ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken អំពាវនាវ​ឲ្យ​មាន​«ជំហរ​រួបរួមគ្នា​របស់​អង្គការ​អូតង់​អំពី​ការដាក់​ពង្រាយ​យោធា​របស់​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ចុងឆ្នាំ​សម្រាប់​ឆ្នាំ២០២១ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ចុងឆ្នាំ​សម្រាប់​ឆ្នាំ២០២១ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​កាលពី​ថ្ងៃ​ចន្ទអំពី​ការដាក់ពង្រាយ​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ជំហរ​រួបរួម​គ្នា​របស់​អង្គការ​អូតង់។

នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​សមភាគី​របស់​លោក​នៅ​ក្នុង​ប្រទេស​តំបន់​ខាង​កើត ៩​របស់​អង្គការ​អូតង់​ដែល​គេ​ហៅ​ថា Bucharest Nine លោក Blinken បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក បាន​តាំងចិត្ត​«ពិគ្រោះ​យោបល់​ និង​សម្រប​សម្រួល​ដ៏​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​នៅ​ត្រើយ​ម្ខាង​នៃ​មហា​សមុទ្រ​អាត្លង់ទិក​របស់​យើង​នៅពេល​ដែល​យើង ធ្វើការ​ឆ្ពោះ​ទៅកាន់​ការកាត់បន្ថយ​ភាពតានតឹង​តាមរយៈ​ការកំញ៉ើញ ការការពារ​ និង​ការសន្ទនា»។ នេះ​ បើ​តាម​លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក Price បាន​និយាយ​ថា លោក Blinken បាន​អំពាវនាវ​ឲ្យមាន«ជំហរ​រួបរួម​គ្នា ប្រុងប្រៀប​ខ្លួន​ និង​ការតាំងចិត្ត​របស់​អង្គការ​អូតង់​ដើម្បី​ការពារ​រួម​គ្នា​ដល់​សម្ព័ន្ធមិត្ត»។

បន្ថែម​ពី​នេះ លោក Blinken «បាន​បញ្ជាក់​ពីការតាំងចិត្ត​មិន​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ដល់​មាត្រា ​៥​របស់​អង្គការ​អូតង់​ដែល​អំពាវនាវ​ឲ្យ​មាន​ការការពារ​រួម​គ្នា​ដល់​សមាជិក​ណា​មួយ​នៃ​សម្ព័ន្ធមិត្ត​ខាង​យោធា​ដែលមានអាយុ​កាល​៧ទសវត្សរ៍​នេះ ​ដែល​បាន​បង្កើត​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី២​មក។

អ៊ុយក្រែន មិន​មែន​ជា​សមាជិក​របស់​អង្គការ​អូតង់​ទេ ក៏ប៉ុន្តែ បាន​ដាក់​ពាក្យ​ចូលរួម​សម្ព័ន្ធភាព​នេះ​អស់​រយៈពេល​ជាមួយ​១ទសវត្សរ៍មកហើយ​ ដែល​ជា​ជំហរ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​រុស្ស៊ីមានការ​ខឹង​សម្បានោះ។

រុស្ស៊ី​ បាន​ទាមទារ​ឲ្យ​អង្គការ​អូតង់​បដិសេធ​សមាជិកភាព​របស់​អ៊ុយក្រែន​ ហើយ​នឹង​កាត់​បន្ថយ​ការដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​តំបន់​អឺរ៉ុប​កណ្តាល​ និង​អឺរ៉ុប​ខាង​កើត។

នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន នឹង«ឆ្លើយតប​យ៉ាង​ខ្លាំងក្លា»​ដល់​ការបន្ត​ការឈ្លានពាន​របស់​រុស្ស៊ី​ដល់​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ឈ្លានពាន​ឧបទ្វីប Crimea របស់​អ៊ុយក្រែន​នៅ​ឆ្នាំ២០១៤ ដែល​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​ និង​ការដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក Putin បាន​ព្រមាន​លោក Biden ថា ការដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។

XS
SM
MD
LG