ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​អាមេរិក​ចោទ​គ្នា​ទៅវិញ​ទៅ​មក​អំពី​បញ្ហា​​អ៊ុយក្រែន​នៅ​អង្គការ​សហប្រជាជាតិ


អ្នកស្រី Linda Thomas-Greenfield (កណ្ដាល) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
អ្នកស្រី Linda Thomas-Greenfield (កណ្ដាល) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​អំពី​បញ្ហា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​កាលពី​ថ្ងៃ​ចន្ទ​អំពី​«ការ​បង្កើត​ភាព​តានតឹង»​នៅ​ប្រទេស​អ៊ុយក្រែន​ហើយ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​នាំ​«ពួក​ណាហ្ស៊ី» ឡើង​កាន់​អំណាច​នៅ​ក្នុង​ទីក្រុង​កៀវ​ នៅពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការជជែក​ដេញដោលខ្លាំងអំពី​ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ី​នៅ​ជិតប្រទេស​ជិត​ខាង​ភាគ​ខាង​ត្បូង​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​រិះគន់​តបត​វិញ​ថា ការកើន​ឡើង​នូវ​កងកម្លាំង​យោធា​របស់​រុស្ស៊ី​ជាង​១សែន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន ជា​«ការ​ដាក់ពង្រាយ​កងទ័ព​ដ៏ធំ​បំផុត»​នៅ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ក៏​មាន​ការ​កើនឡើងនូវការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​និង​ព័ត៌មាន​ក្លែងក្លាយ​របស់​រុស្ស៊ី​ផងដែរ។

លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ពួកគេ​កំពុង​ប៉ុនប៉ង​ដោយ​មិន​មាន​មូលដ្ឋានការពិត​ ដើម្បី​លាប​ពណ៌​អ៊ុយក្រែន​និង​ប្រទេស​លោក​ខាង​លិច​ថា​ជា​អ្នក​ឈ្លានពាន​ដើម្បី​បង្កើត​លេស​ធ្វើ​ការ​វាយ​ប្រហារ»។

ការ​បោះ​ពាក្យ​សម្តី​ដាក់​គ្នាដ៏​ខ្លាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​នេះ បាន​កើត​មាន​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​បរាជ័យ​ក្នុង​ការរារាំង​ជំនួប​នេះ​ ហើយ​បាន​ឆ្លុះ​បញ្ចាំងអំពី​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​រវាង​មហា​អំណាច​នុយក្លែអ៊ែរ​ទាំង២។ វា​ជា​ការបើក​សម័យ​ប្រជុំ​លើក​ទី១​ដែល​តួអង្គ​សំខាន់ៗទាំង​អស់​នៅ​ក្នុង​វិបត្តិ​នៅ​អ៊ុយក្រែន ​និយាយ​ជា​សាធារណៈ ទោះបី​ក្រុម​ប្រឹក្សា​សន្តិសុខ​ដ៏​មាន​អំណាច​បំផុត​របស់​អង្គការ​សហប្រជាជាតិ​នេះ មិន​បាន​ចាត់​វិធានការ​អ្វី​ក៏ដោយ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើ​ការឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ដល់​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​គោលបំណង​បន្ថយ​ការតានតឹង​នៃ​វិបត្តិ​នេះ។ នេះ​បើ​តាម​ក្រុម​មន្ត្រី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ៕

XS
SM
MD
LG