រដ្ឋសភាប្រទេសរុស្ស៊ីបានបោះឆ្នោតនៅថ្ងៃពុធនេះដើម្បីរារាំងលទ្ធភាពរបស់អ្នកសារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអឺរ៉ុបសេរី ឬក៏វិទ្យុសេរីភាព (Radio Free Europe/Radio Liberty)។
ការសម្រេចរបស់រដ្ឋសភារុស្ស៊ីនេះបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីក្រសួងយុត្តិធម៌រុស្ស៊ីបានកំណត់ប្រព័ន្ធផ្សព្វផ្សាយចំនួន ៩ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ថាជា «ភ្នាក់ងារបរទេស»។
ការកំណត់របស់ក្រសួងយុត្តិធម៌រុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកគោរពទៅតាមលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែលដាក់ឲ្យអង្គការក្រៅរដ្ឋាភិបាលដែលឧបត្ថម្ភដោយបរទេសគោរពតាមនៅក្រោមច្បាប់ឆ្នាំ ២០១២ ដូច្នេះដែរ។ ពាក់ព័ន្ធនឹងព័ត៌មានណាមួយដែលផ្សាយដល់ទស្សនិកជនរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនោះតម្រូវឲ្យបញ្ជាក់ថាខ្លួនជា «ភ្នាក់ងារបរទេស»។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនោះក៏តម្រូវឲ្យផ្ញើរបាយការណ៍ជាទៀងទាត់អំពីថវិកា និងគោលបំណងរបស់ពួកគេ ក៏ដូចជាវិធីដែលពួកគេចំណាយថវិកាទាំងនោះ និងថាតើនរណាជាអ្នកគ្រប់គ្រងរបស់ពួកគេផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានប្រាប់អ្នកសារព័ត៌មាននានាកាលពីថ្ងៃអង្គារម្សិលមិញថា វិធានការនេះគឺជាវិធានការមិនត្រឹមត្រូវ។ លោកស្រីបានបន្ថែមថា ក្រសួងការបរទេសអាមេរិកមានការព្រួយបារម្ភថា ការកំណត់ថ្មីនេះអាចបណ្ដាលឲ្យមានការធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មានអាមេរិកាំង៕