ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី៖​ លើក​ពេល​បោះឆ្នោត​ប្រសើរ​ជាង​បោះឆ្នោត​លួច​បន្លំ

  • សុខ ខេមរា

លោក សម រង្ស៊ី ​ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​របស់​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​។ (រូបថត៖ សុខ ខេមរា)
មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ទទូច​ឲ្យ​មាន​អន្តរាគមន៍​ពី​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ។​
នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អាមេរិកាំង​ និង​អ្នក​ចូលរួម​ជាច្រើន​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ លោកសម រង្ស៉ី​បាន​ព្រមាន​ថា ​ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិនធ្វើ​អន្តរាគមន៍​ទេ​ នោះ​សហគមន៍​អន្តរជាតិ​នឹង​បាត់បង់​កេរ្តិ៍​ឈ្មោះ​ក្នុងការ​ជួយដោះ​ស្រាយ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ដទៃ​ទៀត។​

នៅ​ក្នុង​កិច្ច​ព្យាយាម​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត​ រយៈ​ពេល​ជាង​២ខែ​មុន​ការ​បោះឆ្នោតនោះ​ មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម រង្ស៉ី​បង្កើន​ការ​ទទូច​របស់​លោក​ថា​ ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បន្ថែម​ សម្ពាធ​របស់​ខ្លួន​ក្នុង​ការ​ស្តារ​ដំណើរ​ការ​ប្រជាធិតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ នឹង​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​សេរី ​យុត្តិធម៌​ ត្រឹមត្រូវ​ ​មាន​ការ​ចូលរួម​ពីរូប​លោក​ក្នុងការ​បោះឆ្នោត​និង​ធ្វើ​តាម​ការ​ ទាមទារ​របស់​សហ​គមន៍​អន្តរ​ជាតិ។

ដោយ​ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​របស់​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ លោក​សម រង្ស៉ី​បានថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ប្រមាណ​១០០​នាក់​មកពី​រដ្ឋាភិបាល ​និង​អង្គការ​ធំៗ​របស់​ស.រ.អា.​បានអះអាង​ថា ​ជា​ការ​ទទួល​ខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​កំពុង​ដើរថយ​ក្រោយ​ផ្នែក​ប្រជាធិបតេយ្យ ​ជា​ពិសេស​នៅពេល​តិចតួច ​មិន​ដល់​៣ខែ​ផង​ការ​បោះឆ្នោត​នឹង​មក​ដល់។​

«តែ​ដំណើការ​ប្រជាធិបតេយ្យ​បាន​ធ្លាក់​ចេញពីផ្លូវ។​ វាជា​រឿង​ចាំបាច់​ក្នុង​ការ​ធ្វើឲ្យ ដំណើរ​ការ​នេះ​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​វិញ។​ វាមិន​មែន​ជា​សិទ្ធិ​ទេ ​តែជា​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ធ្វើឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ដើរ​តាម​ផ្លូវ​ត្រូវ​វិញ»។​

លោក​សម រង្ស៉ី​គឺ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ហើយ​ជា​បេក្ខជន​តែ​មួយ​ គត់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តែ​លោក​សម រង្ស៉ី​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​យក​ប្រព័ន្ធ​ តុលាការ​មក​ប្រើ​ដើម្បី​បំបាត់​សំឡេង​លោក​ និង​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ក្នុង​ ការ​បោះ​ឆ្នោត​ដោយសារ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩។​

លោក​ថ្លែង​ថា​ សហគមន៍​អន្តរជាតិ​មិន​អាច​នៅ​ស្ងៀមទេ​ តែ​ត្រូវ​អន្តរាគមន៍​ដ៏ ខ្លាំង​កា្ល​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ ឲ្យស្រប​ទៅ​នឹង​ការ​ធានា​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស។​

«ប្រសិន​បើពិភព​លោក​ទាំងមូល​នៅតែ​បិទភ្នែក​ ហើយ​គ្មាន​ប្រតិកម្ម​ ខ្ញុំគិត​ថា ​កេរ្តិ៍ ឈ្មោះ​របស់​ពិភព​លោក​និង​សហគមន៍​អន្តរជាតិ​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យក្នុងស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​សម្រាប់​ប្រទេស​ដទៃ​ទៀត»។​

សហគមន៍​អន្តរជាតិ ​រួម​ទាំង​ស.រ.អា.​ បានជំរុញ​ឲ្យ​កម្ពុជា​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​បានចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ បើ​ពុំ ដូច្នោះ​ទេ​ រដ្ឋាភិបាល​ថ្មី​នឹង​ជួប​ប្រទះ​នឹង​វិបត្តិ​គ្មាន​ការ​ទទួល​ស្គាល់​ពី​ភាព​ស្រប​ ច្បាប់​ដែល​អាច​នាំទៅ​ដល់​ការ​កាត់​ជំនួយ​ផ្សេងៗ។​

លោក​ចច ហ្គមែន​ (George Gorman)​ អ្នកវិភាគ​នយោបាយ​ក្នុង​តំបន់​អាស៊ី​នៃ​ អង្គ​ការ ​Cascade Asia ​បាន​ហៅ​ការ​ដាក់​សម្ពាធ ​ឬ​ការ​គម្រាម​របស់​សហគមន៍​ អន្តរ​ជាតិ​ជាច្រើន​ឆ្នាំ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​សេរី​ និង​យុត្តិ ធម៌​នោះ​ថា​ គ្មាន​បាន​ការ ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន​មាន​ទំនុក​ចិត្ត​ថែម​ ទៀត។​

«ដូច្នេះ​សហគមន៍​អន្តរជាតិ​ពុំ​បាន​ចាត់វិធាន​ការ​ជា​ជំហាន​ស្ថាបនាទេ​ ដើម្បី​ពង្រឹង​ការគម្រាម​របស់​ខ្លួន​ ដែល​ចង់ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ»។​

លោកស្រី ​Shihoko ​Goto​ អ្នក​សម្រប​សម្រួល​កម្ម​វិធី​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​ នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ បាន​អះអាង​ថា​ ការ​ អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​មក​បង្ហាញ​ទស្សនៈ​របស់​លោក​និង​ឲ្យ​មាន​ការ​ ពិភាក្សា​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ក្នុង ប្រទេស​កម្ពុជា​ជាមួយ​មន្ត្រីក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

«ប្រទេស​កម្ពុជា​សព្វថ្ងៃ​គឺជា​ប្រទេស​ដែលមិន​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដ៏ ស៊ី​ជម្រៅ​ទេ។ ​បើ​គេ​និយាយ​ពីសិទ្ធិ​បញ្ចេញ​មតិ​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​នៅ​ខ្វះខាតច្រើន។​ យើងចង់​ផ្តល់​វេទិកា​ដល់​លោក​សម​ រង្ស៉ី​ដើម្បី​ថ្លែង​ការណ៍​នៅ​ទីនេះ​និង​បញ្ចេញ​មតិ​យោបល់​របស់​គាត់​ ពីព្រោះ​ឱកាស​ទាំង​នេះ​គ្មាន​ទេ​នៅ​ប្រទេស​របស់​គាត់»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃ​២៨​ កក្កដា​ ឆ្នាំ​២០១៣​ខាងមុខ។​ គណ បក្ស​ជំទាស់​និង​សហគមន៍​អន្តរជាតិ​បាន​រិះគន់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះ​ឆ្នោត​មាន​ភាព​លំអៀង​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ។​ លោក​សម រង្ស៉ី​បាន​ជួប​ ជា​មួយ​ក្រុម​សមាជិក​សភា​ស.រ.អា.​ជាច្រើន​ រួមទាំង​លោក​ Ed Royce​ ប្រធាន​ គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​ជាដើម។​

លោក​សង្ឃឹម​ថា​ សភា​ស.រ.អា.​ទាំង​មូល​នឹង​បង្កើន​សម្ពាធ​របស់​ខ្លួន​លើរដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​មាន​ការកែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ និង​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​លោកទៅ​ចូលរួម​ក្នុង​បោះឆ្នោត​ជាតិ។​

«ប្រសិន​បើគ្មាន​អ្វីកើត​ឡើងតាម​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ​ និង​ស.រ.អា.​ទេ​ ស.រ.អា.​ត្រូវតែ​មាន​ប្រតិកម្ម។​ ​ប្រតិកម្ម​ដ៏ខ្លាំង​ក្លា​ពី​ស.រ.អា.​នឹង​ជួយ​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​ទទួល​យក​ការ​ទាមទារ​របស់​អន្តរជាតិ​ពេលនេះ ​គឺមិន​មែន​ ក្រោយ​ការ​បោះឆ្នោត​ទេ»។​

លោក​សម​ រង្ស៉ី​បានអះអាង​ថា​ លោក​អាច​ទទួល​យក​បាន​ចំពោះ​ការ​ពន្យារ​ពេល បោះឆ្នោត​ដើម្បី​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត ​និង​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ មិន​ មែន​ជា​ការ​បោះឆ្នោត​កេង​បន្លំ។​ លោក​ថ្លែង​ថា​ ការ​ធ្វើ​ដូច្នោះ​អាច​ជៀស​វាង​បញ្ហា​ អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​ ដូចដែល​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែក​សិទ្ធិ​ មនុស្ស​ប្រចាំ​កម្ពុជា​គឺលោក​សូរីយ៉ា ​ស៊ូប៊ែឌី​បាន​បង្ហាញ​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ មួយ​កាល​ពីឆ្នាំ​ទៅ។​

លោក​សម រង្ស៉ី​ក៏​បាន​ផ្តល់​ជម្រើស​ដល់​មន្ត្រី​រដ្ឋាភិបាលបច្ចុប្បន្ន​ផង​ដែរ។​ ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ ​គណបក្ស​នឹង​ធានា​ដល់​សុវត្ថិ​ភាព​ក្នុង​ការ​រស់​នៅ​ក្នុង​និង​ក្រៅប្រទេស ​ប្រសិន​បើពួក​គេ​លាលែង​ ឬដើរ​ចេញ​ពី​អំណាច៕
XS
SM
MD
LG