ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហភាព​អឺរ៉ុប​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ៦​ខែ​បន្ថែម​ទៀត


ទង់ជាតិ​សហភាព​​អឺរ៉ុប​នៅ​ខាង​ក្រៅ​ការិយាល័យ​កណ្តាល​នៅ​ក្រុង​ Brussels។ សហភាព​អឺរ៉ុប​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ៦​ខែ​បន្ថែម​ទៀត។

នៅ​ថ្ងៃ​ច័ន្ទនេះ​ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃសហភាពអឺរ៉ុប​បានយល់ស្របគ្នា​ជា​ផ្លូវការ​ក្នុង​ការ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​រុស្សី​ចំនួន​៦​ខែ​ត​ទៅ​ទៀត​ ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​មុខនាទី​របស់ប្រទេស​នោះ​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន​នៅជិតខាង។

វិធានការ​នេះ​ត្រូវ​បាន​ចាត់​ឡើង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៃ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្លុក​ដែលមាន​ប្រទេស២៨ជា​សមាជិក នៅ​ក្នុង​ប្រទេសលុចហ្សឹមប៊ួរ​។ ក្រុម​ប្រេសិត​នៃសហភាព​អឺរ៉ុប​បាន​យល់ព្រម​លើ​វិធានការ​នេះ​ជា​ដំបូងកាលពី​សប្តាហ៍​មុន។​

ការ​ដាក់ទណ្ឌកម្ម​ទាំង​នេះ​ ដែល​បាន​ចាត់​ទី​ដៅ​លើ​វិស័យថាមពល វិស័យ​ការពារជាតិ និង​វិស័យ​ហិរញ្ញវត្ថុនៃ​ប្រទេស​រុស្សីបាន​ត្រូវ​ដាក់​ឲ្យ​មាន​ឡើង​ចាប់​តាំង​ពីខែ​កក្កដាឆ្នាំ២០១៤​ ប្រមាណ​៤​ខែ​ក្រោយ​ប្រទេស​រុស្សីបាន​ចូល​កាន់កាប់​ឧបទ្វីប​គ្រីម៉េ​នៃប្រទេសអ៊ុយក្រែន​។​ ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​នឹង​មាន​ជា​ធរមានរហូត​ដល់ថ្ងៃ​ទី៣១ខែ​មករា​ឆ្នាំ២០១៦។​

លោក Dmitri Peskov អ្នកនាំ​ពាក្យ​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា​ ប្រទេស​រុស្សី​ចាត់ទុកការ​ដាក់ទណ្ឌកម្ម​ទាំង​នេះ​ថា​ គា្មន​មូលដ្ឋាន ​ហើយ​ថា​ មូលដ្ឋាន​សម្រាប់​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​គឺ «ការ​សងសឹក»។ ​ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា​ ​នេះ​អាចមាន​ន័យ​ថា​ នឹងមាន​ការហាមប្រាម​មិន​ឲ្យ​ដឹកជញ្ជូន​ផលិតផល​ម្ហូបអាហារ​អឺរ៉ុប​ចូល​ទៅ​ក្នុង​ប្រទេសរុស្សី៕

XS
SM
MD
LG