ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយប្រហារ​តំបន់​លំនៅដ្ឋាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៧នាក់​និង​របួស​ជាច្រើន​នាក់


អ្នក​ជួយ​សង្គ្រោះ​ធ្វើ​ការ​នៅ​កន្លែង​ដែល​អគារ​មួយ​ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​ពេល​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ក្រុង Pokrovsk តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៣។
អ្នក​ជួយ​សង្គ្រោះ​ធ្វើ​ការ​នៅ​កន្លែង​ដែល​អគារ​មួយ​ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​ពេល​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ក្រុង Pokrovsk តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៣។

ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង Pokrovsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កំពុង​ជីក​កកាយ​កម្ទេចបាក់បែក​របស់​អគារ​ជា​ច្រើន​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​រុស្ស៊ី​២គ្រាប់​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៧នាក់​ដែរ។

ទីក្រុង Pokrovsk ស្ថិត​នៅ​ក្នុង​តំបន់ Donetsk បាន​ក្លាយ​ជា​ទីកន្លែង​មួយ​នៃ​ការប្រយុទ្ធដ៏​តានតឹង​បំផុត​ចាប់តាំង​ពីរុស្ស៊ី​បាន​ចាប់ផ្តើម​ការឈ្លានពាន​របស់​ខ្លួន​នៅ​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ២០២២​ មក។

លោក Pavlo Kyrylenko​ អភិបាល​ក្រុង Donetsk ​និយាយ​ថា មីស៊ីល​២គ្រាប់​បាន​ធ្លាក់​៤០នាទី​ពី​គ្នា ដោយ​បាន​បំផ្លាញ​អគារលំនៅដ្ឋាន​ ភោជនីយដ្ឋាន ​កន្លែង​លក់​ដូរ​និង​អគារ​រដ្ឋបាល​និង​សណ្ឋាគារ​ដ៏​មាន​ប្រជាប្រីយ៍ភាព​មួយ​ដែល​ពួក​អ្នក​កាសែត​បរទេស​ស្នាក់នៅ។

អ្នក​ស្លាប់​នោះ​រួមមាន​មន្ត្រី​ជួយ​សង្គ្រោះ​បន្ទាន់​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​តំបន់ Donetsk។ មនុស្ស​យ៉ាង​តិច​ណាស់​ក៏២៥នាក់​ដែរ​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយមីស៊ីល២គ្រាប់​នោះ។

ក្នុង​ខណៈនោះ​ដែរ មនុស្ស​២នាក់​បាន​ត្រូវ​សម្លាប់​ដោយ​ការវាយប្រហារ​មីស៊ីល​២​គ្រាប់​របស់​រុស្ស៊ី​នៅ​ក្នុង​ភូមិ Kruhliakivka ស្រុក Kupiansk។ នេះ​បើ​តាម​លោក Andriy Yermak​ នាយក​ខុទ្ទកាល័យរបស់​ប្រធានាធិបតី​អ៊ុយក្រែន។

នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត ​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ការចូលរួម​របស់​ចិន​ជា​ផ្លែផ្កា​មួយ​នៅឯ​សន្និសីទ​កំពូល​សន្តិភាព​ក្រុង Jeddah ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ស្តីពី​ប្រទេស​អ៊ុយក្រែន​នៅ​ចុង​សប្តាហ៍​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មានថា ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan និង​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី Victoria Nuland ​បាន​ជួប​ប្រជុំ​រយៈពេល​ខ្លី​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ក្នុង​ទីក្រុង Jeddah ជាមួយ​លោក Li Hui បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អឺរ៉ុប​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​ប្រទេស​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi​ បាន​និយាយ​នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រកាន់​ជំហរ​ឯករាជ្យ​និង​មិន​លម្អៀង​ស្តីពី​ដំណោះស្រាយ​សន្តិភាព​នេះ។

លោក Wang បាន​និយាយ​ថា ចិន​នឹង​ធ្វើ​ជា«សំឡេង​ដោយ​មិន​លម្អៀង​និង​ប្រកប​ដោយ​វិចារណញ្ញាណ»​នៅឯ​គ្រប់​វេទិកា​អន្តរជាតិ​និង«ចរចា​យ៉ាង​សកម្ម​ដើម្បី​លើក​ស្ទួយ​សន្តិភាព»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​អ្នក​ស្រី Margaret Besheer អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOA និង​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង Reuters។

XS
SM
MD
LG