ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​​វិបត្តិ​រុស្ស៊ី​និង​អ៊ុយក្រែន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ ចូលរួម​​ក្នុង​​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​​​តាម​អនឡាញ ពី​ប្រទេស​រុស្ស៊ី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (Alexei Nikolsky, Sputnik, Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ ចូលរួម​​ក្នុង​​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​​​តាម​អនឡាញ ពី​ប្រទេស​រុស្ស៊ី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (Alexei Nikolsky, Sputnik, Kremlin Pool Photo via AP)

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ពេល​ដើម្បី​ពិភាក្សា​វិបត្តិ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ក្នុង​សម័យ​ប្រជុំ​មួយដែល​អំពាវនាវ​ឱ្យ​មាន​ឡើង​ដោយសហរដ្ឋ​អាមេរិក ​ដើម្បីដោះស្រាយបញ្ហា​ការ​ដាក់​ពង្រាយ​កងទ័ព​ជាង​១​សែន​នាក់​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់និង​«សកម្មភាព​ដែល​ធ្វើ​ឲ្យ​មាន​អស្ថិភាព​ផ្សេង​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​ប្រាប់កម្មវិធី«This Week»នៃ​បណ្តាញ​ទូរទស្សន៍ ABC កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​គាប​សង្កត់​រុស្ស៊ី​ឲ្យ​បង្ហាញ​នូវ​ហេតុផលនៃ​ការ​ដាក់ពង្រាយ​កងទ័ព​ដ៏​ច្រើន​របស់​ខ្លួន។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «សំឡេង​របស់​យើង​មាន​ការ​រួបរួម​គ្នា​នៅ​ក្នុង​ការអំពាវនាវឲ្យ​រុស្ស៊ី​ពន្យល់​អំពី​ចំណាត់ការរបស់​ពួក​គេ»។

រុស្ស៊ី​បាន​ច្រានចោល​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក ដោយ​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Dmitry Polyanskiy បាន​ហៅ​សម័យ​ប្រជុំ​នេះ​ថា​ជា«ការ​សម្តែង»ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ។

រុស្ស៊ី​ជា​សមាជិក​១​នៃ​សមាជិក​អចិន្ត្រៃយ៍​៥​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​អាច​ប្រើ​អំណាច​វ៉េតូ​របស់​ខ្លួន​ដើម្បី​រារាំង​ចំណាត់ការ​នៃ​ការ​ដាក់ទណ្ឌកម្ម​ណា​មួយ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​រុស្ស៊ី។

ជំនួប​នៅ​ថ្ងៃ​ចន្ទ​នេះ​ជា​ការពិភាក្សា​ថ្មីៗ​បំផុត​អំពី​ជម្លោះ ខណៈមាន​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ខាង​ការទូត។ សហរដ្ឋ​អាមេរិក​បាន​គំរាម​កំហែង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង ប្រសិន​បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​បាន​ច្រានចោល​ការទាមទារ​របស់​រុស្ស៊ី​ឲ្យ​អង្គការ​អូតង់​ដក​កងទ័ព​ចេញពី​តំបន់​អឺរ៉ុប​ខាង​កើត ហើយ​នឹង​រារាំង​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​ក្នុងអង្គការ​អូតង់៕

XS
SM
MD
LG