ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​បាញ់​សម្លាប់​ ទំនង​ជា​រឿង​នយោបាយ


ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា
ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា
ភ្នំពេញ៖ រយៈ​ពេល​មិន​ដល់​មួយ​ថ្ងៃ​ផង ក្រោយ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​ដែល​ហៅ​កាត់​ថា​ គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​បង្ហាញ​ឲ្យឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​នោះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ភ្លាមៗ។ នេះ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណបក្ស។

ហេតុការណ៍បាញ់​សម្លាប់​នេះ​បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ នៅ​ភូមិ​ស្បែក​ព្រាល​ហៅ​ច័ន្ទបូរី​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។​
លោក​សុខ អ៊ុំស៊ា​ សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ស្ពឺ​មាន​ប្រសាសន៍​ថា​ ជន​រងគ្រោះ​ឈ្មោះ​សាន់​ សឿន​ អាយុ​៦៧​ឆ្នាំ​ជា​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ភូមិ​ស្បែក​ព្រាល​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ចំ​ក្បាល​ ដោយ​កាំភ្លើង​ខ្លី​ម៉ាក ​K-54 ​បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

លោក​បាន​ហៅ​ឃាតកម្ម​នេះ​ថា បាន​រៀបចំ​ទុក​ជាមុន​និង​មាន​ចរិក​ជា​ការសម្លាប់​ផ្នែក​នយោបាយ​ដោយ​សារ​ជន​រងគ្រោះ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យគណបក្សប្រឆាំង​កន្លង​មក។​

លោក​និយាយ​ថា៖​«គ្មាន​រឿ​អ្វី​ពាក់​ព័ន្ធ​ក្រៅ​ពី​រឿង​នយោបាយ​ទេ ​ហើយ​ក្រៅ​ពី​នេះ​គាត់​ក៏​មាន​ប្រជា​ប្រីយ៍​ភាព​ជាមួយ​ហ្នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ដែរ»។​
អ្នក​ស្រី​ពេជ្រ អាន​ អាយុ​៥៧​ឆ្នាំ​ ភរិយា​របស់​ជន​រងគ្រោះ​បាន​បញ្ជាក់​ថា ​មុន​ពេល​កើត​ហេតុ​មាន​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ​SL​ មួយ​គ្រឿង​ ​មក​ទិញ​ស្រាបៀរ​ពី​អ្នក​ស្រី​ ចំនួន​មួយ​កេស ​ហើយ​ក្រោយ​មក​បាន​បបួល​ជន​រងគ្រោះ​ឲ្យទទួល​ទាន​ជាមួយ​គ្នា​ តែ​ជន​រងគ្រោះ​មិន​ព្រម។

អ្នក​ស្រី​បាន​បន្ត​ថា ​ជន​សង្ស័យ​បាន​បាញ់ស្វាម៉ីអ្នក​ស្រី​ពី​ក្រោយ​ខ្នងនៅ​ពេល​ដែល​លោក​បាន​ងើប​ចេញ ដើរ​ទៅយក​លុយ​អាប់​ជូន​ជន​សង្ស័យ។​

អ្នក​ស្រី​បាន​និយាយ​ថា​ ស្វាម៉ីអ្នក​ស្រី​ជា​អាចារ្យ​នៅ​ក្នុង​ភូមិ​ មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​ទេ ​ហើយ​ជន​សង្ស័យ​ក៏​មិន​មែន​ជា​អ្នក​នៅ​ក្នុង​ភូមិ​នេះ​ដែរ។​
អ្នក​ស្រី​បាន​និយាយ​ថា៖​ «គ្រាន់​តែ​ខ្ញុំ​ចូល​យក​ត្រី​ឆ្អើរ​ ហើយ​ខ្ញុំ​ទៅ​យក​លុយ​អាប់​តាម​ក្រោយ ​ខ្ញុំ​ក៏​ឮ​គេ​បាញ់​ពី​ក្រោយ​តែម្តង»។​

លោក​អ៊ុង សាមិត​ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​បាន​សង្ស័យ​ថា​ ជនដៃ​ដល់​ទំនង​ជា​ឃាតករ​ជំនាញ​សម្លាប់​មនុស្ស​ ដែល​បាន​ជួល​ដោយ​ក្រុម​ជន​ណា​មួយ ​ព្រោះ​គេ​បាន​ប្រើ​ប្រាស់​គ្រាប់​ដែលបែក​ខ្ទិច​ខ្ទី​ ​ពេលគ្រាប់រត់​ចូល​ដល់​ក្បាល​ជន​រងគ្រោះ។​
លោក​បញ្ជាក់​ថា​ អង្គការ​លីកាដូ​នឹង​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ថា​ឃាតកម្ម​នេះ​ជា​រឿង​គំនុំ ឬ​មក​ពី​ហេតុ​ផល​នយោបាយ។

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គ្រាន់​តែ​ថា ​ករណី​នេះ​ជា​ករណី​ឃាដកម្ម​គ្រោង​ទុក​ជា​មុន។​ ខ្ញុំ​មិន​អាច​ស្មាន​ត្រូវ​ទេ ​ពី​ព្រោះ​ប្រពន្ធ​របស់​គាត់​អត់​ដឹង​រឿង​អ្វី​ទាំង​អស់​។ [គាត់​មិនដឹង]​ថា ​រឿង​នយោបាយ ​ឬ​ក៏អត់ ​[តែ​គាត់]​ ថា​ [ប្តី​របស់]​គាត់​ជា​អ្នក​សកម្មជន​សង្គ្រោះ​ជាតិ»។

លោក​សួន ចាន់ ​អធិការ​រង​ស្រុក​ភ្នំ​ស្រួច​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ មិន​ទាន់​ហ៊ាន​សន្និដ្ឋានថា ​ករណី​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​គំនុំ​ ឬ​នយោបាយ​ទេ ​ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត៕​
XS
SM
MD
LG