ។

លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​លោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋា​ភិបាលធ្លាប់​បាន​អធិប្បាយ​ជា​បន្ត​បន្ទាប់​ជុំវិញ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​អតីត​អ្នកគាំទ្រ​នយោបាយ​ប្រឆាំង​នេះ​ថាពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ក្នុង​ប្រទេស។

សាលា​ដំបូង​រាជ​ធានីភ្នំពេញកាល​ពី​ថ្ងៃទី​២៦​ខែកញ្ញា បាន​ចោទ​ប្រកាន់​លោក​សម រង្ស៊ី និង​អ្ន​ក​នយោបាយ​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រាំបីនាក់​ផ្សេង​ទៀត​ពី​បទ​«ឧបឃាត»​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​សព្វថ្ងៃ។

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​។ ​លោកស្រី​ក៏បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ធានា​ឡើង​វិញ​អំពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នេះ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG