ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រុស្ស៊ីធ្វើ​ទុក្ខ​បុកម្នេញ​ក្រុម​ប្រឆាំង​មុន​ការ​បោះឆ្នោត​នៅ​ទីក្រុង​មូស្គូ


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin និយាយជាមួយអ្នកស្រី Ella Pamfilova ប្រធាន​គណៈ​កម្មការ​កណ្តាល​រៀបចំ​ការបោះឆ្នោត​ ក្នុងជំនួបមួយនៅក្រុងមូស្គូ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin និយាយជាមួយអ្នកស្រី Ella Pamfilova ប្រធាន​គណៈ​កម្មការ​កណ្តាល​រៀបចំ​ការបោះឆ្នោត​ ក្នុងជំនួបមួយនៅក្រុងមូស្គូ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

ក្រុម​ប្រឆាំង​បាន​ធ្វើបាតុកម្ម​តវ៉ា​នឹង​ការដកសិទ្ធិ​បេក្ខជន​ឯករាជ្យ​មួយចំនួន​ដែល​បាន​គ្រោង​ឈរឈ្មោះ​សម្រាប់​ក្រុមប្រឹក្សា​ក្រុង​នៅ​ទីក្រុង​មូស្គូ នាថ្ងៃ​ទី​៨​ខែ​កញ្ញា​ខាងមុខ​នេះ​ហើយ​ប្រឆាំង​នឹង​ការ​កាន់កាប់​​សភា​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​៤៥​កៅអី​របស់​​គណបក្ស​កាន់​អំណាច។

ក្រុម​អ្នកប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​ មូស្គូ កាលពី​ថ្ងៃ​ទី​២០​ខែ​កក្កដាហើយ​បាន​រៀបចំ​បាតុកម្ម​មួយទៀត​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៧​ខែ​កក្កដា​កន្លងទៅនេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹងការ​ដក​ចេញ​នូវ​បេក្ខជន​ឯករាជ្យ​ចំនួន៣០​រូប​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត។

មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ​បេក្ខជន​ដែល​ត្រូវបាន​គេ​ដក​ឈ្មោះ​ចេញមិន​អាច​រក​ហត្ថលេខា​ពិតប្រាកដ​ពី​អ្នកបោះឆ្នោត​ឲ្យ​បានគ្រប់គ្រាន់​ដើម្បី​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​ការឈរឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​មិន​ទទួល​បាន​ការរិះគន់​អ្វី​មួយ​ពី​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នោះទេ។

លោក Alexander Polovinkin ដែល​ជា​និស្សិត​មួយរូប​បាន​និយាយ​ថា៖

«ពួកយើង​ខឹង​ពី​ភាព​គ្មាន​ច្បាប់​ត្រឹមត្រូវ​។ រដ្ឋាភិបាល​កំពុង​ហាមឃាត់​បេក្ខជន​ឯករាជ្យ។ វា​មិនអាចទៅរួច​នោះទេ​ដែលថា បេក្ខជន​៣០រូប​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងនោះ​មាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយហត្ថលេខាពី​អ្នកដែល​គាំទ្រ​ពួកគេ»។

លោក Alexei Navalny មេដឹកនាំ​គណបក្សប្រឆាំង​កំពូល​របស់​រុស្ស៊ី​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ក្នុងការព្យាយាម​មួយ​ដើម្បី​រារាំង​កុំឲ្យ​មានការធ្វើបាតុកម្ម​នៅពេល​ខាង​មុខ។ ការចាប់ខ្លួន​របស់​លោក​បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​រុករើ​លំនៅដ្ឋាន​របស់​បេក្ខជន​គណបក្ស​ប្រឆាំង​នានាជាបន្តបន្ទាប់។ ការ​រុករើ​នេះ​ជាប់​ទាក់ទង​ទៅនឹង​បាតុកម្ម​នាពេលថ្មីៗ​នេះ​នៅខាងក្រៅ​ការិយាល័យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​និង​ការគំរាមគំហែង​ប្រើ​អំពើ​ហិង្សា​ទៅលើ​មន្ត្រី​រៀបចំ​ការបោះឆ្នោត។

​បេក្ខជន​៨​រូប​ត្រូវ​បាន​កោះហៅ​ដើម្បី​ធ្វើការ​សាកសួរ​កាលពី​ថ្ងៃ​សប្តាហ៍​មុន។

លោក Ilya Yashin បេក្ខជនគណ​បក្សប្រឆាំង​មួយរូប​និយាយថា៖

«នេះ​គឺជា​ការប៉ុនប៉ង​ដើម្បី​បំភ័យ​ពួកយើង។ នេះ​គឺជា​ការប៉ុនប៉ង​ដើម្បី​រឹតត្បិត​សិទ្ធិ​បោះឆ្នោត​របស់​ពួកយើង​ដោយ​បំបែក​ពួកយើង​ជាពីរ។ ពួកយើង​មិនអាចទទួលយក​រឿង​នេះ​ទេ»។​

អ្នកស្រី Ella Pamfilova ប្រធាន​គណៈ​កម្មការ​កណ្តាល​រៀបចំ​ការបោះឆ្នោត​ បានប្រាប់​ទៅ​បេក្ខជន​ដែល​ត្រូវបាន​គេ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ថា ការប្រឆាំង​តវ៉ា​នៅតាម​ផ្លូវ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​អ្វីនោះទេ។

អ្នកស្រី Ella Pamfilova បាន​មាន​ប្រសាសន៍​ថា៖

«វា​មើលទៅ​ហាក់​បី​ដូច​ជា​មិនមាន​ភាពយុត្តិធម៌ ប៉ុន្តែ​នៅ​ក្រោម​ច្បាប់​នាពេលបច្ចុប្បន្ន​នេះ វា​មិនអាច​ទៅរួច​នោះទេ​ក្នុងការចុះឈ្មោះ​មនុស្ស​គ្រប់គ្នា​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត»។​

អ្នកស្រី​ Lyubov Sobol ដែល​ជា​មេធាវី​ប្រឆាំង​នឹង​អំពើ​ពុករលួយនិង​ជា​បេក្ខជន​ម្នាក់​នៃ​បេក្ខជន​ដែលត្រូវបាន​គេ​ដក​ឈ្មោះ​ចេញ​ពីបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​បាន​ឆ្លើយតប​ថា បាតុកម្ម​ប្រឆាំង​នេះ​គឺ​ជា​ជម្រើស​តែមួយគត់​ដែល​ក្រុម​ប្រឆាំង​មាន។​

អ្នកស្រី​ Lyubov Sobol បាន​និយាយ​បន្តទៀត​ថា៖

«ពួកយើង​ត្រៀមរួចរាល់​ដើម្បី​ប្រយុទ្ធតស៊ូ​ជាមួយនឹង​កម្មវិធី​នយោបាយ​និង​គំនិត​របស់​ពួកយើង​ក្នុង​ការ​បោះឆ្នោត​នេះ​ពីព្រោះ​នេះ​គឺ​ជា​នីតិវិធី។ ប៉ុន្តែ​ពួកយើង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើវា​នោះទេ។ ឈ្មោះ​របស់​ពួកយើង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​នៅលើ​សន្លឹកឆ្នោត​ហើយ​វា​អាក្រក់​ណាស់​ដែល​ថា អ្នករស់នៅ​ក្នុង​ទីក្រុង​ មូស្គូ ​ឥឡូវ​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​ការតវ៉ាទាមទារ​សិទ្ធិ​របស់​ពួកគេ​នៅតាមដងផ្លូវ»។

ក្រុម​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាច្រើន​បាន​ពិពណ៌នា​ពី​ដំណើរការ​ផ្ទៀងផ្ទាត់​ហត្ថលេខា​ថា​មិនមាន​តម្លាភាព​និង​បាន​ជំរុញឲ្យ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​របស់​រដ្ឋាភិបាល​ក្រុង មូស្គូ អនុញ្ញាតឲ្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់​ ដែល​បាន​ប្រមូល​ចំនួន​ហត្ថលេខា​ដែល​បាន​កំណត់​នោះ ចូលរួម​ក្នុង​ការបោះឆ្នោត បើ​មិនដូច្នេះ​ទេ​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ការបាក់បែក​រវាង​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ៕

ប្រែ​សម្រួល​ដោយ លី វួចនា​

XS
SM
MD
LG