ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋ​មន្ត្រី Tillerson រង​ការ​រិះគន់​ដោយសារ​គម្រោង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​អូតង់ និង​ទស្សនកិច្ច​ទៅ​រុស្ស៊ី


លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ចិនWang Yi នៅ​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ចិនWang Yi នៅ​វិមាន Diaoyutai State Guesthouse ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson បាន​ទទួល​ការ​រិះគន់​អំពីសេចក្តី​សម្រេច​មួយ​របស់​លោក​ក្នុង​ការ​មិន​ចូល​រួម​ក្នុងការ​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​អង្គការ​អូតង់​នៅ​ខែ​ក្រោយ​ក្នុង​ក្រុង​ប្រ៊ុចសែល និងអំពី​សេចក្តី​ប្រកាស​មួយ​ថា​លោក​នឹង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ីនៅ​ខែ​មេសា។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​ក្រសួង​ការបរទេស​ស.រ.អា. លោក​ Mark Toner អ្នកនាំ​ពាក្យ​ស្តី​ទី​នៃ​ក្រសួង​ការបរទេស​អាមេរិកាំង​បាន​ទទួល​សំណួរ​មួយ​ចំនួន​ពី​ពួក​អ្នកសារព័ត៌មាន​អំពី​ការ​ប្រជុំ​នេះ​នៃ​អង្គការ​អូតង់។​ អ្នក​កាសែត​ម្នាក់​បាន​និយាយ​ថា មាន​គេ​និយាយ​ប្រាប់​លោក​ថា អង្គការ​អូតង់​បាន​ស្នើ​កាលបរិច្ឆេទ​មួយ​ចំនួន​ជូន​លោកTillerson ដើម្បី​ឱ្យ​លោក​អាច​អញ្ជើញ​ទៅ​ចូល​រួម​ក្នុងការ​ប្រជុំ​នេះ ក៏​ប៉ុន្តែ​កាលបរិច្ឆេទ​ទាំង​នេះ​បាន​ត្រូវ​ច្រានចោល។​ លោក​ Toner បាន​និយាយ​ថា​ បញ្ហា​គឺ​ការ​កំណត់​ពេល​វេលា​មិន​ត្រូវ​គ្នា។​

លោក Toner បាន​និយាយ​ថា «យើង​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​លោក​រដ្ឋមន្ត្រី Tillerson អាច​ទៅ​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​បាន។​ ខ្ញុំ​អាច​និយាយ​ថា ​យើង​បាន​ស្នើ​ថ្ងៃ​ខែ​ជា​ជម្រើស​ដែល​លោក​រដ្ឋ​មន្ត្រី​អាច​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​បាន ហើយ​នៅ​ពេល​នេះ​ថ្ងៃ​ខែ​ទាំង​នេះ​កំពុង​ត្រូវ​ពិចារណា។ ​ជា​ការ​មាន​សារៈ​សំខាន់​ត្រូវ​ចង​ចាំ​ថា ​នេះ​មិនមែន​ជា​ការ​សម្រេច​តែ​មួយ​របស់​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​ទេ​ ក៏ប៉ុន្តែ​ថ្ងៃ​ខែ​នេះ​ត្រូវ​សម្រេច​ដោយ​ការ​មូលមតិ​គ្នា​រវាង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំង​អស់២៨»។

មន្ត្រី​ម្នាក់​ទៀត​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយា​យ​ថា​លោក Tillerson នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ក្នុង​ខែ​មេសា​ដើម្បី​ចូល​រួមក្នុង​ការ​ប្រជុំ​មួយ​នៃ​ពួកប្រទេស​ G-20 ហើយ​បន្ទាប់មក​លោក​នឹង​អញ្ជើញ​ទៅ​កាន់​ប្រទេស​រុស្ស៊ី។

នៅ​ក្នុង​សន្និសីទ​កាសែត​នេះ លោក​ Toner បានថ្លែង​ថា​ លោក​មិន​ទាន់​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Tillerson ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ហើយ​ក៏​មិន​អាច​និយាយ​ដែរ​ថា​តើ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ដែរ​ឬ​បែប​ណា​ទេ៕

XS
SM
MD
LG