ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការវាយ​ប្រហារ​ទៅ​លើ​សកម្មជន​កម្ពុជា កត់សម្គាល់​អំពី​ការចូល​ជ្រៀតជ្រែក​ក្នុង​តុលាការ

  • Daniel Schearf
  • VOA

ក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១២ និង​ចេញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) លោក ឈុត វុទ្ធី ឈរ​នៅ​ក្បែរ​គំនរ​ឈើ នៅ​ក្នុង​ព្រៃ​មួយ​ក្នុង​ខេត្ត​កំពង់ធំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។

ក្រុម​អ្នករិះគន់​និយាយ​ថា ការទុកចោល​មិន​ចាត់ការ​រឿង​ក្តី​នេះ ជា​បរាជ័យ​ថ្មី​ចុងក្រោយ​របស់​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា។

បាងកក៖ តុលាការ​មួយ​នៅ​ប្រទេស​កម្ពុជា បាន​ទុក​ចោល​មិន​ចាត់ការ​រឿង​ក្តី​ដែល​សកម្មជន​បរិដ្ឋាន និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស ត្រូវ​បាន​គេ​សម្លាប់។ ក្រុម​អ្នករិះគន់​និយាយ​ថា ការទុកចោល​មិន​ចាត់ការ​រឿង​ក្តី​នេះ ជា​បរាជ័យ​ថ្មី​ចុងក្រោយ​របស់​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា។ លោក​ ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​ស្លាប់ នៅ​ក្នុង​ស្ថានការណ៍​គួរ​ឲ្យ​សង្ស័យ ដែល​ស្ថិត​ក្នុង​ចំណោម​ការវាយ​ប្រហារ​មួយ​ចំនួន​ទៅ​លើ​សកម្មជន អ្នក​យក​ព័ត៌មាន និង​បាតុករ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ព្រឹត្តិការណ៍​នេះ បង្ហាញ​អំពី​និទណ្ឌភាព​សម្រាប់​ជន​មាន​អំណាច​ និង​ការចូល​ពាក់ព័ន្ធ​ក្នុង​តុលាការ។

សកម្មជន​ ឈុត វុទ្ធី​ កំពុង​ស៊ើបអង្កេត​ការកាប់​ព្រៃឈើ​ខុស​ច្បាប់ នៅ​ពេល​ដែល​លោក​ត្រូវ​គេ​បញ្ឈប់​នៅ​ប៉ុស្ត៍​ត្រួត​ពិនិត្យ​មួយ លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ រួម​ជាមួយ​នឹង​មន្រ្តី​ប៉េអឹម​ម្នាក់។

ប៉ូលិស បាន​ដាក់​កំហុស​មន្រ្តី​ប៉េអឹម​ដែល​បាន​ស្លាប់​នោះ ចំពោះ​ការសម្លាប់​កាលពីខែមេសា​នៅ​ខេត្តកោះកុង ដែល​ស្ថិត​នៅ​ភាគនិរតី​នៃ​ប្រទេស​កម្ពុជា។

ពី​ដំបូង មន្រ្តី​ប៉ូលិស​ទាំងនេះ​អះអាង​ថា មន្រ្តី​ប៉េអឹម​នោះ បាន​ធ្វើ​អត្តឃាត ក៏ប៉ុន្តែ ក្រោយមក​បាន​ផ្លាស់ប្តូរ​ការអះអាង​របស់​ពួកគេ ហើយ​និយាយ​ថា មន្រ្តី​ប៉េអឹម​នោះ ត្រូវ​សន្តិសុខ​ម្នាក់ បាញ់​ចំនួន​ពីរគ្រាប់​ដោយ​អចេតនា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ខេត្តកោះកុង បាន​បើក​អង្គ​ជំនុំ​ជម្រះ​អំពី​ការសម្លាប់​ជន​ពីរ​រូប​នេះ​ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ បាន​បញ្ឈប់​ទៅ​វិញ ដោយ​និយាយ​ថា ជន​ដែល​គេ​សង្ស័យ​ថា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នោះ បាន​ស្លាប់​ទៅ​ហើយ។

