លោកPetro Poroshenko ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានហៅការធ្លាក់យន្តហោះក្រុមហ៊ុនម៉ាឡេស៊ីជើងហោះហើរលេខ MH17ថា ជា«ការវាយប្រហាររបស់ក្រុមភេរវករដោយអត់មេត្តា»ហើយបាននិយាយថា ការបាញ់ប្រហារដោយគ្រាប់មីស៊ីលនេះអាចកើតមានឡើងបានតែដោយមានការចូលរួមពីប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការមួយកាលពីថ្ងៃសុក្រ លោកPoroshenkoបានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនមានការទទួលខុសត្រូវ«ផ្នែកមនសិការ»ក្នុងការផ្តល់កិត្តិយសដល់ជនរងគ្រោះដើម្បីធានាឲ្យមានការដាក់ទោសសមស្របលើជនទាំងឡាយណា ដែលទទួលខុសត្រូវលើការបាញ់ទម្លាក់យន្តហោះនោះ។ លោកបានបន្ថែមទៀតថា «ឃាតករគួរតែដឹងថាការដាក់ទោសទណ្ឌគឺ ជៀសមិនរួចទេ»។
នៅក្នុងខួបមួយឆ្នាំនៃការធ្លាក់យន្តហោះនៅថ្ងៃសុក្រនេះ ក្រុមអ្នកកាន់ទុក្ខសម្រាប់ជនរងគ្រោះទាំង២៩៨នាក់ បានមកជួបជុំគ្នានៅភូមិHrabove នៃប្រទេសអ៊ុយក្រែននៅជិតកន្លែងធ្លាក់យន្តហោះនោះដែលស្ថិតនៅភាគខាងកើតប្រទេស។
ពិធីនៅថ្ងៃសុក្រនេះក៏រួមមានការសម្ពោធវិមានមួយ ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលពួកឧទ្ទាមនៅក្នុងតំបន់។
ក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានស្តីបន្ទោសពួកឧទ្ទាមដែលនិយមរុស្ស៊ីចំពោះការបាញ់ទម្លាក់យន្តហោះនោះ រដ្ឋាភិបាលក្រុងមូស្គូ និងពួកឧទ្ទាមបានបដិសេធមិនទទួលខុសត្រូវ ហើយស្តីបន្ទោសលើកងកម្លាំងទាហានអ៊ុយក្រែនថាជាអ្នកធ្វើ៕