ក្រុមកងកម្លាំងយោធាកម្ពុជា ប្រកាសការពាររដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងប្រឆាំងទៅនឹងការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជាលោក ហ៊ុន សែន។
កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៩ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេសបានប្រកាសពីគម្រោងត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថានឹងអាចមានអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យនិងអ្នកគាំទ្រជាច្រើននាក់ត្រៀមទៅទទួលលោក។ ក្នុងសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកនោះ លោក សម រង្ស៊ី បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវការពារប្រជាពលរដ្ឋ កុំស្ដាប់តាមបញ្ជារបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី សរសេរថា៖
«រាល់បញ្ជាណាដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើបាតុកម្មដោយសន្តិវិធី គឺជាបញ្ជាខុសច្បាប់ និងអមនុស្សធម៌ ដែលកងកម្លាំងប្រដាប់អាវុធមិនត្រូវធ្វើតាមដាច់ខាត។ សូមកងកម្លាំងប្រដាប់អាវុធ កុំឈរខាងរបបផ្តាច់ការក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកឈរខាងប្រជារាស្ត្រ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយទាមទារឲ្យមានអ្នកដឹកនាំថ្មី ដែលជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប្រកបដោយទសពិធរាជធម៌»។
បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសពីគម្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំស្ដាប់តាមបញ្ជាលោក ហ៊ុន សែន គេឃើញក្រសួងការពារជាតិ កងទ័ពជើងទឹក ជើងគោក និងកងកម្លាំងយោធាជាច្រើនស្ថាប័នទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត រួមទាំងកងទ័ពមួកខៀវកម្ពុជាផង បានប្រកាសជាបន្តបន្ទាប់ ថាគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រុមមេដឹកនាំកងទ័ពតាមរយៈសេចក្ដីថ្លែងការណ៍ និងកិច្ចសម្ភាសន៍នានា ដែលត្រូវបានចុះផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដោយបានប្រកាសប្រឆាំង និងថ្កោលទោសការអំពាវនាវរបស់លោក សម រង្ស៊ី។
បើតាមសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ដោយអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថាក្រសួងការពារជាតិប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី។ សេចក្តីប្រកាសព័ត៌មាននោះបន្តថា កងយោធពលខេមរភូមិន្ទ គោរព និងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីវាយកម្ទេចជនក្បត់ជាតិដែលមានប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាពប្រជាជន។
សេចក្តីប្រកាសព័ត៌មាននោះនិយាយថា៖
«កងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់កុំជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី។ យើងចាត់ទុកថារាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្ក្រាបដាច់ខាត ដើម្បីថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ»។
ក្នុងពិធីប្រារព្ធខួប ២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣៤ឆ្នាំមកហើយនោះ បានថ្លែងទៅកាន់កងកម្លាំងយោធា ឲ្យការពាររដ្ឋាភិបាលការពារអធិបតេយ្យភាព បូរណភាព និងប្រឆាំងការជ្រៀតជ្រែកពីប្រទេស។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់បង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលរដ្ឋាភិបាលហៅថាជាសកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាល ដោយមិនចាំបាច់មានបញ្ជាផងដែរ។
តាមរយៈបណ្តាញសង្គមតេលេក្រាមនៅថ្ងៃចន្ទនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការផ្ទុះអាវុធក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុនថា ជនបាតដៃទីបីជាអ្នកបាញ់ជនរងគ្រោះដើម្បីដាក់កំហុសទៅលើសមត្ថកិច្ចថាជាអ្នកបាញ់។ លោកបានបន្ថែមក្នុងសារនោះថា ជនបាតដៃទីបីអាចនឹងធ្វើបែបនេះ ពេលលោក សម រង្ស៊ី វិលមកកម្ពុជាវិញដើម្បីឲ្យគេយល់ច្រឡំថាជាទង្វើរបស់រដ្ឋាភិបាល។
លោក សុខ ឥសាន សរសេរថា៖
«បើសិនទណ្ឌិត សម រង្ស៊ី ហ៊ានចូលមកក្នុងប្រទេសកម្ពុជាមែន អាចនឹងមានជនបាតដៃទី៣ លួចបន្លំបាញ់សម្លាប់ទណ្ឌិត សម រង្ស៊ី ចោល ដើម្បីដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ ការពិតទណ្ឌិត សម រង្សី គ្រាន់តែត្រូវចាប់ដាក់គុកតាមសាលក្រមតុលាការប៉ុណ្ណោះ»។
លោកបណ្ឌិត មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់VOA ថា ការប្រកាសរបសក្រុមកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឡើងតាមរយៈមេបញ្ជាការ ឬមេទ័ព ហាក់បង្ហាញពីការបារម្ភខ្លាំងជ្រុលអំពីវត្តមានរបស់លោក សម រង្ស៊ី ខណៈលោក សម រង្ស៊ី មានតែម្នាក់ឯង។ លោកបន្ថែមថា ការបង្ហាញពីប្រតិកម្មរបស់មេទ័ពធំៗទាំងនោះខ្លាំងពេក អាចនឹងធ្វើឲ្យប្រជាពលរដ្ឋមានការបារម្ភ និងអាចធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ។
លោកបញ្ជាក់ថា៖ «ពលរដ្ឋខ្មែរគាត់ស៊ាំនឹងសង្គ្រាម អញ្ចឹងកាលណាគាត់ឮសូរស្អីដែលជារឿងសង្គ្រាមហ្នឹង គាត់ថាវាចេះតែមានអារម្មណ៍មិនសុខស្រួលទេ។ ហើយរឿងដែលសំខាន់បំផុតនោះវាប៉ះពាល់ដល់អ្នករកស៊ី ប៉ះពាល់ដល់អ្នកវិនិយោគទុនអី ព្រោះការប្រកាសជម្លោះផ្ទៃក្នុង ការប្រកាសលទ្ធភាពប្រឈមគ្នា កម្លាំងប្រដាប់អាវុធអីហ្នឹង សុទ្ធតែធ្វើឲ្យអ្នករកស៊ីគេពិបាកណាស់។ អញ្ចឹងការដែលយើងបង្ហាញពីប្រតិកម្មហួសហេតុពេល ជួនកាលធ្វើឲ្យខាតហ្នឹងច្រើនជាងចំណេញ»។
នៅថ្ងៃចន្ទនេះ លោក សម រង្ស៊ី ក៏បានបង្ហោះសារមួយទៀតលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា លោកថ្កោលទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចាប់ប្រជារាស្រ្តខ្មែរធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមកំហែងសហភាពអឺរ៉ុប។ លោកបន្ថែមដោយបញ្ជាក់ទៅសហភាពអឺរ៉ុបថា ប្រជារាស្ត្រខ្មែរសុខចិត្តអត់ទ្រាំមួយរយៈពេលខ្លីពីការលំបាកខ្លះ ដែលអាចបណ្តាលមកពីការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA ដើម្បីបានស្គាល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកសរសេរបញ្ជាក់ថា៖
«ក្នុងនាមប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដែលគណបក្សសង្គ្រោះជាតិធ្វើជាតំណាង ខ្ញុំសូមបញ្ជាក់ទៅសហភាពអឺរ៉ុបថា ប្រតិកម្មរបស់សហភាពអឺរ៉ុបឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការនៅប្រទេសកម្ពុជា (គឺការព្យួរកម្មវិធីអនុគ្រោះពន្ធដារ EBA) គឺជាវិធានការត្រឹមត្រូវនិងសមស្របដែលយើងអាចទទួលយកបាន»។
ក្រោយការបោះឆ្នោតដែលមិនមានគណបក្សប្រឆាំងចូលរួមនិងកំពុងមានការដឹកនាំប្រទេសដោយឯកបក្ស រដ្ឋាភិបាលកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិជាពិសេសពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនថា កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារងនូវភាពខ្ទេចខ្ទី និងផ្ទុយពីច្បាប់អន្តរជាតិ រហូតមានការព្រមានដាក់ទណ្ឌកម្មផ្សេងៗ។
សហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មដល់ក្រុមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សតាមរយៈការមិនផ្តល់ទិដ្ឋាការចូលសហរដ្ឋអាមេរិក និងការបង្កកទ្រព្យសម្បត្តិជាដើម។
សហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលហៅកាត់ថា EBA ដែលផ្តល់ផលចំណេញដល់កម្ពុជាដោយការមិនបង់ពន្ធប្រមាណជា៧០០លានដុលា្លរក្នុងមួយឆ្នាំៗ។ ការព្រមាននេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ប្រធានគណបក្សនេះគឺលោក កឹម សុខា ដាក់ពន្ធនាគារ និងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូបរយៈពេល៥ឆ្នាំ ព្រមទាំងការបង្ក្រាបលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនផង។
យ៉ាងណាក្តី ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល សុទ្ធតែបានអះអាងថា រាល់ការបង្រ្កាប ទាំងទៅលើសំឡេងប្រឆាំង សង្គមស៊ីវិល និងបណ្តាញសារព័ត៌មាននានាគឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