លោក អ៊ូ វីរៈ​ ជា​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​បាន​ថ្លែង​ថា បរាជ័យ​របស់​តុលាការ​ក្នុង​ការស្វែងរក​យុត្តិធម៌​សម្រាប់​រឿង​ក្តី​នេះ បង្ហាញ​អំពី​ការចូល​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។

«មន្រ្តី​ជាច្រើន​រូប ដែល​បាន​ទទួល​ផលប្រយោជន៍​ពី​ការធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់ ពី​ការកាប់ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការធ្វើ​ពាណិជ្ជកម្ម​ឈើ​ហ៊ុប​ខុស​ច្បាប់ មិន​សប្បាយ​ចិត្ត​នឹង​លោក វុទ្ធី​ទេ។ ហើយ​ដោយសារ​តែ​បញ្ហា​នោះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល និង​អ្នក​ដែល​មាន​អំណាច គ្មាន​សន្ទុះចិត្ត​ក្នុង​ការស៊ើបអង្កេត​រឿង​ក្តី​នេះ​ទេ»។

លោក ឈុត វុទ្ធី បាន​រិះគន់​បញ្ហា​ពុករលួយ​ដោយ​គ្មាន​សំចៃមាត់​នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ករណី​ដទៃទៀត​កាលពី​ពេល​ថ្មីៗ​នេះ បាន​កត់សម្គាល់​អំពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​របស់​អ្នក​មាន​អំណាច និង​អ្នកនយោបាយ ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​នេះ។

កាលពី​ថ្ងៃច័ន្ទ តុលាការ​មួយ បាន​កាត់ទោស​នាយក​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​បង្កើត​អបគមន៍ បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ច្បាស់លាស់​ក៏ដោយ។

ក្រុម​សកម្មជន​ថ្លែង​ថា លោក​ ម៉ម សុណង់ដូ ដែល​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក ចាក់​ផ្សាយ​កម្មវិធី​ផ្សាយ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​កំណត់​ជា​មុខ​សញ្ញា​ ក្នុងការ​ដែល​លោក​ហ៊ាន​ប្រឈមមុខ​នឹង​អាជ្ញាធរ។

តុលាការ បាន​ចាប់ផ្តើម​ដំណើរការ​រឿង​ក្តី​ប្រឆាំង​នឹង​បុរស​វ័យ ៧០​ឆ្នាំ​រូប​នេះ នៅ​ក្រោយពេល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​លោក។

អ្នកស្រី​ ជេននីស ប៊ីនលេនដ៍ (Janice Beanland) ជា​អ្នកធ្វើ​យុទ្ធនាការ​ នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International។ អ្នកស្រី​ថ្លែង​ថា សាលក្រម​នោះ បាន​ធ្វើឲ្យ​មាន​ការសង្ស័យ ថាតើ​នៅ​ប្រទេស​កម្ពុជា អាច​មាន​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​បាន​ដែរ​ ឬ​ទេ?

«ខ្ញុំ​គិត​ថា ឆ្នាំ​នេះ បាន​កត់សម្គាល់​អំពី​ការធ្លាក់​ដុនដាប​នៃ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ជាពិសេស​ សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស និង​អ្នកតវ៉ា​ដោយ​សន្តិវិធី។ ពួកគេ​ទាំងនោះ ប្រឈមនឹង​ការរុកគួន​ វិធានការ​ច្បាប់​តាម​រយៈ​តុលាការ​ដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល និង​អំពើ​ហិង្សា​មួយ​ចំនួន ដោយ​រួមទាំង​ការសម្លាប់​ផង​ដែរ»។

កាលពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ សាកសព​អ្នកយក​ព័ត៌មាន​ស៊ើបអង្កេត​អំពី​ការកាប់​ព្រៃឈើ​ខុស​ច្បាប់​ដែល​មាន​ការពាក់ព័ន្ធ​នឹង​យោធា​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ឃ្លុប​រថយន្ត​មួយ​គ្រឿង។

នៅ​ក្នុង​ឆ្នាំ​នេះ យ៉ាង​តិច​ណាស់​មាន​៣​ករណី​ទៀត ដែល​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​កងសន្តិសុខ​ដែល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ដែល​គ្មាន​អាវុធ និង​អ្នក​តវ៉ា​រឿង​ដី​ធ្លី។
នៅ​ខែឧសភា​ឆ្នាំ​នេះ កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​ស្លាប់ នៅ​ក្នុង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ប្រកប​ដោយ​ហិង្សា​មួយ។

លោក អ៊ូ វីរៈ ថ្លែ​ងថា ការ​មិន​អត់ឱន​ចំពោះ​ការរិះគន់ ហាក់​ដូច​ជា​កើន​ឡើង នៅ​មុន​ការបោះឆ្នោត​សាកល​ឆ្នាំ​២០១៣ ជាពិសេស​ការរិះគន់​លើ​បញ្ហា​រឹប​អូស​ដី​ធ្លី។

«គណបក្ស​គ្រប់គ្រង​អំណាច មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ការបោះឆ្នោត​ឃុំ-សង្កាត់​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ឆ្នាំ២០១២​នេះ​ទេ ទោះបី​ជា​ពួកគេ​បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ក៏ដោយ ក៏​ពួកគេ​ចង់​បាន​ច្រើន​ជាង​នេះ​ទៀត។ ដូច្នេះ ពួកគេ​ចាប់ផ្តើម​បំបិទ​មាត់​អ្នករិះគន់ ពួកគេ​ចាប់ផ្តើម​បញ្ឈប់​សារព័ត៌មាន​ខ្លះ​ដែល​រាយការណ៍​យ៉ាងទូលំ​ទូលាយ អំពី​ជម្លោះ​ដែល​បាន​កើត​ឡើង​ដោយសារ​ដី​ធ្លី ដី​សម្បទាន​សេដ្ឋកិច្ច និង​ការដណ្តើម​យក​ដី។ ហើយ​ខ្ញុំ​គិត​ថា ការបង្ក្រាប​នេះ នឹង​មាន​ជា​បន្ត រហូត​ដល់​ថ្ងៃ​បោះឆ្នោត»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឈ្នះ​ដាច់​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ​ ដោយ​បាន​ទទួល​សំឡេង​ឆ្នោត​៧០​ភាគ​រយ។

ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​តំបន់ ដែល​មាន​ជម្លោះ​ដី​ធ្លី និង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ដី​ធ្លី​ដែល​ជួល​ឲ្យ​ក្រុមហ៊ុន​បរទេស។

ភាពរស៊ើប​នៃ​បញ្ហា​នេះ បាន​នាំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្ន​ និង​ធ្វើការ​ពិនិត្យ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ។

លោក​សូរីយ៉ា ស៊ូប៊េឌី (Surya Subedi) ជា​អ្នក​រាយការណ៍​ពិសេស​អំពី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ លោក​និយាយ​ថា គ្រាដែល​មាន​ការផ្អាក​សកម្មភាព​ពុករលួយ​ដែល​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​គោលដៅ​ដ៏​ត្រឹមត្រូវ​នោះ សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​តែ​មាន​សភាព​យ៉ាប់យ៉ឺន។

«ហើយ​នៅ​ក្នុង​ពេល​ឈាន​ទៅ​ដល់​ការបោះឆ្នោត​នេះ ខ្ញុំ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ធូរ​បន្ថយ​ស្ថានការណ៍ ហើយ​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា គួរតែ​មាន​បរិយាកាស​នយោបាយ​សេរី និង​បើក​ចំហរ ដើម្បី​ឲ្យ​មាន​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌។ ហើយ​ហេតុការណ៍ និង​ការតវ៉ា​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​ខ្ញុំ​បាន​ឃើញ គឺ​មិន​ដើរ​ទៅ​តាម​ផ្លូវ​ត្រូវ​ទេ»។

នៅ​ក្នុង​របាយការណ៍​មួយ​ក្នុង​ខែកក្កដា​ទៅ​អង្គការ​សហ​ប្រជាជាតិ លោក ស៊ូប៊េឌី បាន​និយាយ​ថា ក្នុង​ពេល​ឥឡូវ​នេះ អ្នកការពារ​សិទ្ធិ​មនុស្ស​មាន​ការភ័យខ្លាច​អំពី​ការបាត់បង់​ជីវិត​របស់​ពួកគេ ហើយ​ការកើនឡើង​នូវ​ការមិន​អត់ឱន​ពី​សំណាក់​អាជ្ញាធរ ទំនង​ជា​នឹង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​សម្រាប់​គណបក្ស​ប្រឆាំង៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG