ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បដិសេធ​របាយការណ៍​អំពី​ទំនាក់ទំនង​ជាមួយ​នឹង​សហការី​របស់​លោក Trump


លោក Paul Manafort ប្រធាន​ក្រុម​ចាត់ចែង​ការ​ឃោសនា​របស់​លោក Trump ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​មជ្ឈមណ្ឌល Quicken Loans Arena ក្នុង​ក្រុង Cleveland។
លោក Paul Manafort ប្រធាន​ក្រុម​ចាត់ចែង​ការ​ឃោសនា​របស់​លោក Trump ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​មជ្ឈមណ្ឌល Quicken Loans Arena ក្នុង​ក្រុង Cleveland។

នៅ​ថ្ងៃ​ពុធ​នេះ​ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​របាយការណ៍​មួយ​របស់​កាសែត​ New York Times ដែល​ថា​ពួក​សមាជិក​នៃ​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump និង​ពួកសហការី​ឯទៀតៗ​របស់​លោក​បាន​ទាក់ទង​ជាមួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​ទៅ។​

សារព័ត៌មាន​ New York Times បាន​សំដៅ​ដល់​មន្ត្រី​ស.រ.អា.​បច្ចុប្បន្ន និង​អតីត​មន្ត្រី​អាមេរិកាំង​បួន​នាក់​ដែល​បាន​និយាយ​ថា​ ទីភ្នាក់ងារ​ផ្នែក​ពង្រឹង​ច្បាប់ និង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​បាន​ស្ទាក់ស្តាប់ និង​បាន​ថត​សំឡេង​ការ​និយាយ​ទូរស័ព្ទ​ទាក់ទិន​ជាមួយ​លោក Paul Manafort ដែល​ធ្លាប់​ជា​អ្នក​ចាត់ចែង​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump និង​សហការី​មួយ​ចំនួន​ទៀត​របស់​លោក​ដែល​គេ​មិន​បាន​បង្ហាញ​ឈ្មោះ។​

កាសែត​ New York Times សរសេរ​ថា​ លោក Manafort បាន​ហៅ​ការ​រៀបរាប់​ទាំង​នេះ​ថា «មិន​សម​ហេតុផល» ទេ។​

លោក​ក៏​បាន​បដិសេធ​របាយការណ៍​ស្រដៀង​គ្នា​មួយ​ដោយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CNN ដែល​ថា​ពួក​សហការី​របស់​ Trump ដែល​មាន​រួម​បញ្ចូល​លោក​ Manafort និង​លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ ​ដែល​នៅពេល​នេះ​បាន​លាលែង​ចេញ​ពី​តំណែង​ហើយ​នោះ បាន​ទាក់ទង​ជា​ទៀង​ទាត់​ជាមួយ​ពួក​ជនជាតិ​រុស្ស៊ី​នៅ​មុន​ការ​បោះឆ្នោត​នោះ។​

នៅ​ក្នុង​ក្រុង​មូស្គូ លោក Dmitry Peskov អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សេចក្តី​រាយការណ៍​នេះ «មិនផ្អែក​លើ​ការ​ពិត​ជាក់ស្តែង​ណា​មួយ​សោះ»។ ចំណែក​ឯ​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រុស្ស៊ី​វិញ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្រៅ​ប្រទេស​ដែល​បាន​និយាយ​ថា​ របាយការណ៍​អំពី​ការ​ទាក់ទង​គ្នា​ទាំង​នេះ​គ្មាន​មូលដ្ឋាន​ទេ។

អ្នកស្រី​ Maria Zakharova អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ពួក​អ្នក​ការ​ទូត​រុស្ស៊ី​ធ្វើ​សកម្មភាព​នៅ​ក្នុង​រង្វង់​នៃ​ការ​ប្រតិបត្តិ​ជា​ធម្មតា​សម្រាប់​ពួក​អ្នក​ការ​ទូត​នៃ​ប្រទេស​ទាំង​អស់៕

XS
SM
MD
LG