រដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធជាតិដោយកាត់បន្ថយចំនួនឧត្តមសេនីយ៍ ដែលមានជាច្រើនពាន់នាក់ ប៉ុន្តែមេដឹកនាំអតីតបក្សប្រឆាំងបានចំអកថា ការណ៍នេះ ដោយសារតែដើម្បីបង្ការកុំឱ្យមានរដ្ឋប្រហារយោធាក្នុងពេលខាងមុខ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសរសេរសារតាមទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែភ័យខ្លាចរដ្ឋប្រហារយោធា ទើបបានជាមានការធ្វើកំណែទម្រង់ដូចនេះ។
សាររបស់លោកសម រង្ស៊ីបានបន្ថែមថា៖
«ហ៊ុន សែន ទើបតែបានទម្លាក់សក្តិមេទ័ពមួយចំនួនធំ ដែលគាត់មិនសូវទុកចិត្ត ពីព្រោះគាត់កាន់តែភ័យខ្លាច ពីរដ្ឋប្រហារយោធា ដែលអាចនឹងផ្ទុះឡើង ក្នុងពេលដ៏ខ្លីខាងមុខ។ ជនផ្តាច់ការ ហ៊ុន សែន នេះ ដឹងថានយោបាយក្បត់ជាតិ បំផ្លាញជាតិ និងគ្រួសារនិយមរបស់គាត់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ កាន់តែក្តៅក្រហាយ ចំពោះគាត់និងគ្រួសារគាត់ ហើយកម្លាំងស្នេហាជាតិទាំងនោះមានគម្រោងទម្លាក់គាត់ពីតំណែង ដើម្បីស្រោចស្រង់ប្រទេសជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខ្លួនលោកផ្ទាល់ គឺជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខរបស់កម្ពុជា បានបញ្ជាក់ថា នៅពេលអនាគត គឺឲ្យមានផ្កាយបួនតែពីរនាក់ទេ គឺរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព ហើយក្រៅពីនោះ គឺពាក់ផ្កាយបីទាំងអស់ និងមេបញ្ជាការភូមិភាគឱ្យពាក់តែផ្កាយ២ទេ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថាកំណែទម្រង់នេះមិនមែនក្នុងន័យនយោបាយឬរៀបចំបន្តតំណែងឱ្យអ្នកណាទេគឺធ្វើឡើងដើម្បីប្រសិទ្ធភាពការងារនិងអភិបាលកិច្ចល្អប៉ុណ្ណោះ៖
លោកផៃ ស៊ីផានបន្ថែមថា៖
«នេះជាកំណែទម្រង់បន្ថែមទៀតដើម្បីប្រសិទ្ធភាពការងារនៅជួរកងកម្លាំងប្រដាប់អាវុធ។ ហើយទីពីរប្រសិទ្ធភាពការងារនៃខ្សែបញ្ជាដើម្បីកុំឱ្យគរជាន់សមត្ថកិច្ចលើគ្នា។ នៅពេលនេះរដ្ឋាភិបាលកែទម្រង់មិនមែន កែទម្រង់ក្នុងន័យនយោបាយទេ គឺកែទម្រង់ដែលខ្ញុំបានដឹងគឺសម្តេចលោកបាននិយាយហើយគឺកំណែទម្រង់គ្រប់វិស័យទាំងអស់»។
គិតត្រឹមដើមឆ្នាំ២០១៨ ប្រទេសកម្ពុជាមានឧត្តមសេនីយ៍យោធាជាង៣០០០នាក់សម្រាប់កម្លាំងប្រដាប់អាវុធដែលមានជាង១២៥.០០០នាក់ហើយមានកម្លាំងយោធាជាប់លេខ១០៧ ក្នុងចំណោម១៣៧ប្រទេស។ នេះបើតាមគេហទំព័រGlobal Fire Power។
លោកសម រង្ស៊ី ដែលពេលនេះកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានបន្តអំពាវនាវជាថ្មីឲ្យនាយទាហានទាំងអស់រួមទាំងលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើសកម្មភាពរួបរួមគ្នាជាធ្លុងមួយដើម្បីកម្ចាត់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឆ្នាំ ២០១៩ នេះ។
លោកបានសរសេរបន្ថែមថា៖
«គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរជាងពាក់កណ្តាលនគរ ត្រៀមខ្លួនគាំទ្រពេញទំហឹង ចលនាកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដែលកំពុងតែរៀបចំគម្រោងស្រោចស្រង់ជាតិបែបនេះ»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាចាត់ទុកថានេះគឺជាការអំពាវនាវមួយទៀតដែលនឹងមិនមានអ្នកស្តាប់តាមទេ។ លោកផៃ ស៊ីផានថាការអំពាវនាវរបស់លោកសម រង្ស៊ីមិនដែលទទួលបានប្រសិទ្ធភាពទេក្នុងពេលកន្លងមក។ លោកអះអាងថាពលរដ្ឋកម្ពុជានឿយណាយនឹងការបះបោរ។
លោកបន្ថែមថា៖
«ដូច្នេះការលើកឡើងរបស់គាត់នេះគ្រាន់តែជាការធ្វើឱ្យសាធារណជនចាប់អារម្មណ៍សម្តីរបស់គាត់ ក៏ប៉ុន្តែនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរនឿយណាយនឹងការងើបបះបោរ នឿយណាយនឹងអ្វីទាំងអស់។ ជាក់ស្តែងការចេញទៅបោះឆ្នោតជាសារដ៏សំខាន់ថាការបោះឆ្នោតដើម្បីសន្តិភាពនិងដើម្បីការអភិវឌ្ឍនេះឯង»។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា គោលការណ៍នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ពគឺមិនមែនពេលនេះទេហើយថានាយទាហានដែលឡើងខ្ពស់ហើយមិនអាចកាត់ទម្លាក់មកវិញបានទេ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មាននៃអគ្គនាយកដ្ឋានយោធសេវា របស់ក្រសួងការពារជាតិ។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ «ការដំឡើងឋានន្តរស័ក្តិចំពោះនាយ ទាហានដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះការធ្វើកំណែទម្រង់នេះគឺជាការលើកទឹកចិត្តចំពោះនាយទាហានដែលបានតស៊ូពីជំនាន់មុន ហើយកំណែទម្រង់របស់រាជរដ្ឋាភិបាលគឺមានជាជំហានៗនៅពេលក្រោយ»។