ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អាមេរិក៖ ការគាំទ្រ​របស់​ចិន​មាន​«សារៈសំខាន់»​ចំពោះ​សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃគ្នា​នៅពេល​ពួកគេ​ផ្លាស់ប្តូរ​ឯកសារ​ក្នុង​ពិធី​ចុះ​ហត្ថលេខា បន្ទាប់ពី​កិច្ចពិភាក្សា​របស់​ពួកគេ​នៅ​ឯវិមាន Grand Kremlin ក្នុង​ទីក្រុង​មូស្គូ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃគ្នា​នៅពេល​ពួកគេ​ផ្លាស់ប្តូរ​ឯកសារ​ក្នុង​ពិធី​ចុះ​ហត្ថលេខា បន្ទាប់ពី​កិច្ចពិភាក្សា​របស់​ពួកគេ​នៅ​ឯវិមាន Grand Kremlin ក្នុង​ទីក្រុង​មូស្គូ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣។

របាយការណ៍​បង្ហាញ​ជា​សាធារណៈ​មួយ​ពី​ការិយាល័យ​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ប្រាប់​ឱ្យ​ដឹង​ថា ការគាំទ្រ​ពី​ចិន​មាន​«សារៈសំខាន់»ចំពោះ​សមត្ថភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ការបន្ត​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែន។

របាយការណ៍​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​រដ្ឋ​សភា វាយតម្លៃ​ពី​បែបផែន​ដែល​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន រួមមាន​រដ្ឋាភិបាល​ចិន គណបក្ស​កុម្មុយនីស្ត​ចិន ក្រុមហ៊ុន​រដ្ឋចិន និង​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​កំពុង​គាំទ្រ​សេដ្ឋកិច្ច​និង​យោធា​រុស្ស៊ី​ក្នុងរយៈពេលប្រមាណ ១៨​ខែ​ បន្ទាប់​ពី​ការវាយប្រហារ​ដោយ​គ្មាន​ការបង្កហេតុ​ពី​សំណាក់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​មក​លើ​អ៊ុយក្រែន។

របាយការណ៍​នោះ​បាន​រក​ឃើញ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​មួយ​ចំនួន​ដល់​រុស្ស៊ី ដែល​ជួយ​សម្រួល​ទាំង​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​ពី​បស្ចឹមលោក​និង​ត្រួតពិនិត្យ​ការនាំ​ចេញ»។

របាយការណ៍​បាន​បន្ត​ទៀត​ថា៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​ការ​នាំចូលថាមពល​ពី​រុស្ស៊ី រួមមាន​ការ​ផ្គត់ផ្គង់​ប្រេង​និង​ឧស្ម័ន​ដែល​ត្រូវ​បាន​បង្វែ​ទិសដៅ​ចេញ​ពី​អឺរ៉ុប។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​បង្កើន​ការប្រើប្រាស់​រូបិបណ្ណយាន់របស់​ខ្លួន​យ៉ាង​ខ្លាំង​ដែរ ដោយការណ៍​នេះ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​អាច​ធ្វើការ​ជួញដូរ​ហិរញ្ញវត្ថុ ដោយ​មិន​ព្រួយបារម្ភ​ពី​ការ​បង្អាក់​ពី​សំណាក់​បស្ចឹមលោក»។

របាយការណ៍​ខាងលើ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ចិន​បាន​គាំទ្រ​ដោយ​ផ្ទាល់​ចំពោះ​ការ​ធ្វើ​សង្រ្គាម​របស់​រុស្ស៊ី​តាមរយៈ​ការ​លក់​បច្ចេកវិទ្យា និង​គ្រឿងសម្ភារ «អាច​ប្រើប្រាស់​បាន​ពីរ​របៀប» មាន​ន័យ​ថា ​អាច​ប្រើប្រាស់​បាន​ជា​លក្ខណៈ​ស៊ីវិល និង​យោធា​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ការ​ជំរុញ​ឱ្យ​មាន​«ការ​ឈ្លានពាន​ដ៏​ឃោរឃៅ»

របាយការណ៍​ ​ត្រូវ​បាន​បញ្ចេញ​ដោយ​គណៈកម្មាធិការ​ជ្រើសតាំង​អចិន្រៃ្តយ៍សភា​ទទួលបន្ទុក​លើ​ការ​ស៊ើបការណ៍​សម្ងាត់។

លោក​តំណាងរាស្ត្រ Jim Himes ដែល​ជា​មន្រ្តី​ជាន់ខ្ពស់​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ជួរ​គណៈកម្មាធិការ​នេះ​ បាន​និយាយ​ថា៖ «ការ​វាយតម្លៃ​ដែល​ត្រូវ​បាន​លាតត្រដាង​ឡើងក្រោម​ច្បាប់​អនុញ្ញាត​លើ​ការ​ស៊ើបការណ៍សម្ងាត់​កាល​ពី​ឆ្នាំ​មុន បញ្ជាក់​លម្អិត​ពី​ទំហំ​នៃ​ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​ឈ្លានពាន​កំពុង​ធ្វើ​ឡើង​របស់​[ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin]»។

លោក​បាន​ថ្លែង​ថា៖ «សង្រ្គាម​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​យ៉ាង​ធំធេង​ដោយ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​គាំទ្រ​ពួកគេ នៅ​ក្នុង​បែបផែនដោយ​ផ្ទាល់​និង​ប្រយោល។ ខ្ញុំ​សង្ឃឹម​ថា របាយការណ៍​នេះ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា សហរដ្ឋអាមេរិក និង​ពិភពលោក​នឹង​ដឹង​ ប្រសិន​បើ​ពួកគេ​ធ្វើ​ចំណាត់ការ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ពី​ក្រោយ​ការឈ្លានពានដ៏​ឃោរឃៅ​របស់​លោក​ Putin»។

លោក​តំណាងរាស្ត្រ Mike Turner ប្រធានគណៈកម្មាធិការ​ខាង​លើ​មក​ពី​គណបក្ស​សាធារណរដ្ឋ​មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​របាយការណ៍​នេះ​នោះ​ទេ​គិត​ត្រឹមថ្ងៃ​សុក្រ ទី២៨ ខែ​កក្កដា។

ការ​ឆ្លើយតប​របស់​ចិន

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​ធ្វើ​ការ​អធិប្បាយ​ស្តី​ពី​របាយការណ៍​ខាង​លើ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ ទី២៨ ខែ​កក្កដា ដោយ​និយាយ​ថាមិនមាន​អ្វី​ខុស​ពី​ធម្មតា​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​រុស្ស៊ី ស្រប​ពេល​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​បស្ចឹមលោក​មក​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

អ្នកស្រី​ Mao បាន​ថ្លែង​ថា៖ «ចិនប្រឡូកក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​និង​បណ្តា​ប្រទេស​ដទៃទៀត​ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​និង​ប្រយោជន៍​រួម។ យើង​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​លក្ខណៈ​ឯកតោ​ភាគីនិង​ការប្រើប្រាស់​យុត្តាធិការលើ​រដ្ឋបរទេស ដែល​មិនមាន​មូលដ្ឋាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ឬ​អាណត្តិ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ កិច្ចសហប្រតិបត្តិការ​ចិន​និង​រុស្ស៊ី​មិនបាន​ចាត់គោលដៅ​លើ​ភាគី​ទី​បី​ណាមួយ ហើយ​មិន​គួរ​រង​ការ​បង្អាក់ ឬ​ការបង្ខិតបង្ខំ​ដោយ​ភាគី​ទី​បី​ណា​មួយ​នោះ​ទេ»។

ចិន​និង​រុស្ស៊ី​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​លោក​ Putin បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​រវាង​ចិន​និង​រុស្ស៊ី​ថា «គ្មាន​ព្រំដែន​កំណត់»។

ប្រេង​និង​ឧស្ម័ន

បន្ទាប់ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​មក រណៈសិរ្សសាមគ្គី​មួយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​ទំនិញ​និង​សេវាកម្ម​រវាង​រុស្ស៊ី​និង​ទីផ្សារ​បស្ចឹមប្រទេស​មួយភាគធំ។

របាយការណ៍​បាន​រកឃើញ​ថា​ ចាប់តាំង​ពី​ការឈ្លានពាន​មក ពាណិជ្ជកម្មរបស់​រុស្ស៊ី​ជាមួយ​ចិន​បាន​ជំនួស​ពាណិជ្ជកម្ម​ដែល​បាន​បាត់បង់។ កាល​ពី​ឆ្នាំ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រុស្ស៊ី​និង​ចិន​បាន​ឈាន​ដល់​កំណត់ត្រា​ដ៏​ខ្ពស់​មួយ ដោយ​ការនាំ​ចូល​របស់​រុស្ស៊ី​ពី​ចិន​កើន១៤ភាគរយ ហើយ​ការនាំចេញ​ទៅ​ចិន​កើន៤៣ភាគរយ។

ភាគច្រើន​នៃ​ការនាំចេញ​របស់​រុស្ស៊ី​ទៅ​កាន់​ចិន​មាន​ក្នុង​ប្រភេទ​ជា​ប្រេង​និង​ឧស្ម័ន​ ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូលក់​ទៅ​ឱ្យ​បស្ចឹមលោក​ពី​មុន​មក។ ការទិញរបស់​ចិន​លើ​ផលិតផល​ប្រេង​បាន​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​មាន​តម្លៃ​មួយ​ចំពោះ​រដ្ឋាភិបាលវិមាន​ក្រឹមឡាំង ហើយ​ការបញ្ចុះ​ថ្លៃ​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​បាន​ផ្តល់​ជា​ផលប្រយោជន៍​សម្រាប់​ចិន។

ចិន​កំពុង​ផ្តល់​នាវា​ដឹកប្រេង​ធុនធំ​ដើម្បី​ដឹកប្រេង​រុស្ស៊ី​ទៅ​កាន់​ទីផ្សារ​ ក៏ដូចជា​ការផ្តល់​ធានារ៉ាប់រង​ដែល​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ត្រូវការ បន្ទាប់ពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​កាត់ផ្តាច់​រុស្ស៊ី​ចេញ​ពី​ទីផ្សារ​ធានារ៉ាប់រង​ដឹកជញ្ជូន​សាកលលោក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG