ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ខ្មែរ​បាតុកម្ម​ឲ្យ​រដ្ឋាភិបាល​​កាណាដា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត


លោកសង្ឃ​​កម្ពុជា (ស្តាំ) និមន្ត​បោះឆ្នោត​​នៅ​​ក្នុង​​ស្ថានីយ​បោះឆ្នោត​​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ឆ្នាំ២០១២។
លោកសង្ឃ​​កម្ពុជា (ស្តាំ) និមន្ត​បោះឆ្នោត​​នៅ​​ក្នុង​​ស្ថានីយ​បោះឆ្នោត​​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ឆ្នាំ២០១២។

គោល​បំណង​សំខាន់​នៃ​បាតុកម្ម​អហិង្សា​នេះ​ គឺដើម្បី​ឲ្យ​​កាណាដា​ជួយ​ធានា​ឲ្យ​ការ​បោះឆ្នោត​មួយ​នៅ​កម្ពុជា​​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ​។

វ៉ាស៊ីនតោន៖ ពល​រដ្ឋខ្មែរ​ក្នុង​ប្រទេស​កាណាដា​ធ្វើ​បាតុកម្ម​នៅមុខ​វិមាន​រដ្ឋសភា​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កាណាដា​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កែប្រែប្រព័ន្ធ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៉ី​ និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កាណាដា​ ទាមទារ​ឲ្យ​ប្រទេស​កាណាដា​ជួយ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​ បោះ​ឆ្នោត​នៅ​កម្ពុជា​និង​អនុញ្ញាត​លោក​សម រង្ស៉ីបាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​កក្កដា​ខាងមុខ​ ដោយ​គ្មាន​ការ​យារយី​ពីប្រព័ន្ធ​តុលាការ។​

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​អះអាង​ថា​ តំណាង​ពលរដ្ឋ​ខ្មែរ​ជាង​១០០​នាក់​មកពី​ទីក្រុង​ម៉ុងរ៉េអាល់​ តូរ៉ុនតូ​ និង​អូតាវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​ ហើយ​ប្រើប្រាស់​បដារ​ ប្រដាប់​បំពង​សំឡេងធ្វើ​បាតុកម្ម​នៅ​ម៉ោង​១១​ព្រឹក​កាលពី​ថ្ងៃសុក្រ​នៅ​មុខ​វិមាន​រដ្ឋ សភា​ក្នុងទី​ក្រុង​អូតាវ៉ា។​ ពួកគេ​ថ្លែង​ថា​ គោល​បំណង​សំខាន់​នៃ​បាតុកម្ម​អហិង្សា​ នេះ​គឺដើម្បី​ឲ្យ​ប្រទេស​កាណាដា​ជួយ​ធានា​ឲ្យ​ការ​បោះឆ្នោត​មួយ​ក្នុង​ប្រទេស​កម្ពុជាមាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ត្រឹមត្រូវ​ ជាពិសេស​ធ្វើ​តាម​អនុសាសន៍​របស់​លោក​សូរីយា ស៊ូប៊ែឌី ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។​

លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ដៃគូរ​ប្រជែង​នយោបាយ​ដ៏​ស័ក្តិ​ សម​ក្នុង​ពេលបោះ​ឆ្នោត​ខាងមុខ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ដែលកាន់​អំណាច​ជាង​៣០ឆ្នាំ។​ តែលោក​ត្រូវ​រារាំង​ ដោយ​រឿង​ក្តីក្កាំ​ក្នុង​តុលាការ ​ព្រោះ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កាលពី​ឆ្នាំ​ ២០០៩។​

ថ្លែង​នៅ​មុខ​វិមាន​រដ្ឋសភា ​ពេល​លោក​ចូលរួម​បាតុកម្ម​ លោក​សម ​រង្ស៉ី​បាន​ អះ​អាង​ថា៖​
«បាតុកម្ម​នេះ​មាន​សារៈ​សំខាន់​ជាទី​បំផុត ​ហើយនឹង​ជួយ​ជំរុញ​ឲ្យមាន​ការ​បោះ ឆ្នោត​ត្រឹមត្រូវ​តាម​បែបបទ​ប្រជា​ធិបតេយ្យ​ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​មាន​សិទ្ធិ​សេរី ភាព​ជ្រើសរើស​អនាគត​របស់​ខ្លួន»។​

លោក​បាន​ចាត់ទុក​បាតុកម្ម​ពលរដ្ឋខ្មែរ​ក្នុង​ប្រទេស​កាណាដា​ថា​ មាន​ឥទ្ធិពល​ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កាណាដា​ជួយ​ផ្លាស់​ប្តូរ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីកន្លែង​ធ្វើ​បាតុកម្ម ​លោក​លី សុខា ​អ្នក​រៀបចំ​បាតុ កម្ម​មក​ពីទីក្រុង​ម៉ុងរ៉េអាល់ ​បាន​អះអាង​ថា ​ប្រទេស​កាណាដា​ជា​ប្រទេស​ ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ​ប្រទេសនេះ ​មាន​តួនាទី​ជួយ​ដល់​ប្រទេស​កម្ពុជា​ផ្នែក​ប្រជាធិបតេយ្យ​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។

លោក​អះអាង​ថា ​ដ៏រាបណា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​រៀបចំ​ការបោះឆ្នោត​យក​ឈ្នះ​ដោយ​មិន​យុត្តិ​ធម៌​ និង​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ នោះ​បង្ហាញ​ថា ​របប​នោះ​ជា​របប​ផ្តាច់​ការ។

«ព្រោះអី​អត់​មាន​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​រើស​អ្នក​មាន​សមត្ថ​ភាព​ អ្នក​ដែល​ត្រឹមត្រូវ​ ឲ្យចូល​បាន​ទេ។ ​គេ​គ្រប់គ្រង​ដើម្បី​ធ្វើ​ម៉េច​នៅ​កាន់​អំណាច​ រហូត។​ ម្ល៉ោះ​ហើយ​យើង​ជា​ប្រជាជន​ខ្មែរ​ នៅ​ក្រៅស្រុក​មែន ​តែយើង​មាន​ការ​ បារម្ភ​ណាស់​រឿង​ចំណុច​ហ្នឹង។​ ម្ល៉ោះ​ហើយ​យើង​នឹង​ទាមទារ​ យើង​នឹង​បន្ត​ ការ​ងារ​យើង​តទៅ​ទៀត​រហូត​ដល់​ពេល​រដ្ឋាភិបាល​ស្រុកខ្មែរ​ហ្នឹង​ទទួល​ស្គាល់(យល់ព្រម​ឲ្យ​មាន)​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រឹមត្រូវ​និង​ច្បាស់​លាស់»។​

កាលពី​សប្តាហ៍​មុន​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋនានា​ បាន​ជួបជុំគ្នា​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​សេតវិមាន​ដែរ។ ​ពួកគេ​បាន​ដាក់​ញត្តិ​ជូន​ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ដើម្បី​ឲ្យ​លោក​អូបាម៉ា​ជួយ​ជំរុញ​កម្ពុជា​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ​និង​បញ្ហា​វិល​ត្រឡប់​របស់​ របស់​លោក​សម ​រង្ស៉ី ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​នៅថ្ងៃ​ទី២៨​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ។​

មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​កាណាដា​នៅ​ថ្ងៃ​នេះ​ និង​គ្រោង​នឹង​ជួប​ជាមួយ​ មន្ត្រី​ជាន់ខ្ពស់​របស់​ស.រ.អា.​នៅ សប្តាហ៍​ខាងមុខ​ ពេល​លោក​បំពេញ​ទស្សន​កិច្ច​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕
XS
SM
MD
LG