ការបង្ហាញជាសាធារណៈនូវកិច្ចការផ្ទៃក្នុងរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ដែលជាទូទៅជាកិច្ចការដែលគេលាក់កំបាំងនោះ បានធ្វើឲ្យគេមានការងឿងឆ្ងល់អំពីសមត្ថភាពរបស់សមាជិកសភានានានៅក្នុងការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
ការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ីនេះ កាន់តែមានភាពច្របូកច្របល់បន្ថែមទៀតកាលពីថ្ងៃពុធម្សិលមិញ នៅពេលដែលសមាជិកសភាដែលដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់អំពីកិច្ចសន្ទនារបស់លោកប្រធានាធិបតី Donald Trump និងបុគ្គលិករបស់លោក បានធ្លាក់ចូលទៅក្នុងស្ថានការណ៍ដែលកើតឡើងដោយឥតគ្រោងទុក។
លោក Davin Nunes ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំបានអាន គឺពិតជាធ្វើឲ្យខ្ញុំមានការខ្វាយខ្វល់។ ខ្ញុំគិតថា រឿងនេះក៏ធ្វើឲ្យលោកប្រធានាធិបតីខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមរបស់លោកមានការខ្វាយខ្វល់ផងដែរ។ លោកប្រធានាធិបតី និងក្រុមផ្ទេរតំណែងរបស់លោកត្រូវបានគេដាក់ចូលទៅក្នុងរបាយការណ៍ស៊ើបការណ៍សម្ងាត់នេះ ដែលក្នុងនោះ បញ្ហាមួយចំនួនគឺទំនងដូចជាមិនសមរម្យទាល់តែសោះ»។
លោក Davin Nunes បានបដិសេធមិនបញ្ជាក់លម្អិតអំពីថាតើលោកទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់នេះមកពីកន្លែងណានោះ៕