ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ហ៊ុន សែន​ ប្រកាស​កាន់​អំណាច​ជាង​១០​ឆ្នាំ​ទៀត


សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ធ្វើ​ឡើង​បី​ខែ​ប៉ុណ្ណោះ​មុន​នឹង​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ។​
ភ្នំពេញ៖ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រីបី​អាណត្តិ​ទៅ​មុខ​ទៀត ​ដែល​ក្រុម​អ្នក​វិភាគ​រិះគន់​ថា​ ជា​ការ​ប្តេជ្ញា​ចិត្ត​មិន​ត្រឹមត្រូវ។​

ថ្លែង​នៅក្នុង​ឱកាស​សម្ពោធការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​មួយ​ លោក​ហ៊ុន សែន​បញ្ជាក់​ថា​ លោក​នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូល​លោក​មាន​អាយុ​៧៤​ឆ្នាំ​ ឬ​អាច​ស្មើ​នឹង​បី​អាណត្តិ​រដ្ឋាភិបាល​ទៅ​មុខ​ទៀត។​

«តែ​លើក​នេះ​ខ្ញុំ​សូម​ប្រកាស​ជូន​ថា ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដូច​ចិន​ និង​វៀតណាម។​ មេដឹកនាំ​ចិន​ចាក់​ចេញ​ពី​តំណែង​នៅ​អាយុ​ជាង​៧០។ ​មេ​ដឹកនាំ​របស់​វៀតណាម​ចាក​ចេញ​ពី​តំណែង​នៅ​ពេល​គាត់​អាយុ​ជាង​៧០។ ​ឯ​ខ្ញុំ​ទើបតែ​៦១​ទេ។ អញ្ចឹង​ចាំ​ខ្ញុំ​អាយុ​៧៤​ឆ្នាំ​ចាំ​ខ្ញុំ​ចាកចេញ​ពី​តំណែង»។​

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ថា​ លោក​យក​គំរូ​តាម​មេ​ដឹកនាំ​របស់​ប្រទេស​ចិន ​និង​វៀតណាម​ ដែល​មេ​ដឹង​នាំ​ប្រទេស​ទាំង​ពីរ​នោះ​សុទ្ធ​តែ​ចាក់​ចេញ​ពី​តំណែង​នៅ​ពេល​មាន​អាយុ​ជាង​៧០​ឆ្នាំ។​

សេចក្តី​ប្រកាស​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​បី​ខែ​ប៉ុណ្ណោះ​មុន​នឹង​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ។​

លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រជែង​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ថ្លែង​ថា​ ការ​បន្ត​តំណែង​របស់​លោក​ហ៊ុន សែន​ អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

«បើ​សិន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ ​បាន​កាន់​អំណាច​បាន​ បើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ទម្លាក់​អាហ្នឹង​មិន​អាច​នៅ​បន្ត​កាន់​អំណាច​បាន​តទៅ​ទៀត​ទេ​ ហើយ​យើង​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌»។​

ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ថត​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា
ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ថត​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា
លោក​អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា​ ការ​យក​គំរូ​តាម​ប្រទេស​កុម្មុយនិស្ត​ទាំង​ពីរ​ខាង​លើ​មិន​ត្រឹមត្រូវ​ទេ។

ជា​ពិសេស​ប្រទេស​ទាំងនោះ​ធ្វើ​ការ​ផ្លាស់ប្តូរ​មេ​ដឹង​នាំ​រៀង​រាល់​រយៈ​ពេល​១០​ឆ្នាំ​ម្តង។​

«អាហ្នឹង​យើង​ប្រៀបធៀប​អញ្ចឹង​វា​អត់​ត្រឹមត្រូវ។ ​អាហ្នឹង​គេ​សម្រេច​ដូរ​តំណែង​តែ​ម្តង។​ ពេល​គេ​កាន់​អំណាច​យូរ ​មិន​យូរ ​គេ​មិន​និយាយ​រឿង​អាយុ​ទេ។ ​តែ​ចិន​ និង​វៀតណាម​ ចិន​គេ​ដូរ​ប្រធានាធិបតីរបស់​គេ​១០​ឆ្នាំ​ម្តង។​ ហើយ​វៀង​ណា​ម​ក៏​អញ្ចឹង​ដែរ។ ​គេ​អត់​និយាយ​រឿង​អាយុ​ទេ​ គេ​និយាយ​១០​។ អញ្ចឹង​ប្រៀបធៀប​អញ្ចឹង​វា​អត់​ត្រូវ​ទេ​ ​ខុស​ហើយ»។​

លោក​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ បាន​ប្រាប់​បញ្ជាក់​ថា​ មេ​ដឹង​នាំ ​និង​បញ្ហា​អាយុ​នោះ​មិន​សូវ​ទាក់ទង​គ្នា​ខ្លាំង​នោះ​ទេ។

«យើង​ឮ​ទាំងអស់គ្នា​ថា ​គាត់​នឹង​បន្ត​ដឹកនាំ​ប្រទេស​រហូត​ដល់​គាត់​មាន​អាយុ​៩០​ឆ្នាំ។​ ឥឡូវ​មក​ត្រឹម​៧៤​ឆ្នាំ​វិញ​ អញ្ចឹង​ដូចជា​ប​ន្ធូរបន្ថយ​ដែរ។ ​ប៉ុន្តែ​បើ​តាម​ខ្ញុំ​ដឹង​នៅ​ប្រទេស​ចិន​គេ​១០​ឆ្នាំ​គេ​ដូរ​ម្តង។ ​គេ​អត់​យក​អាយុ​ជា​មូលដ្ឋាន​ទេ»។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​គេ​ចាត់ទុក​ថា ​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​ដ៏​កម្រ​នៅ​ក្នុង​ពិភព​លោក។ គិត​មក​ទល់​ពេល​នេះ លោក​បាន​ឡើង​កាន់​អំណាច​បាន​រយៈ​ពេល​២៨​ឆ្នាំ​ហើយ។ ​ការ​កាន់​អំណាច​យូរ​ដែល​ប្រទេស​ជឿនលឿន​ជា​ច្រើន​តែងតែ​ធ្វើ​ការ​រិះគន់៕
XS
SM
MD
LG