រុស្ស៊ីបានប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះរួមទាំងការបង្ខំឱ្យមនុស្សរាប់ពាន់នាក់ទៅក្នុងជំរំសួរចម្លើយស្របពេលដែលមានសេចក្តីរាយការណ៍ថា ចំនួនជនភៀសខ្លួនដែលរត់គេចពីសង្គ្រាម មានចំនួនកើនឡើងជាង៦លាននាក់ហើយនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការឈ្លានពានរបស់រុស្ស៊ីក៏បាននាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយដ៏ខ្លាំង ដោយមេដឹកនាំប្រទេសហ្វាំងឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹតមួយនេះ ត្រូវតែដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការអូតង់ «ដោយគ្មានការពន្យារពេល» ដែលការណ៍នេះបានបណ្តាលឱ្យមានការព្រមានសងសឹកយ៉ាងខ្លាំងពីរដ្ឋាភិបាលរុស្ស៊ី។
ក្នុងសង្គ្រាមដែលមានរយៈពេល១១សប្តាហ៍កន្លងទៅរបស់ខ្លួននោះកងទ័ពរុស្ស៊ីបានរងការ ចោទប្រកាន់ពីការប្រព្រឹត្តអំពើព្រៃផ្សៃ រួមទាំងការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធ ការធ្វើទារុណកម្មនិងការចាប់រំលោភជាដើម។
ទូរទស្សន៍ CNN និង BBCកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញផ្សាយនូវអ្វី ដែលពួកគេបាននិយាយថា ជារូបភាពដែលទទួលបានពីកាម៉េរាសុវត្ថិភាពដែលបង្ហាញពីទាហានរុស្ស៊ីបាញ់ទៅលើជនស៊ីវិលអ៊ុយក្រែន២នាក់ពីក្រោយ។
បុរសទាំង២នាក់នោះទំនងជាគ្មានអាវុធនោះឡើយ។ រូបភាពបានបង្ហាញពីពួកទាហានរុស្ស៊ីបានឆែកឆេរលើខ្លួនប្រាណរបស់បុរសទាំងពីរនាក់នេះមុនពេលអនុញ្ញាតឱ្យពួកគេដើរចេញពីបរិវេណពាណិជ្ជកម្មនៅខាងក្រៅរដ្ឋធានីកៀវ។
តាមរូបភាពនោះបានបង្ហាញថា បុរសម្នាក់បានស្លាប់នៅចំណុចកើតហេតុ ហើយបុរសម្នាក់ទៀតបានស្លាប់បន្តិចក្រោយមក។
ការសម្លាប់នេះបានកើតមានឡើងកាលពីថ្ងៃទី១៦ ខែមីនា ហើយត្រូវគេស៊ើបអង្កេតថាជាបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមទូរទស្សន៍ CNN ។ ទីភ្នាក់ងារព័ត៌មាន AFP មិនបានបញ្ជាក់ពីរូបភាពវីដេអូនេះ ពីប្រភពឯករាជ្យបានទេ។
ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ពួកអ្នកស៊ើបអង្កេតនិងអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់កងទ័ពរុស្ស៊ីថាបានបាញ់ចេញពីរថក្រោះទៅលើលំនៅដ្ឋានរស់នៅរបស់អ្នកស្រុកនៅភូមិមួយនៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល៣នាក់។
ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីថ្ងៃទី២៧ ខែមីនានៅក្នុងភូមិ Stepanki នៅខាងក្រៅទីក្រុង Kharkiv ។ នេះបើតាមការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែន ដែលបាននិយាយនៅលើ Telegram៕