ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បង្សុកូល​ជូន​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកឆ្នាំ​១៩៩៧​បង្ហាញ​ពី​និទណ្ឌភាព


គណបក្សសង្គ្រោះ​ជាតិ​ប្រារព្ធ​​ពិធី​បង្សុកូល​ការគប់​គ្រាប់បែក​ឆ្នាំ១៩៩៧ ដើម្បី​បង្ហាញ​ពី​និទណ្ឌភាព។​
គណបក្សសង្គ្រោះ​ជាតិ​ប្រារព្ធ​​ពិធី​បង្សុកូល​ការគប់​គ្រាប់បែក​ឆ្នាំ១៩៩៧ ដើម្បី​បង្ហាញ​ពី​និទណ្ឌភាព។​
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​វាយ​ប្រហារ​ជាថ្មី​ម្តង​ទៀតលើ​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​ថ្លែង​ក្នុង​ពិធី​បង្សុកូល​សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០​មិនា​ឆ្នាំ​១៩៩៧​ ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ​ដោយ​លើក​ករណី​ឃាតកម្ម​សំខាន់ៗ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ។​

មេដឹក​នាំ​គណបក្ស​ជំទាស់​លើក​ឡើង​ថា ​ឃាតករ​មិន​ត្រូវ​បាន​វែក​មុខ​ទេ​ រាប់​ទាំង​ឃាតករ​ដែល​បាន​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​ កាលពី​១៦​ឆ្នាំ​មុន​ផង​ដែរ។​

«១៦​ឆ្នាំ​នៅ​តែ​រក​មុខ​ឃាតករ​មិន​ឃើញ​អញ្ចឹង​ ហើយ​បន្ទាប់​មក​ការ​សម្លាប់​ជា​ វិជ្ជា​ ​សម្លាប់​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​ទៀត។ (សម្លាប់)​អង្គការ​ឃ្លាំ​មើល​ព្រៃ​ឈើ​ លោក​ឈុត ​វុទ្ធី។ ​អ្នក​កាសែត ​អង្គការ​សិទ្ធិ​មនុស្ស​ ប្រជាពលរដ្ឋ​គ្រាន់​តែ​គាំទ្រ​គណបក្ស​ប្រជាធិប​តេយ្យ​ គណបក្សស្នេហា​ជាតិ​ ត្រូវ​គេ​សម្លាប់​ច្រើន​ណាស់។​តែ​រក​មុខ​មិន​ដែល​ឃើញ​ទេ។ ​ដូច្នេះ​យើង​ត្រូវ​តែ​បញ្ចប់។​ ល្មម​បញ្ចប់​ហើយ»។

មាន​ជន​រង​គ្រោះ​ស្លាប់​ចំនួន​១៦​នាក់​និង​រង​របួស​ជាង​១០០​នាក់​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើហ្វូង​បាតុករ​រោង​ចក្រ​កាត់​ដេរ​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​ ​និង​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​កាល​ពី​ឆ្នាំ​១៩៩៧។​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។​

កាល​ពី​សប្តាហ៍​មុន ​តុលាការ​កំពូលទើប​តែ​បាន​ដោះ​លែង​លោក​ប៊ន ​សំណាង​និង​សុខ​ សំអឿន​ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា ​បាន​សម្លាប់​ប្រធាន​សហជីព​សេរីកម្មករ​គឺ​លោក​ជា​ វិជ្ជា។ ​ការ​ដោះ​លែង​នេះ​ធ្វើឡើង​ក្រោយ​ពី​ពួក​គេ​បាន​ជាប់​គុក​ជាង​ប្រាំ​ឆ្នាំ​ ហើយ​តុលាការ​ទើប​នឹង​ប្រកាស​ថា​ ពួក​គេ​គ្មាន​ទោស។​រីឯ​ឃាតករ​ពិត​ដែល​សម្លាប់​លោក​ជា ​វិជ្ជា​កំពុង​ស្ថិត​ក្នុង​អាថ៌​កំបាំង។​

​ដោយឡែក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​រហូត​ដល់់​ខែ​កក្កដា​ឆ្នាំ​២០១២​ អ្នក​កាសែត​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ចំនួន​ជាង​១០​នាក់​ ប៉ុន្តែ​មិន​មាន​ឃាតករ​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោស​នោះ​ទេ។​

បន្ថែម​ពី​នោះ​ទៀត ​លោក​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២​ ​ហើយ​តុលាការ​ផ្តន្ទា​ទោស​បុរស​ម្នាក់​ក្រោម​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល​ថា​ បុរស​នោះ​មិន​មែន​ជា​ខ្មាន់​កាំភ្លើង​បាញ់​លោក​ឈុត ​វុទ្ធី​ពិត​ប្រាកដ​នោះ​ទេ។​

លោក​សម​ រង្ស៊ី​និយាយ​សំដៅ​រក​ករណី​វាយ​ប្រហារ​លើ​ក្រុម​បាតុករ​នៅ​ខែ​មិនា ​ឆ្នាំ​១៩៩៧។​

«ត្រូវ​តែ​ប្តេជ្ញា​រក​មុខ​ឃាតករ​ឲ្យ​ទាល់​តែ​បាន​ ​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ឲ្យ​ទាល់​តែ​បាន​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ​កុំ​នឹក​ស្មាន​ថា​ ពេល​វេលា​កន្លង​ទៅ ​យើង​ភ្លេច​ ​មិន​ភ្លេច​ទេ»។​

លោក​កឹម​ សុខា ​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើក​ពី​ករណី​បោក​គ្រប់​បែក​នោះ​ដែរ។​

«យើង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ស្វែង​រក​យុត្តិធម៌​ជូន​ទាំង​វិញ្ញាណ​ក្ខន្ធ​វីរបាតុករ​ខ្មែរ​ ជូន​ទាំង​ម្ចាស់​ឆ្នោត​ត​ទៅ​ទៀត»។​

វីអូអេ​បានព្យាយាមទាក់ទង​សុំ​ការបក​ស្រាយពីលោក​ឧត្តម​សេនីយ៍​ឯក​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ទែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

វីអូអេ​ក៏​បានព្យាយាមទាក់ទង​សុំ​ការបក​ស្រាយពីលោក​ផៃ​ ស៊ីផាន​ រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​លោក​ទិត្យ​ សុធា​ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ដែរ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ។​

ទោះជាយ៉ាងណា​ លោក​ជាម យៀប ​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង ​និង​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា ​ឧ​ក្រិដ្ឋ​ជន​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ស្វែង​រក​របស់​សមត្ថកិច្ច​នៅ​ឡើយ។​

«តាម​ធម្មតា​យើង​ដឹង​ហើយ​ ពួក​ពិរុទ្ធ​ជន​ឬជន​ល្មើស​តែង​តែ​គេច​ ​មិនឲ្យ​ជួប​សមត្ថកិច្ច​របស់​យើង​ទេ​ គឺ​រឿង​ទាំង​អស់​ហ្នឹង​រាជរដ្ឋា​ភិបាល​ដែលជា​អ្នក​គ្រប់​គ្រង​ប្រទេស​ជាតិ​ហ្នឹង​គឺ​ខិត​ខំ​ទៅ​តាម​អ្វី​ដែល​ជា​ជំនាញ។​ ខ្ញុំ​គ្រាន់​តែ​សុំ​ជម្រាបថា ​បើ​យើង​ពិនិត្យ​មើល​ក្រសួង​មហាផ្ទៃ​គឺ​ថា ​អ្វីៗ​ទាំងអស់​ហ្នឹង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​រក​ឧក្រិដ្ឋ​ជន»។​

សូម​បញ្ជាក់​ថា ​ការរិះ​គន់​របស់​គណបក្ស​សង្គ្រោះ​ជាតិអំពី​និទណ្ឌភាព​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណ​បក្ស​នេះ​បាន​ជូន​ដំណឹង​ពី​ការ​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃទី​៦​ ខែ​តុលា​ចុង​សប្តាហ៍​នេះ​និង​ដឹក​នាំ​មហា​បាតុកម្ម​លើក​ទី​៣​នៅ​ថ្ងៃទី​២៣​ខែ​ដដែល​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG