ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ត្រូវ​ចំ​កន្លែង​ផ្ទុក​គ្រាប់​ធញ្ញជាតិ​នៅ​ក្នុង​ទីក្រុង Odesa


រូបថត​ផ្តល់​ឱ្យ​​នេះ​បង្ហាញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ធ្វើ​ការ​នៅ​កន្លែង​រង​ការ​វាយប្រហារ​ដោយ​ដ្រូន នៅ តំបន់​ក្រុង Odesa របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣។
រូបថត​ផ្តល់​ឱ្យ​​នេះ​បង្ហាញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ធ្វើ​ការ​នៅ​កន្លែង​រង​ការ​វាយប្រហារ​ដោយ​ដ្រូន នៅ តំបន់​ក្រុង Odesa របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣។

ពួក​មន្ត្រី​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​ទីកន្លែងនានា​នៅ​កំពង់ផែ​ក្នុង​តំបន់ Odesa ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​ដ្រូន​របស់​រុស្ស៊ី​ក៏​ដៅ​ការ​វាយ​ប្រហារ​ទៅលើ​រដ្ឋធានី​របស់​អ៊ុយក្រែន​ផង​ដែរ។

យោធា​របស់​អ៊ុយក្រែន​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ធ្វើ​ឱ្យ​ខូចខាត​ជង្រុក​ផ្ទុក​គ្រាប់​ធញ្ញជាតិ​មួយ​កន្លែង​ហើយ​បាន​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​នៅ​ឯ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​និង​កំពង់ផែ។

លោកOleh Kiperអភិបាល​តំបន់​ Odesa​ បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា​ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បន្សល់​ការខូចខាត ក៏ប៉ុន្តែ មិន​មាន​សេចក្តី​រាយការណ៍​ពី​មនុស្ស​រងរបួស​ទេ។

ចាប់តាំង​ពី​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​មក រុស្ស៊ី​បាន​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ ​Odesa។

មុន​ពេល​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ដោយ​សុវត្ថិភាព​កាត់តាម​សមុទ្រ​ខ្មៅ រុស្ស៊ី​បាន​ត្អូញត្អែ​ថា​កិច្ចព្រមព្រៀង​ដែល​ស្រប​គ្នា​មួយដើម្បី​បន្ធូរបន្ថយ​ការនាំចេញ​គ្រាប់​ធញ្ញជាតិនិង​ជី​របស់​ខ្លួន​ផ្ទាល់​មិន​បាន​ធ្វើ​ទៅតាម​ទេ។

ក្រៅពី​ការវាយ​ប្រហារ​ទីកន្លែង​ទាំង​នោះ រុស្ស៊ី​ក៏​បាន​ធ្វើការ​វាយ​ប្រហារ​លើ​កំពង់ផែ​ទន្លេ​របស់​អ៊ុយក្រែន​ដែល​បាន​ក្លាយ​ជា​ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើង​ជា​ផ្លូវ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​សម្រាប់​ការនាំចេញ​របស់​អ៊ុយក្រែនចាប់តាំង​ពី​ការ​ផុត​កំណត់​នៃ​កិច្ចព្រមព្រៀង​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​មក។

នៅ​ក្នុង​រដ្ឋធានី​កៀវ​វិញ ពួក​មន្ត្រី​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់ដ្រូន​ម៉ាក ​Shahedផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​វាយ​ប្រហារ​អស់​រយៈពេល​មួយ​យប់។ លោក Serhii Popkoប្រធាន​រដ្ឋបាល​យោធា​នៅ​រដ្ឋធានី​កៀវ​បាន​និយាយ​ថា​ដ្រូន​ជាង១០គ្រឿង​ដែល​បាន​ហោះ​ជិត​ទីក្រុង​មកពី​ទិសដៅ​ផ្សេងៗ​គ្នា​បាន​ត្រូវ​កម្ទេច។

អភិបាល​ក្រុង​កៀវ​លោក Vitali Klitschko បាន​និយាយ​ថា​ការ​ធ្លាក់​កម្ទេច​កំទី​មកពី​ដ្រូន​ដែល​ធ្លាក់​នោះ​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​នៅ​ក្នុង​សង្កាត់​យ៉ាង​តិច​ណាស់​ក៏៣ដែរ​នៅ​ក្នុង​ទីក្រុង​នោះ។ មិន​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​ពី​ចំនួន​មនុស្ស​ស្លាប់​និង​របួស​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, AFPនិង Reuters

XS
SM
MD
LG