ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ការដាក់​ទណ្ឌកម្ម​លើ​មីយ៉ាន់ម៉ា​អាច​បណ្តាល​ឲ្យ​មាន​«សង្គ្រាម​ស៊ីវិល​ពេញ​ទំហឹង»


រូបឯកសារ៖ ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ រត់​ដើម្បី​គេចពី​កម្លាំង​យោធា​ក្នុង​អំឡុង​ពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ រត់​ដើម្បី​គេចពី​កម្លាំង​យោធា​ក្នុង​អំឡុង​ពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា ដោយ​បាន​ព្រមាន​ថា វិធានការ​ដាក់​ទណ្ឌកម្ម​អាច​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី បាន​ដកស្រង់​សម្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ដែល​បាន​និយាយ​ថា៖ «ការ​គំរាម​កំហែង​និង​ការ​ដាក់​សម្ពាធ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​ផងដែរ នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ហើយ​ពិតជា​គ្រោះថ្នាក់​បំផុត»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បន្ថែម​ថា គោល​នយោបាយ​បែប​នេះ​នឹង «រុញ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ពេញ​ទំហឹង»។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជួប​ប្រទះ​ភាព​ចលាចល​ចាប់​តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។ សកម្មជន​នានា​បាន​និយាយ​ថា ចាប់​តាំងពី​ថ្ងៃ​រដ្ឋប្រហារ​មក មាន​មនុស្ស​យ៉ាង​តិច ៥៥៧ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិសុខ​លើ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស។

មហា​អំណាច​អន្តរជាតិ​នានា​ បាន​ស្វះស្វែង​ដាក់​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេល​នេះ ទាំង​ការ​ដាក់​ទណ្ឌកម្ម​និង​ទាំង​ការ​អំពាវនាវ​ឲ្យ​អត់ធ្មត់​សុទ្ធតែ​មិន​អាច​បញ្ឈប់​របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បន្ត​អនុវត្ត​តាម​គោលដៅ​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG