ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «គ្មាននរណាម្នាក់នៅក្នុងពិភពលោកវិនិយោគលើអំពើភេរវកម្មច្រើនជាងប្រទេសរុស្ស៊ីទេ។ បញ្ហានេះពិតជាត្រូវមានការឆ្លើយតបផ្នែកច្បាប់កម្រិតពិភពលោក។ ហើយគ្មានហេតុផលថា ប្រតិកម្មបែបនេះមិនគួរកើតឡើងទេ ជាពិសេសនៅសហរដ្ឋអាមេរិក»។
លោក Zelenskyy បានថ្លែងអំណរគុណដល់សមាជិកព្រឹទ្ធសភាអាមេរិកដែលបាន«អនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចដែលអំពាវនាវឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលស្គាល់ប្រទេសរុស្ស៊ីថា ជារដ្ឋឧបត្ថម្ភភេរវកម្ម»។ រុស្ស៊ីនឹងចូលក្នុងក្រុមជាមួយគុយបា កូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី។ នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដែលរុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចកាលពីថ្ងៃព្រហស្បតិ៍លើតំបន់នៃរដ្ឋធានីរបស់អ៊ុយក្រែន គឺទីក្រុងកៀវ និងតំបន់ Chernihiv នៅភាគខាងជើង។ នេះជាអ្វីដែលអ៊ុយក្រែនបានចោទប្រកាន់ថា ជាការសងសឹកចំពោះការបន្តតស៊ូរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់ទីក្រុងមូស្គូ។
អភិបាលតំបន់នេះក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារតំបន់កៀវ ដោយកាំជ្រួចចំនួន៦គ្រាប់ដែលបានបាញ់ចេញពីសមុទ្រខ្មៅ ដោយបានធ្វើឲ្យមនុស្ស១៥ នាក់រងរបួស ក្នុងនោះ៥នាក់ជាជនស៊ីវិល។ អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ ប៉ុន្តែថា កងកម្លាំងរបស់ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធានៅក្នុងភូមិ Liutizh នៅក្រៅរដ្ឋធានី ដោយបានបំផ្លាញអគារមួយ ហើយអគារពីរផ្សេងទៀតរកការខូចខាត។
អភិបាលតំបន់កៀវ លោក Oleksiy Kuleba បានភ្ជាប់ការវាយប្រហារនេះទៅនឹងទិវារំឭកភាពជារដ្ឋដែលលោក Zelenskyy បានបង្កើតកាលពីឆ្នាំមុន ហើយអ៊ុយក្រែនបានប្រារព្ធកាលពីថ្ងៃព្រហស្បតិ៍ជាលើកទីមួយ។
លោក Kuleba បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា៖ «រុស្ស៊ី ដោយមានជំនួយពីមីស៊ីល កំពុងបង្កើនការសងសឹកចំពោះការតស៊ូដ៏ស្វិតស្វាញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន គឺប្រាកដណាស់ ដោយសារតែភាពជារដ្ឋរបស់ពួកគេ។ អ៊ុយក្រែនបានបំបែកផែនការរបស់រុស្ស៊ីរួចហើយ ហើយនឹងបន្តការពារខ្លួន»។
អភិបាលតំបន់ Chernihiv លោក Vyacheslav Chaus បានរាយការណ៍ថា រុស្ស៊ីក៏បានបាញ់កាំជ្រួចពីប្រទេសបេឡារុស ដែលនៅជិតខាងអ៊ុយក្រែន ទៅលើភូមិ Honcharivska។ តំបន់ Chernihiv មិនមែនជាគោលដៅវាយប្រហាររយៈពេលប៉ុន្មានសប្តាហ៍មកហើយ។
រុស្ស៊ីបានដកខ្លួនចេញពីតំបន់កៀវ និង Chernihiv កាលពីប៉ុន្មានខែមុន បន្ទាប់ពីបរាជ័យមិនអាចដណ្តើមយកតំបន់ណាមួយ ឬ មិនអាចផ្តួលរំលំរដ្ឋាភិបាលរបស់លោក Zelenskyy។ ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការវាយលុកដណ្តើមយកតំបន់ Kherson ដែលរុស្ស៊ីបានកាន់កាប់តាំងពីពេលចាប់ផ្តើមសង្គ្រាម ដោយកាលពីថ្ងៃពុធបានបំផ្លាញស្ពានសំខាន់មួយឆ្លងទន្លេ Dnieper។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់សម្តីលោក Oleksiy Arestovych ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន ដោយនិយាយថា កងកម្លាំងរបស់ទីក្រុងកៀវគ្រោងនឹងធ្វើឱ្យកងទ័ពរុស្ស៊ីនៅទីនោះឯកោ ហើយទុកជម្រើសបីឱ្យពួកគេគឺ «ដកថយ ប្រសិនបើអាចធ្វើបាន ចុះចាញ់ ឬត្រូវកម្ទេចចោល»។ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានព្រមានថា រុស្ស៊ីកំពុងបង្កើនកម្លាំងនៅក្នុងតំបន់ Kherson ដោយនិយាយថា «ចលនាកងទ័ពដ៏ធំរបស់ពួកគេបានចាប់ផ្តើមហើយ»។
យោធាអង់គ្លេសបានវាយតម្លៃថា អ៊ុយក្រែនបានប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិចថ្មីៗនេះ ដើម្បីបំផ្លាញយ៉ាងហោចណាស់ស្ពានចំនួនបីឆ្លងកាត់ទន្លេ Dnieper ដែលរុស្ស៊ីដឹកសម្ភារៈផ្គត់ផ្គង់ឆ្លងកាត់ទៅឱ្យកងកម្លាំងរបស់ខ្លួន។ ការវាយតម្លៃប្រចាំថ្ងៃរបស់ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទីក្រុង Kherson ឥឡូវនេះត្រូវបានកាត់ផ្តាច់ចេញពីទឹកដីផ្សេងទៀតដែលរុស្ស៊ីកាន់កាប់។
មន្ត្រីរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួននឹងប្រើប្រាស់មធ្យោបាយផ្សេងទៀតដើម្បីឆ្លង កាត់តំបន់ដែលស្ពានរងការខូចខាត រួមទាំងស្ពានបណ្តែតទឹក និងសាឡាងផងដែរ។ ទីប្រឹក្សារបស់លោក Zelenskyy គឺលោក Arestovych បានទទួលស្គាល់ថា កងកម្លាំងរុស្ស៊ីបានកាន់កាប់រោងចក្រថាមពលធំជាងគេទីពីររបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា «ការចូលកាន់កាប់របស់រុស្ស៊ីនេះគ្រាន់តែជាយុទ្ធសាស្ត្រដ៏តូច»ប៉ុណ្ណោះសម្រាប់រុស្ស៊ី៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters