ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេរិក​នៅ​អឺរ៉ុប៖ ការ​បញ្ឈប់​សង្គ្រាម​នៅ​ស៊ីរី​គឺ​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ី


រូបឯកសារ៖ និម្មិតសញ្ញា​អង្គការ​អូតង់ និង​ទង់ជាតិ​នៃ​ប្រទេស​ស​ជាមាជិក​នៅ​ខាង​ក្រៅ​ស្នាក់ការ​កណ្ដាល​របស់​អង្គការ​នេះ​នៅ​ទីក្រុង​ព្រុចស៊ែល។
រូបឯកសារ៖ និម្មិតសញ្ញា​អង្គការ​អូតង់ និង​ទង់ជាតិ​នៃ​ប្រទេស​ស​ជាមាជិក​នៅ​ខាង​ក្រៅ​ស្នាក់ការ​កណ្ដាល​របស់​អង្គការ​នេះ​នៅ​ទីក្រុង​ព្រុចស៊ែល។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប​ កំពុង​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​ចាត់​វិធានការ​មិន​ធម្មតា​មួយ​ក្នុង​ការ​គំាទ្រ​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​មិញ ​រដ្ឋមន្ត្រី​ការបរទេស​មកពី​សហរដ្ឋ​អាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​គំាទ្រ​នូវ​ជំនួយ​មនុស្ស​ធម៌ បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ជនជាតិ​ស៊ីរី និង​ប្រឹងប្រែង​ឡើង​វិញ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា៖ «បន្ទុក​គឺ​ស្ថិត​នៅ​លើ​ប្រទេស​រុស្ស៊ី ក្នុង​ការ​បញ្ជាក់​ថា ខ្លួន​មាន​ឆន្ទៈ និង​មាន​លទ្ធភាព​ក្នុង​ការ​បោះ​ជំហាន​មិន​ធម្មតា​ដើម្បី​ជួយ​សង្គ្រោះ​កិច្ច​ប្រឹងប្រែង​ផ្នែក​ការ​ទូត​នានា​ក្នុង​ការ​ពង្រឹង​នូវ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា ដោយ​អនុញ្ញាត​ឲ្យ​មាន​នូវ​ជំនួយ​មនុស្ស​ធម៌​ចូល​ក្នុង​ប្រទេស​ស៊ីរី និង​បង្កើត​នូវ​លក្ខខណ្ឌ​ដែល​ចាំ​បាច់​សម្រាប់​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​ពិភាក្សា​នានា​អំពី​ការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នយោបាយ​ ដែល​ដឹកនាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ‍»។

សម្ព័ន្ធ​មិត្ត​ទាំង​នេះ បាន​រក្សា​ការ​ប្ដេជ្ញា​របស់​ខ្លួន​នៅ​ក្នុង​ការ​កម្ទេច​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម និង​បាន​ស្នើ​ប្រទេស​រុស្ស៊ី​ឲ្យ​ផ្ដោត​លើ​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ពួក​អាល់កៃដា (al-Qaida) នៅ​ក្នុង​ប្រទេស​ស៊ីរី។

ចក្រភព​អង់គ្លេស ​បារាំង ​និង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ វេលា​ម៉ោង ១១ ព្រឹក ម៉ោង​នៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក សហរដ្ឋ​អាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​នេះ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន​គីមូន​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​មាន​ការ​តក់ស្លុត​ចំពោះ​សកម្មភាព​បំភិត​បំភ័យ​របស់​ពួក​យោធា ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ទីក្រុង ​Aleppo ​នៃ​ប្រទេស​ស៊ីរី ​ដែល​ជា​ទីក្រុង​រង​ការ​បំផ្លាញ​ដោយសារ​សង្គ្រាម​ ដែល​អ្នក​ឃើញ​ហេតុការណ៍​សង្គ្រាម​នេះ​ផ្ទាល់​បាន​បញ្ជាក់​ថា កង​កម្លាំង​ស៊ីរី និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន​ជា​អ្នកដឹក​មុខ​ការ​បំផ្លិច​បំផ្លាញ​នេះ៕

XS
SM
MD
LG