ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ស្នើ​ដោះដូរ​អ្នកទោស​ជាមួយ​រុស្ស៊ី


រូបឯកសារផ្គុំ៖ ជនជាតិ​អាមេរិក​លោក Paul Whelan និង​លោកស្រី Brittney Griner អ្នក​ទាំងពីរ​នេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី។
រូបឯកសារផ្គុំ៖ ជនជាតិ​អាមេរិក​លោក Paul Whelan និង​លោកស្រី Brittney Griner អ្នក​ទាំងពីរ​នេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី។

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ធ្វើ​«សំណើ​ដ៏​សំខាន់» ​ទៅ​ប្រទេស​រុស្ស៊ី​ ឱ្យ​មាន​ការ​ដោះដូរ​អ្នក​ទោស​ដែល​នឹង​បញ្ជូន​អ្នក​ជួញដូរ​អាវុធ​ជនជាតិ​រុស្ស៊ី​ឈ្មោះ​ Viktor Bout​ ដែល​ត្រូវ​បាន​កាត់​ទោស​នោះ​ ​ត្រឡប់​ទៅ​ទីក្រុង​ម៉ូស្គូ​វិញ​ដើម្បី​ជាថ្នូរ​នឹង​ការ​ដោះលែង​តារា​បាល់​បោះ​អាមេរិក​គឺ​លោកស្រី​ Brittney Griner ​និង​លោក ​Paul Whelan​ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​ចារបុរស។​

សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​ក្នុង​ខែ​មិថុនា ​បើ​ទោះ​បី​ជា​យ៉ាងណា​មិន​មាន​សញ្ញា​វិជ្ជមាន​ទេ​មក​ដល់​ពេល​នេះ សូម្បី​នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ក៏​ដោយ។ ខណៈ​បដិសេធ​មិន​និយាយ​លម្អិត​អំពី​សំណើ​នេះ​នោះ​ លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា​ លោក​រំពឹង​ថា​នឹង​លើក​បញ្ហា​នេះ​ម្តង​ទៀត​នៅ​សប្តាហ៍​នេះ ​នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​របស់​លោក​ គឺ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ​លោក ​Sergey Lavrov។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ចរចា​អំពី​ការ​ដោះដូរ​អ្នកទោស​កំពុង​បន្ត​ ហើយ​មិន​ទាន់​ទទួល​បាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ​ទេ។​

ព័ត៌មាន​នៃ​ការ​ដោះដូរ​អ្នក​ទោស​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ដែល​លោកស្រី​ Griner ​បាន​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​តុលាការ​ដែល​មាន​អ្នក​បកប្រែ​ភាសា​ផ្តល់​សេវា​ឱ្យ​លោកស្រី។ ​លោក​ស្រី​បាន​សារភាព​ថា​ មាន​បំពង់​ប្រេង​រុក្ខជាតិ​ស្រវឹង​នៅ​ក្នុង​វ៉ាលីស​របស់​លោកស្រី​ពេល​លោកស្រី​ទៅ​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​ខែ​កុម្ភៈ​នោះ ប៉ុន្តែ​នៅ​ពេល​សវនាការ​និយាយ​អំពី​ព្រឹត្តិ​ការណ៍​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​លោកស្រី​នោះ ​អ្នក​បកប្រែ​បាន​បកប្រែ​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ។​

លោកស្រី​ Griner ​ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ ឆ្នាំ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​នោះ​ បាន​និយាយ​ថា​ ​មន្ត្រី​បាន​ឱ្យ​លោកស្រី​ចុះ​ហត្ថលេខា​លើ​ឯកសារ​នៅ​ឯ​អាកាស​យានដ្ឋាន​ទីក្រុង​ម៉ូស្គូ​ដោយ​គ្មាន​ផ្តល់​ការ​ពន្យល់​អំពី​អ្វី​ដែល​លោកស្រី​កំពុង​ទទួល​ស្គាល់​នោះ​ទេ។​ តុលាការ​រុស្ស៊ី​បាន​អនុញ្ញាត​ឱ្យ​ឃុំខ្លួន​លោកស្រី​រហូត​ដល់​ថ្ងៃទី​២០ ​ខែ​ធ្នូ។​

លោក Whelan ​ដែល​ជា​អតីត​ទាហាន​ម៉ារីន​របស់​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​ចាប់​ដាក់គុក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ពី​បទ​ចារកម្ម​ចាប់តាំង​ពី​ឆ្នាំ​២០១៨​ ដោយ​ក្រុម​គ្រួសារ​របស់​លោក​និង​ក្រុម​គ្រួសារ​របស់​លោកស្រី​ Griner ​បាន​អង្វរ​សេតវិមាន​ឱ្យ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ពួក​គេ។​ ជាច្រើន​ឆ្នាំ​មក​ហើយ​ រុស្ស៊ី​បាន​ស្វះស្វែង​ឱ្យ​មាន​ការ​ដោះលែង​លោក​ Bout​ ឈ្មួញ​អាវុធ​ដែល​ធ្លាប់​មាន​រហស្សនាម​ថា ​«ឈ្មួញ​មរណៈ»។ ​លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ក្នុង​ឆ្នាំ​២០១២​ បន្ទាប់ពី​ការ​កាត់ទោស​លោក​ក្នុង​គម្រោង​លក់​អាវុធ​ខុស​ច្បាប់​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។​

បណ្តាញ​ទូរទស្សន៍ ​CNN ​បាន​រាយ​ការណ៍​ថា​ ដំណើការ​ដោះដូរ​អ្នកទោស​ដែល​អាច​កើត​មាន​នេះ​ ត្រូវ​បាន​អនុម័ត​ដោយ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden។​ ការ​គាំទ្រ​របស់​លោក ​Biden​ មាន​ប្រសិទ្ធ​ភាព​លើ​ការ​ប្រឆាំង​របស់​ក្រសួង​យុត្តិធម៌​ ដែល​ជាទូទៅ​ប្រឆាំង​នឹង​ការ​ដោះដូរ​អ្នកទោស​ដោយ​បារម្ភ​ថា ​វា​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្សេង​ទៀត​ចាប់​ជនជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស​ដោយ​សង្ឃឹម​ថា​ នឹង​មាន​ការ​ដោះ​ដូរ​អ្នក​ទោស​របស់​គេ។​

នៅ​ឯ​សេតវិមាន ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​លោក​ John Kirby​ បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​ការ​ចរចា​ជាមួយ​រុស្ស៊ី​ទេ​ ខណៈ​សហ​រដ្ឋ​អាមេរិក​បាន​ដឹក​នាំ​ពិភពលោក​ប្រឆាំង​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ។​

លោកស្រី​ Griner ​បាន​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ពុធ​ថា​ប្រេង​រុក្ខជាតិ​ស្រវឹង​នោះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​សម្រាប់​ជា​ឱសថ​ ហើយ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​តិច​ជាង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​ចំនួន​ទៀត។​ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ រុក្ខជាតិ​ស្រវឹង​ដែល​ស្របច្បាប់​សម្រាប់​ការ​ប្រើប្រាស់​ជា​ឱសថ​ និង​ការ​កំសាន្ត​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​សហ​រដ្ឋ​អាមេរិក​នោះ​មិន​អាច​អនុវត្ត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ទេ៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press និង Reuters។

XS
SM
MD
LG