ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​ក្រុង Jeddah បញ្ចប់​ដោយ​គ្រោង​ពិភាក្សា​បន្ថែម​ពី​សន្តិភាព


A handout picture provided by the Saudi Press Agency (SPA) on Aug. 6, 2023 shows Saudi Arabia's National Security advisor and Minister of State Musaad bin Mohammed al-Aiban (C) speaking during a National Security advisors' meeting in Jeddah.
A handout picture provided by the Saudi Press Agency (SPA) on Aug. 6, 2023 shows Saudi Arabia's National Security advisor and Minister of State Musaad bin Mohammed al-Aiban (C) speaking during a National Security advisors' meeting in Jeddah.

សន្និសីទ​កំពូល​ក្រុង ​Jeddah ​ស្តីពី​ការស្វែងរក​ការបញ្ចប់​ដោយ​សន្តិវិធី​ដល់​សង្គ្រាម​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ​ដោយ​ពួក​អ្នក​ចូលរួម​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​ការពិភាក្សា។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត​ដែល​បាន​រៀបចំ​សន្និសីទ​នេះ។

ពួក​មន្ត្រី​ជាន់​ខ្ពស់​មកពី​ប្រទេស​ចំនួន៤២ ​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​កំពូល​សន្តិភាព​រយៈពេល​២ថ្ងៃ​នៅ​ក្នុង​ទីក្រុង Jeddah ​ក៏​ប៉ុន្តែ​មិន​មាន​មន្ត្រី​មកពី​ប្រទេស​រុស្ស៊ី​ចូលរួម​ទេ។

លោក Andriy Yermak នាយក​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អាទិត្យ​បាន​ហៅ​ការពិភាក្សា​នៅ​ក្នុង​ទីក្រុង Jeddah ថា «ប្រកប​ដោយ​ផ្លែផ្កា»​ ខណៈដែល​រដ្ឋាភិបាល​ក្រុង​មូស្គូបាន​ហៅ​ជំនួប​នោះ​ថា​ជា​ការប៉ុនប៉ង​ដោយ​បរាជ័យ​ដើម្បី​ទាក់ទាញ​បណ្តា​ប្រទេស​នៅ​ភាគ​ខាងត្បូង​ពិភពលោក​ឲ្យ​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​ក្រុង​កៀវ។

ការចរចា​កម្រិត​ខ្ពស់​រួមមាន​ប្រតិភូ​មកពី​ក្រុម​ប្រទេស BRICS ដូចជា​ប្រេស៊ីល ឥណ្ឌា ចិន​ និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈប្រតិភូ​របស់​ប្រេស៊ីល​លោក Celso Amorim ដែល​ជា​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​បាន​បញ្ជាក់​ថា៖​ «ការចរចា​ពិត​ប្រាកដ​ត្រូវតែ​រួម​បញ្ចូល​ភាគី​ទាំង​អស់» ​រួម​ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ។ នេះ​បើ​តាម​ឯកសារ​ចម្លង​នៃសេចក្តី​ថ្លែងការណ៍​របស់​លោក​ដែល​បាន​ចែករំលែក​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​ដឹកនាំ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅឯ​សន្និសីទ​ក្រុង Jeddah។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​សេតវិមាន។

ក្រុម​មន្ត្រី​ប្រទេស​លោក​ខាង​លិច​និង​ពួក​អ្នក​វិភាគ​បាន​និយាយ​ថា ​ការទូត​របស់​អារ៉ាប់ប៊ី​សាអូឌីត​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ស្នើ​ឲ្យ​មាន​វត្តមាន​របស់​ចិន​នៅឯ​ការចរចា​នោះ។

នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់​រជ្ជ​ទាយាទ Mohammed bin Salman ​ព្រះរាជា​ណា​ចក្រ​នេះ​បាន​រក្សា​ចំណង​ទាក់ទង​ជាមួយ​ភាគី​ទាំង២​ដែល​តំណាង​ជា​អ្នក​សម្រប​សម្រួល​និង​ស្វះស្វែង​រក​តួនាទី​កាន់តែ​ធំឡើង​នៅ​លើ​ឆាក​អន្តរជាតិ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG