ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​មីយ៉ាន់ម៉ា​ចាប់ផ្តើម​ប្រើ​វិទ្យុ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​បន្ទាប់ពី​ប្រឈម​នឹង​ការកាត់ផ្ដាច់​អ៊ីនធឺណិត


ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាន់​រូបថត​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​យោធា​ ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាន់​រូបថត​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​យោធា​ ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

ដោយ​របប​យោធា​មីយ៉ាន់ម៉ា​មាន​បំណង​ចង់​កាត់ផ្តាច់​ទាំង​ស្រុង​នូវ​សេវា​អ៊ីនធឺណិត សកម្មជន​មួយ​ចំនួន​នៅ​មីយ៉ាន់ម៉ា បាន​ងាក​ទៅ​ប្រើ​វិទ្យុ​ដើម្បី​ផ្សព្វផ្សាយ​សារ​នានា​ទៅ​កាន់​សាធារណជន។

វិទ្យុ​សហព័ន្ធ​ FM ​បាន​ចាប់ផ្ដើម​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ថ្ងៃ​ទី១ ​ខែ​មេសា។ វិទ្យុ​នេះ​ផ្សាយ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​អាទិត្យ។

ស្ថានីយ៍​វិទ្យុ​ដែល​គ្មាន​អាជ្ញាបណ្ណ​នេះ មាន​គោល​បំណង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ស្តាប់​អំពី​ព្រឹត្តិការណ៍​នានា​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស ហើយ​ស្រប​ពេល​នោះ​ដែរ អប់រំ​អ្នក​ស្តាប់​អំពី​ប្រព័ន្ធ​រដ្ឋាភិបាល​សហព័ន្ធ ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការគ្រប់គ្រង​បែប​ផ្តាច់ការ​របស់​របប​យោធា។

ស្ថាបនិក​ម្នាក់​នៃ​វិទ្យុ​នេះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ ​VOA​ ថា ​ការផ្សាយ​នេះ​គឺជា​វិធី​ថ្មី​មួយ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ស្តាប់​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​ក្នុង​ប្រទេស​បាន ​ដោយ​គ្មាន​ការឃោសនា​របស់​យោធា។

លោក​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវបាន​កាត់​ផ្តាច់ វិទ្យុ​សហព័ន្ធ​នេះ​នឹង​ក្លាយជា​មធ្យោបាយ​ទំនាក់ទំនង​ និង​ដើម្បី​ទាក់ទង​គ្នា​ទៅវិញ​ទៅមក»។

លោក​បាន​បញ្ជាក់​ថា ​វិទ្យុ​នេះ​នឹង​ផ្តល់​ព័ត៌មាន​ដល់​មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នានា​នៅ​តាម​មូលដ្ឋាន ​ហើយ​ពួកគេ​នឹង​អាច​ប្រើ​វិទ្យុ​នេះ​ដើម្បី​និយាយ​ទៅកាន់​សាធារណជន។

លោក​បាន​បន្ថែម​ថា ​វិទ្យុ​នេះ ​«នឹង​ក្លាយជា​អាវុធ​ដ៏​មាន​ឥទ្ធិពល» ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា៕

XS
SM
MD
LG