ប្រទេសរុស្ស៊ីបានជំទាស់នឹងសេចក្តីសម្រេចរបស់អ.ស.បដែលកំពុងតែបង្កើតសំណុំរឿងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីកាត់ទោសអ្នកដែលបានបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីដែលហោះកាត់ភាគខាងកើតប្រទេសអ៊ុយក្រែន។ ហេតុការណ៍នោះកើតឡើងនៅថ្ងៃ១៧ ខែកក្កដាកាលពីឆ្នាំមុន នៅលើទឹកដីគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី។ មនុស្សនៅលើយន្តហោះ ចំនួន២៩៨នាក់បានស្លាប់ទាំងអស់។
សេចក្តីព្រៀងនៃសេចក្តីសម្រេចនេះ ត្រូវបានគាំទ្រដោយសមាជិក១១នាក់ក្នុងចំណោមសមាជិក១៥នាក់នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ សមាជិកបីនាក់ទៀតមិនបានចូលរួមបោះឆ្នោតនេះឡើយ។ បេសកកជនរុស្ស៊ីប្រចាំនៅអ.ស.បលោកVitaly Churkin គឺជា អ្នកលើកដៃជំទាស់នឹងសេចក្តីសម្រេចនេះតែម្នាក់ឯងគត់។
«តើការស៊ើបអង្កេតនេះអាចទប់ទល់នឹងផ្ទាំងឃោសនាដ៏លើសលប់នៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឬទេ? តើវាអាចទប់ទល់នឹងសម្ពាធនៃដើមហេតុនយោបាយជាក់លាក់បានទេ បើមូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះ និងអ្នកដែលមានទោសពីបទបង្កឲ្យមានមហន្តរាយនេះ ត្រូវបានគេកំណត់ដាក់ឈ្មោះឲ្យមុនរួចជាស្រេចហើយនោះ»?
រដ្ឋាភិបាលក្រុងមូស្កូបានបដិសេធនឹងការអះអាងដែលថាក្រុមឧទ្ទាមគ្រាំទ្ររុស្ស៊ីជាអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្តហោះនោះ និងបានបន្ទោសរដ្ឋាភិបាលអ៊ុយក្រែនពីការធ្លាក់យន្តហោះនោះ។ អ្នកដំណើរចំនួនពីរភាគបីនៅក្នុងយន្តហោះនោះគឺជា ជនជាតិហូឡង់។
«ប្រសិនបើនរណាម្នាក់នៅទីនេះនិយាយពី ល្បែងនយោបាយ អ៊ីចឹងនេគឺជា ល្បែងយោបាយដែល លេងជាមួយនឹងសាកសពមនុស្ស គឺវាគួរឲ្យស្អប់ខ្ពើម»។
ប្រទេសម៉ាឡេស៊ីដែលគាំទ្រដោយប្រទេសហូឡង់ អូស្រ្តាលី ប៊ែលហ្ស៊ិក និងអ៊ុយក្រែន បានជំរុញឲ្យមានតុលាការមួយដើម្បីកាត់ទោស អ្នកដែលទទួលខុសត្រូវលើការបាញ់យន្តហោះនោះ។
«ក្រៅពីការចូលរួមផ្តល់សារគាំទ្រយុត្តិធម៌ និងការជំរុញឲ្យមានការទទួលខុសត្រូវ យើងកំពុងតែផ្តល់សារដ៏គ្រោះថ្នាក់មួយដែលគាំទ្រនិទណ្ឌភាពដល់ជនប្រព្រឹត្តបទល្មើសដ៏ព្រៃផ្សៃនេះ ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើររបស់ជនស៊ីវិលនៅតំបន់ដែលមានជម្លោះនាពេលអនាគតផងដែរ»។
ប៉ុន្តែទាំងប្រទេសម៉ាឡេស៊ី និងស.រ.អាបានថ្លែងយ៉ាងមុតមាំថា ការបោះឆ្នោតប្រឆាំងរបស់ប្រទេសរុស្ស៊ី នឹងមិនអាចបញ្ឈប់ពួកគេពីការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេបានទេ។
«នេះមិនមែនជាមធ្យាបាយតែមួយ ក្នុងការស្វែងរកយុត្តិធម៌ទេ។ ហើយខ្ញុំគិតថាតាមរយៈការសន្ទនារបស់ខ្ញុំជាមួយប្រតិភូម៉ាឡេស៊ី ហូឡង់ អូស្រ្តាលី និងគណៈប្រតិភូដទៃទៀត គឺពូកគេបានគិតឃើញពីវិធីបង្កើតស្ថាប័នឯករាជ្យមួយ ដែលមិនចាំបាច់តែបង្កើតចេញពីក្រុមប្រឹក្សាសន្តិសុខអ.ស.បនោះទេ»។
គណៈកម្មាធិការសុវត្ថិភាពរបស់ប្រទេសហូឡង់រំពឹងថា នឹងចេញផ្សាយរបាយការណ៍ចុងក្រោយមួយស្តីអំពីការធ្លាក់យន្តហោះនោះនៅខែតុលា។
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស