ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ប្រធាន​​​​​​​ទីភ្នាក់ងារ​អវកាស​​រុស្ស៊ី​គំរាម​​​​​បញ្ឈប់​កិច្ច​សហការ​​​​​​​​​ដោយសារ​​ទណ្ឌកម្ម​​​​​​​របស់លោក​ខាង​​​លិច


រូបឯកសារ៖ លោក Dmitry Rogozin ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ស្ថិត​នៅ​អាកាសយានដ្ឋាន​ Baikonur ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

​ប្រធាន​ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ម្តងទៀតគំរាមកំហែងបញ្ឈប់​សេវាកម្ម​របស់​ខ្លួនទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ ឬ International Space Stationហៅកាត់ថា ISS។​ ប្រធាន​អវកាស​រុស្ស៊ី​រូប​នេះ​និយាយ​ថា ​រុស្ស៊ីនឹង​ឈប់​ផ្តល់ម៉ាស៊ីន​រ៉ុក្កែត​ឱ្យ​ស.រ.អ. ហើយ​ប្រហែលបន្ថយ​កិច្ច​សហការ​នៅក្នុងស្ថានីយ៍​អវកាស​អន្តរជាតិ ជា​ការ​សងសឹកដល់ការ​ដាក់ទណ្ឌកម្ម​របស់បណ្តា​ប្រទេស​លោក​ខាង​លិចប្រឆាំង​នឹង​ការ​លុកលុយ​របស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ​អវកាស​ស.រ.អ.​ NASA និយាយ​ថា​កិច្ចប្រតិបត្តិការ​នៅ​ក្នុងស្ថានីយ៍​នេះមានភាព​ធម្មតា។

នៅ​ក្នុងបទសម្ភាសន៍មួយជា​មួយទូរទស្សន៍​រដ្ឋរុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣ ខែមីនា លោក Dmitry Rogozin ប្រធាន​ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយដោយ​ពិចារណាអំពីស្ថានការណ៍​ថា «យើងមិន​អាចផ្តល់ម៉ាស៊ីនរ៉ុក្កែតល្អ​បំផុតក្នុង​ពិភពលោករបស់យើងឱ្យស.រ.អ.ទេ។ ឱ្យពួក​គេ​ហោះតាមអ្វី​ទៀតទៅ ប្រើអំបោសទិព្វពួក​គេទៅ ​ខ្ញុំមិនដឹង​ទេ»។

លោក Rogozin បាននិយាយ​ថារុស្ស៊ីបាន​ផ្តល់ម៉ាស៊ីន​ធុន RD-180 ចំនួន១២២​គ្រឿងឱ្យ​ស.រ.អ.ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដែល​ក្នុង​នោះម៉ាស៊ីន៩៨គ្រឿង​ត្រូវ​បាន​ប្រើ​ដើម្បី​សម្រាប់​បង្ហោះយានអវកាស Atlas។ ​សារព័ត៌មាន Washington Post រាយការណ៍​ថា​ម៉ាស៊ីន​ទាំង​នេះ​ ក៏​ត្រូវ​បានប្រើដែរ​ដោយ​សម្ព័ន្ធភាព​ United Launch Alliance ដែល​ជា​ការរកស៊ីរួម​គ្នា​រវាង​ក្រុមហ៊ុន Lockheed Martin និង​ Boeing សម្រាប់​បង្ហោះបេសកកម្ម​សន្តិសុខ​ជាតិឲ្យ​ក្រសួង​ការពារ​ជាតិ​ស.រ.អ.។

រុស្ស៊ីបាននិយាយ​ថា​ ខ្លួននឹង​ឈប់ផ្តល់ម៉ាស៊ីន RD-181 ប្រើក្នុង​រ៉ុក្កែត Antares របស់​ក្រុមហ៊ុន Northrop Grumman ដែលដឹកឥវ៉ាន់​និងការ​ផ្គត់ផ្គង់​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។

លោក Rogozin សរសេរសារ​ Twitter កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី៣ ខែមីនាថា ពួក​អ្នកអវកាសរុស្ស៊ីក៏​នឹងមិនសហការជា​មួយ​ប្រទេស​អាល្លឺម៉ង់ក្នុង​ការ​ពិសោធន៍​រួមគ្នា​លើផ្នែក​របស់រុស្សីនៃស្ថានីយ៍​អវកាស​អន្តរជាតិ​ទេ។​ ទីភ្នាក់ងារ​ Roscosmos នឹងធ្វើការ​ពិសោធន៍​ទាំង​អស់​ដោយ​ខ្លួនឯង។ លោក​បាន​ថ្លែង​ទៀត​ថា«កម្មវិធី​អវកាស​រុស្ស៊ីនឹងសម្របសម្រួលតាម​ហេតុការណ៍​នៃ​ការ​ដាក់ទណ្ឌកម្ម​ទាំង​នេះ ហើយ​អាទិភាព​គឺ​ការ​បង្កើត​ផ្កាយ​រណប​សម្រាប់​ការពារ​ប្រទេស»។

កាល​ពីដើមសប្តាហ៍​ទី​មួយនៃខែ​មីនា​ នៅ​ក្នុងបទសម្ភាសន៍មួយ​ទៀតជា​មួយ​ទូរទស្សន៍​រដ្ឋ​ លោក Rogozin​ ​បាន​កត់សម្គាល់ថា រុស្ស៊ីទទួល​ខុសត្រូវ​ដល់​ការ​ហោះហើរនៃស្ថានីយ៍អវកាស​នេះ និងដល់​ការ​ផ្តល់ប្រេងឥន្ធនៈ​សម្រាប់ស្ថានីយ៍​នេះដែរ។ លោក​បាន​ពោល​ថា ទីភ្នាក់ងារ Roscosmos «នឹង​តាម​មើលដិតដល់​សកម្មភាព​របស់ពួក​ដៃគូ​អាមេរិកាំង​របស់យើង​ហើយ ប្រសិន​បើពួក​គេ​បន្ត​មាន​អរិភាពត​ទៅ​ទៀត យើងនឹង​ដាក់កំហិត​នៃ​ការ​លែង​មានស្ថានីយ៍​អវកាស​អវកាស​ត​ទៅ​ទៀត»។

រុស្ស៊ី​បានប្រកាស​កាល​ពេលមុន​នេះ​ថា ​ខ្លួន​ផ្អាកកិច្ចសហប្រតិបត្តិការជា​មួយ​អឺរ៉ុបក្នុងការ​បង្ហោះ​ទៅអវកាស​ពីកន្លែង​បង្ហោះ Kourou ក្នុងតំបន់ Guiana របស់​បារាំង ជា​ការឆ្លើយ​តប​នឹងការដាក់ទណ្ឌកម្ម​របស់ក្រុម​បស្ចិម​ប្រទេស។

កិច្ចសហការ​ក្នុងអវកាសបាន​ចៀសវាងមិនទាក់ទិន​នឹង​នយោបាយ​យូរយាមក​ហើយ ហើយ​នៅ​ពេលត្រូវ​បាន​សាកសួ​រ​កាល​ពី​ថ្ងៃអង្គារ ទី១ ខែ​មីនា​ ​នៅក្នុង​ការប្រជុំមួយ​នៃក្រុមប្រឹក្សាផ្តល់យោបល់របស់​ NASA ​លោក Bill Nelson ប្រធានអង្គការ NASA បានមានប្រសាសន៍​ថា «ទោះ​ជា​មានឧបសគ្គនៅ​លើ​ដីច្រើនក្រាស់ក្រែល​ក៏​ដោយ ក៏ NASA បន្ត​ទំនាក់ទំនងធ្វើការងារ​ជា​មួយពួក​ដៃ​គូ​អន្តរជាតិ​ទាំង​អស់​របស់យើង​ ដើម្បីធ្វើ​ឱ្យ​ប្រាកដ​អំពី​សុវត្ថិភាពពួក​គេ​និង​កិច្ច​ប្រតិបត្តិការ​ប្រកប​ដោយ​សុវត្ថិភាព​នៃ​ស្ថានីយ៍​អវកាស​អន្តរជាតិផង​ដែរ»។

ព័ត៌មាន​ខ្លះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG