ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ុយក្រែន​បាន​រុលទៅមុខ​ និង​​បាន​រុញ​កងទ័ព​រុស្ស៊ី​ចេញពី​ទីក្រុង Kharkiv របស់​ខ្លួន


រូបឯកសារ៖ ទាហានអ៊ុយក្រែនបាញ់គ្រាប់តាមកាណុងរថក្រោះប្រភេទ 2S1 Gvozdika ខណៈការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននៅបន្តកើតឡើង នៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២។

ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​បាន​ធ្វើ​ដំណើររុល​ទៅមុខ​ និង​បានជំរុញ​ឱ្យ​កងទ័ព​រុស្ស៊ី​ចេញពី​ទីក្រុង Kharkiv ដែល​ជា​ទីក្រុង​មួយស្ថិត​នៅ​ផ្នែក​ខាង​កើត​អ៊ុយ ក្រែន ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​ចាប់តាំងពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ការ​ឈ្លាន​ពាន​របស់​ខ្លួន​កាលពី​ចុង​ខែ​កុម្ភៈ​មក។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​យ៉ាង​ប្រយ័ត​ប្រយែង​នូវ​អ្វី​ដែល​លោក​បាន​ហៅ​ថា«ព័ត៌មាន​ល្អ»នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អង្គារ​ ដោយ​និយាយ​ថា «ពួក​អ្នក​ឈ្លានពានកំពុង​ត្រូវ​បាន​រុញចេញ​ជា​បណ្តើរៗហើយ»។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​បង្ហោះសារ​តាម Twitterនៅ​ថ្ងៃ​ពុធ​នេះ​ដោយ​បាន​ថ្លែង​អំណរ គុណដល់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹង​ផ្តល់​ជំនួយ​យោធា​និង​មនុស្សធម៌​ដែល​មាន​ទឹកប្រាក់​ជិត៤០ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​របស់​លោក។

សេចក្តី​ព្រាង​ច្បាប់ត្រូវតែទទួល​ការអនុម័ត​យល់​ព្រម​ផង​ដែរ​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។ហើយ​សេចក្តី​ព្រាងច្បាប់​នេះ​រួមមាន​ប្រាក់​ជាង៧ពាន់​លាន​ដុល្លារលើស​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ស្នើសុំ​កាលពី​សប្តាហ៍​មុន។

លោក​ប្រធានាធិបតី Bidenមាន​ប្រសាសន៍​ថា រដ្ឋបាល​របស់លោក«ជិត​អស់​ថវិកា» ដែល​លោក​មាន ​ដើម្បី​បញ្ជូន​អាវុធ​និង​ឧបករណ៍​យោធា​ផ្សេង​ទៀត​ពី​ឃ្លាំង​អាវុធ​របស់​ក្រសួង​ការ ពារ​ជាតិ​អាមេរិក​ទៅ​ឱ្យប្រទេស​អ៊ុយក្រែន​ហើយ។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា កងទ័ព​អ៊ុយក្រែន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការប្រើ​យន្តហោះ​ដ្រូនដែលគ្មាន​មនុស្ស​បើក ​ដើម្បី​វាយ​ប្រហារ​ប្រព័ន្ធ​ការពារ​ដែន​អាកាសនិង​នាវា​ដឹក​គ្រឿង​ផ្គត់ផ្គង់​រុស្ស៊ី ​នៅពេល​ដែល​រុស្ស៊ី​ព្យាយាម​ពង្រឹង​ទីតាំង​មួយ​កន្លែង​នៅ​លើ​កោះ Zimiinyi។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃកោះ​នោះ ដោយ​និយាយ​ថា ប្រ សិនបើរុស្ស៊ី​អាច​ពង្រឹង​ទីតាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​យុទ្ធសាស្ត្រ​និង​កាំជ្រួច​មីស៊ីល Cruise នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​បាន ពួកគេ​អាច​គ្រប់គ្រង​សមុទ្រ​ខ្មៅ​ភាគ​ពាយ័ព្យ​បាន។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា រុស្ស៊ី​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញទៅ​លើកំពង់ផែ Odesa របស់​អ៊ុយក្រែន​ ដែល​ស្ថិត​នៅ​សមុទ្រ​ខ្មៅ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ប៉ុនប៉ង​បង្អាក់​ការដឹកជញ្ជូន​អាវុធ​សំខាន់ៗ​និង​ការផ្គត់ផ្គង់​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល១១សប្តាហ៍ហើយ​នោះ៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG