ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់ទណ្ឌកម្មសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (Myanmar Economic Corporation (MEC) ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺមួយសប្តាហ៍ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង្ក្រាបក្រុមហ៊ុនដែលមានការទាក់ទងនឹងយោធានេះ។
ក្រុមហ៊ុន MEC និងក្រុមហ៊ុនមួយទៀតឈ្មោះក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ា (Myanmar Economic Holdings Ltd (MEHL) មានទំនាក់ទំនងជាមួយយោធាគ្រប់គ្រងលើវិស័យជាច្រើននៃសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា រួមមានពាណិជ្ជកម្ម គ្រឿងស្រវឹង បារី និងទំនិញប្រើប្រាស់។
បន្ទាប់ពីដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈយោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងក្រុមហ៊ុនរដ្ឋឡើងវិញ។ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពីរខែគិតចាប់ពីការចាប់ផ្តើមនៃរដ្ឋប្រហារខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានធ្លាក់ខ្លួនដល់កម្រិតទាបថ្មីមួយ គឺការសម្លាប់ប្រជាជនស្លូតត្រង់ រួមទាំងកុមារផង»។
លោកបានបន្ថែមថា៖ «សកម្មភាពចុងក្រោយរបស់ចក្រភពអង់គ្លេសប្រឆាំងបណ្តាញមូលនិធិដ៏សំខាន់មួយរបស់យោធា និងធ្វើឲ្យពួកគេខាតបង់ ដោយសារការរំលោភសិទ្ធិមនុស្ស»។
ដោយរួមជាមួយសហរដ្ឋអាមេរិក អង់គ្លេសកាលពីសប្តាហ៍មុនបានប្រកាសអំពីការបង្កកទ្រព្យសម្បត្តិនិងការហាមឃាត់ការធ្វើដំណើរទាក់ទងនឹងក្រុមហ៊ុន MEHL។ ទីក្រុងវ៉ាស៊ីនតោនក៏បានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន MEC ដែរ។
ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន MEC នឹងត្រូវអនុវត្តជាបន្ទាន់ចំ ពោះការចូលរួមរបស់ក្រុមហ៊ុននេះ នៅក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈការផ្តល់មូលនិធិដល់យោធានិងការទាក់ទងរបស់ក្រុមហ៊ុនជាមួយឥស្សរជនយោធាជាន់ខ្ពស់។
ការិយាល័យក្រសួងការបរទេសបាននិយាយថា ការឆ្លើយតបទៅនឹងភស្តុតាងដែលអាចជឿទុកចិត្តបានថា ក្រុមហ៊ុនបានចូលរួមផ្តល់ថវិកាដល់យោធាមីយ៉ាន់ម៉ា៕