ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះជាតិ​ច្រាន​ចោល​ការ​ចោទ​ពី​បទ​«ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»​


រូបឯកសារ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ បានជួបជុំគ្នានៅ​សាលាឧទ្ធរណ៍ ទាមទារឲ្យមានការ​ដោះលែងលោក កឹម សុខា ឲ្យ​នៅ​ក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ការ​ចោទ​នេះ​គឺជា​ការ​លាប​ពណ៌ និង​ការ​គំរាម​កំហែង​ដល់​អ្នក​គាំទ្រ​គណបក្ស ដែល​មាន​គម្រោង​ចេញ​ទៅ​ទទួល​លោក​សម រង្ស៊ី នៅ​ពេល​លោក​និង​សមាជិក​ផ្សេងៗ​ទៀត ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ចោទ​ប្រកាន់​សមាជិក​ចំនួន​៩​នាក់​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ពី​បទ «ឧបឃាត» ដោយ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​«ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»។

អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចោទ​ប្រកាន់​អ្នក​ទាំង​៩នាក់​នេះ រួម​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដូចជា លោក​សម រង្ស៊ី លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង គឺ​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​អង្គហេតុ​មួយ​ដែល​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​«អំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុស​ច្បាប់» នៅ​ក្នុង​គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោកស្រី មូរ សុខហួរ ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​៩នាក់​នោះ ថា លោក​ស្រី​មិន​បាន​ភ្ញាក់​ផ្អើល​លើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ​ទេ ពីព្រោះ​តុលាការ​កម្ពុជា​មាន​ប្រវត្តិ​លម្អៀង​ខាង​នយោបាយ​ទៅ​លើ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រី សុខហូរ ដែល​ជា​អនុប្រធាន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​អះ​អាង​ថា យុទ្ធនាការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​ផ្សេង​ទៀត​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស មិនមែន​ជា​ «ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ‍»​នោះ​ទេ។

លោស្រី​បាន​ប្រាប់ VOA ថា៖ «មាតុភូមិ​និវត្តន៍​នៃ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​៩ វិច្ឆិកា ជា​មាតុភូមិ​និវត្តន៍​ដើម្បី​ដោះ​បញ្ហា​ជូន​ប្រទេស​ជាតិ។ សូម​បងប្អូន​ពិចារណា​ឲ្យ​ច្បាស់​ថា សេរីភាព​ដែល​យើង​ខ្ញុំ​ខិតខំ​ជូន​នោះ តើ​សេរីភាព​ដើម្បី​នរណា? តើ​យើង​ខ្ញុំ​ដាក់​ជីវិត ដាក់​រាងកាយ​ទាំង​អស់​ជូន​ទៅ​ប្រទេស​ជាតិ ដើម្បី​នរណា‍?‍»

យោង​តាម​មាត្រា ៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា បើ​សិន​ជា​រក​ឃើញ​ថា​មាន​ទោស អ្នក​ទាំង​៩រូប​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​រយៈពេល​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ។ ការ​សម្រេច​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​សមាជិក​ទាំង​៩​នាក់​នៃ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការប្រកាស​ឲ្យ​អ្នក​គាំទ្រ​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ប្រមូល​ផ្តុំ​គ្នា​មក​ទទួល​លោក នៅ​ពេល​ដែល​លោក​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​កម្ពុជា​បាន​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​បក្សពួក នៅ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​មក​ដល់​ទឹក​ដី​កម្ពុជា។

លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ក៏​បាន​បញ្ជាក់​ថា​គោល​ជំហរ​នៃ​យុទ្ធនាការ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​សមាជិក​គណបក្ស​ផ្សេងៗ​ទៀត មិនមែន​ជា​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ទេ តែ​ជា​ជំហាន​មួយ​នៃ​ការ​ដោះស្រាយ​ភាព​ជាប់គាំង​ខាង​នយោបាយ​រវាង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ចោល​ដោយ​គ្មាន​យុត្តិធម៌។

លោក អ៊ុង​ រិទ្ធី​ បាន​ថ្លែង​ថា៖ «យើង​ទៅ​ក្នុង​នាម​ចូល​ដោយ​គោលការណ៍​អហិង្សា ហើយ​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​មក​ទទួល​គណៈប្រតិភូ​លោក​ប្រធាន​ស្តី​ទី សម រង្ស៊ី ដើម្បី​អបអរ​សាទរ​ទទួល​នូវ​អ្នក​ដែល​គេ​គោរព។ ហើយ​បើសិន​ជា​តុលាការ​លោក​ ហ៊ុន សែន មិន​ដែល​ធ្វើ​ការ​ទទួល​ស្គាល់​លោក សម រង្ស៊ី ហើយ ហើយ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ម៉េច​ក៏​ព្រួយ​បារម្ភ​ម៉េះ?‍»

សេចក្តី​ប្រកាស​ព័ត៌មានរបស់​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដដែល​នោះ បាន​បញ្ជាក់​ថា «ការ​គាំទ្រ ឬ​ការ​ចូលរួម» ​ផែន​ការ​ទទួល​លោក សម រង្ស៊ី ដែល​តុលាការ​ចាត់​ទុក​ថា​ជា​ផែន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ «នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស​តាម​ច្បាប់​ពី «បទ​រួម​គំនិត​ក្បត់​ជាតិ‍» ដែល​អាចមាន​ទោស​ពី​៥ឆ្នាំ ទៅ​២០ឆ្នាំ‍»។

លោក អ៊ុង រិទ្ធី បាន​បន្ថែម​ថា ការ​ចោទ​របស់​តុលាការ​លើ​សមាជិក​បក្ស​ទាំង​៩នាក់​នេះ គឺជា​«ការ​លាប​ពណ៌ និង​ការ​គំរាម​កំហែង‍» ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ចេញ​មក​ទទួល​លោក សម រង្ស៊ី និង​សមាជិក​ថ្នាក់​ដឹកនាំ​បក្ស​ផ្សេងៗ​ទៀត នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក​ក៏​សង្កត់​ធ្ងន់​ថា ដំណោះស្រាយ​នយោបាយ​តានតឹង​នេះ គឺ​ផ្អែក​លើ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោកថា៖ «ក្នុង​នាម​ជា​អ្នក​ដឹកនាំ​មួយ​រូប តើ​មាន​អ្វី​គួរ​ឲ្យ​ខ្លាច? បើក​ចិត្ត​ឲ្យ​ទូលាយ​ទៅ! ពួក​គាត់​ប្រកាស​ថា ប្រទេស​ខ្មែរ​មាន​ប្រជាធិបតេយ្យ​ពិតៗ។ បើ​សិន​ប្រជាធិបតេយ្យ​ពិតៗ បើក​ចំហ​ទៅ។ ដោះលែង​លោក​ប្រធាន​ កឹម សុខា ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា អនុញ្ញាត​ឲ្យ​លោក​ប្រធាន សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​ស្រុក​វិញ ចាប់​ដៃ​គ្នា​ជាមួយ​លោក​ប្រធាន កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរ​ជីវិត​ឡើង​វិញ ធ្វើ​នយោបាយ​ទប់​ទល់​នឹង​លោក ហ៊ុន សែន ទៅ‍»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ គេ​ឃើញ​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា​យ៉ាង​ដិតដល់ ជាពិសេស​អង្គការ​សហប្រជាជាតិ​ ដែល​បាន​បន្ត​ទទូច​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង រួម​ទាំង​លោក កឹម សុខា និង​លុប​បំបាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ជា​ដើម។ ក៏​ប៉ុន្តែ ការ​អំពាវនាវ​នេះ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG