សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននិងប្រទេសរុស្ស៊ី គ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងរួមគ្នាមួយ ដោយដាក់បញ្ចូលបញ្ហាជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងដែលភាគីជាច្រើនក្នុងតំបន់អាស៊ានទាមទារ ជាកម្មសិទ្ធិ។
បញ្ហាសេរីភាពនាវាចរណ៍និងការមិនប្រើកម្លាំងយោធា នឹងត្រូវគេសរសេរ ចូលក្នុងសេចក្ដីថ្លែងការណ៍ក្រុងសូជី ហើយត្រូវគេរំពឹងថា នឹងត្រូវបានអនុម័តនៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ាន រុស្ស៊ី ដែលគេរៀបចំឡើងចំខួបលើកទី២០ឆ្នាំនៃទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ី។
សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៦ ដែល VOA ទទួលបានពីអ្នកការទូតអាស៊ីម្នាក់ បាននិយាយថាមេដឹកនាំអាស៊ាននិងរុស្ស៊ី បានព្រមព្រៀងគ្នាមុនកិច្ចប្រជុំស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការជាច្រើន រួមទាំងបញ្ហាសន្តិសុខ សេដ្ឋកិច្ច សង្គមនិងបរិស្ថានក្នុងតំបន់និងសកលជាដើម។
សេចក្ដីព្រាងនេះ បានបញ្ជាក់ថា រុស្ស៊ីកំពុងរំកិលខ្លួនពីដៃគូសន្ទនាទៅជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដែលមានកម្ពុជា ជាសមាជិកផងនោះ។
សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ដែលបានសរសេរដោយមានការយល់ព្រមពីរុស្ស៊ីអាស៊ានផងនោះ បានបញ្ជាក់ពីជំហរទាក់ទងនឹងសមុទ្រចិនខាងត្បូងថា៖
«ត្រូវធានាសន្តិសុខនិងសុវត្ថិភាពលើផ្ទៃសមុទ្រ សេរីភាពនាវាចរណ៍ សេរីភាពនៃការហោះហើរ (យន្តហោះ) និងគ្មានការរំខានផ្នែកពាណិជ្ជកម្ម។ គាំទ្រការមិនបង្ករឿង មិនប្រើកម្លាំងឬគំរាមប្រើកម្លាំងយោធា ហើយដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីនិងតាមច្បាប់ដែលទទួលស្គាល់ជាអន្តរជាតិ រួមទាំងគោលការណ៍អន្តរជាតិនានា និងគោលការណ៍ដែលបញ្ជាក់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប) ច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប ហៅថា UNCLOS និងបទដ្ឋានពាក់ព័ន្ធនានាដែលទាក់ទងនឹងប្រតិបត្តិការអង្គការ អាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងអង្គការសមុទ្រអន្តរជាតិ»។
សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍នោះ ក៏បានបញ្ជាក់ដែរថា៖
«សូមគាំទ្រការអនុវត្តន៍ឲ្យមានប្រសិទ្ធភាពពេញលេញចំពោះសេចក្ដីថ្លែងការណ៍ប្រតិបត្តិ (DOC) របស់ភាគីពាក់ព័ន្ធ នៃសមុទ្រចិនខាងត្បូង និងគាំទ្រការបញ្ចប់ឲ្យបានឆាប់ចំពោះក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង (COC) ឲ្យមានប្រសិទ្ធភាព ឈរលើ មូលដ្ឋាននៃមតិជាឯកច្ឆន្ទ»។
ទោះបីជា ប្រទេសចិនកំពុងគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ដែលធ្វើឲ្យប្រទេសជាច្រើនក្នុងតំបន់អាស៊ានដែលទាមទារកម្មសិទ្ធិផងនោះ មិនសប្បាយចិត្តក្ដី ក៏សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនឈ្មោះ The USS William P. Lawrence កាលពីសប្ដាហ៍មុន ដើម្បីអនុវត្តន៍សេរីភាពនៃការធ្វើនាវាចរណ៍។
ការណ៍នោះ បានធ្វើឲ្យចិនមិនសប្បាយចិត្ត ហើយចិននិយាយថាកប៉ាល់អាមេរិកាំង បានចូលដែនទឹករបស់ខ្លួនខុសច្បាប់។ ចិនចាត់ទុកថា នេះជាការគំរាមដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ប្រទេសរុស្ស៊ីប្រាថ្នាចង់បានសន្តិភាពនិងសន្តិសុខ ក្នុងតំបន់ ដោយបានព្រមព្រៀង ជាមួយសមាគមអាស៊ានទាំង១០ប្រទេសចំពោះការប្ដេជ្ញាក្នុងការធ្វើឲ្យមានសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក។
លោក John Ciorciari សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃ សកលវិទ្យាល័យ មីឈីហ្គិន (University of Michigan )ដែលសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ VOA ភាសាខ្មែរថា ការបង្កើនទំនាក់ទំនងរបស់រុស្ស៊ីក្នុងតំបន់អាចធ្វើឲ្យរុស្ស៊ីនិងអាស៊ានមានផលប្រយោជន៍ដូចគ្នា។
«ប្រទេសរុស្ស៊ីដែលដឹកនាំដោយលោក ពូទីន កំពុងរកវិធីដើម្បីពង្រឹងឥទ្ធិពលនិងកេរ្តិ៍ឈ្មោះក្នុងពិភពលោកដែលខ្លួនមានកាលពីអតីតកាលឡើងវិញ។ ក្រុមហ៊ុនប្រទេសរុស្ស៊ីផ្នែកវិស័យការពារជាតិកំពុងសម្លឹងមើលទីផ្សារនានាដែលខ្លួនអាចនាំចេញបាន។ ដូច្នេះហើយរុស្ស៊ីអាចមានលទ្ធភាពធ្វើជាដៃគូសម្រាប់ប្រជាជាតិអាស៊ានក្នុងការព្យាយាមធ្វើឲ្យមានពហុទំនាក់ទំនងនៃឥទ្ធិពលរបស់ខ្លួន ក្នុងអំឡុងពេលចិនកំពុងរីក ឥទ្ធិពល»។
លោកសាស្ត្រាចារ្យរូបនេះ ក៏បានសម្លឹងមើលឃើញពីផលប្រយោជន៍សេដ្ឋកិច្ចដែលអាស៊ានមានដៃគូច្រើនដែរ ជាពិសេសជាមួយមហាអំណាចតំបន់។
«ចំណងទាក់ទងជាមួយមហាអំណាចដូចជាឥណ្ឌា រុស្ស៊ី ជួយដល់ប្រជាជាតិអាស៊ាន ក្នុងការពង្រីកសមត្ថភាព តភ្ជាប់ជាប្រព័ន្ធជាមួយប្រទេសសំខាន់ៗនៃបណ្ដាញតំបន់ ដែលមានដៃគូចម្រុះជាតិសាសន៍ ហើយជួយដល់សមាជិកអាស៊ានជៀសផុតពីការ កាន់ជើងភាគីណាមួយក្នុងពេលដែលមានកំណើននៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិង ចិន»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានអះអាងថាប្រទេសរុស្ស៊ី ហាក់ដូចជាមានការប្រឹងប្រែងភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសអាស៊ានមែន តែរុស្ស៊ី មិនទាន់ធ្វើដល់កម្រិតទំនាក់ទំនងរបស់ខ្លួនជាមួយចិនទេ។
«ប្រទេសរុស្ស៊ីប៉ុន្មានឆ្នាំចុងក្រោយនេះគឺផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតំបន់អាស៊ី ដោយសារប្រទេសរុស្ស៊ីទទួលរងនូវសម្ពាធការទូតនិងសេដ្ឋកិច្ចពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ដូច្នេះអាស៊ីគឺជាច្រកទ្វារមួយដ៏សំខាន់ដើម្បីឲ្យប្រទេសរុស្ស៊ីហ្នឹង អាចបន្តនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាបន្តយុទ្ធនាការការទូតនិងការបរទេសរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោក បន្តថា រុស្ស៊ីទំនងជាមិនអាចក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានបានភ្លាមៗដូចសហរដ្ឋអាមេរិកទេ ដោយសារភាពជាក់ស្ដែង រុស្ស៊ីពុំទាន់មានគោលនយោបាយច្បាស់លាស់ មិនទាន់មានតួនាទីផ្នែកសេដ្ឋកិច្ចជាដុំកំភួននៅឡើយទេទាក់ទងនឹងពាណិជ្ជកម្ម ហើយនិងការវិនិយោគ។
តែលោក ឈាង វណ្ណារិទ្ធ បានអះអាងថា ប្រទេសកម្ពុជាអាចមានផលប្រយោជន៍ពីរុស្ស៊ីទៅលើបញ្ហាទេសចរណ៍ និងថាមពលជាដើម។
«យើងឃើញថាសេដ្ឋកិច្ចរបស់រុស្ស៊ីគឺផ្នែកថាមពល។ អីចឹងទេ តួនាទីរបស់រុស្ស៊ីក្នុងតំបន់អាស៊ី គឺផ្នែកថាមពលហ្នឹងហើយ។ តែតម្លៃប្រេងឆៅមានការធ្លាក់ចុះ សេដ្ឋកិច្ចរុស្ស៊ីមានការធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះទំនាក់ទំនងពាណិជ្ជកម្ម រុស្ស៊ីនិងអាស៊ាន ក៏ពុំទាន់មានការរីកចម្រើនជាដុំកំភួនដែរ។ ហើយការវិនិយោគរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ានយើងនេះ ក៏នៅមានកម្រិតដែរ បើធៀបទៅនឹងដៃគូពិភាក្សាដូចជា ចិន កូរ៉េ សហរដ្ឋអាមេរិក ជាដើម»។
លោក ឈាង វណ្ណារិទ្ធ បានបន្តថា ប្រទេសអាស៊ានជាច្រើនចង់ឲ្យរុស្ស៊ីមានតួនាទីមិនលម្អៀងមួយ ដើម្បីសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង ដែលប្រទេសអាស៊ានមួយចំនួនរួមទាំង វៀតណាមនិងហ្វីលីពីនកំពុងតទល់ខ្លាំងជាងគេជាមួយ ការទាមទារកម្មសិទ្ធិនៅដែនសមុទ្រចិនខាងត្បូងនោះ។
«កន្លងទៅ ភាពតានតឹងកើនឡើង ហើយប្រទេសចិននិងរុស្ស៊ីបានចងគ្នា កៀកស្មាគ្នា ក្នុងនយោបាយ សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អីចឹងទេក៏វាអាចជាការគំរាមកំហែងដល់តួនាទីស្នូលរបស់អាស៊ានក្នុងការទប់ទល់ជម្លោះក៏ដូចជាការជំរុញសន្តិភាពនិងស្ថិរភាពនៅក្នុងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងហ្នឹងដែរ។ អីចឹងទេ ខ្ញុំគិតថារុស្ស៊ី គួរតែពង្រឹងជំហររបស់ខ្លួនអព្យាក្រឹតនៅក្នុងបញ្ហាសមុទ្រចិន ខាងត្បូងហ្នឹង គឺមិនកាន់ជើងទៅខាងណាទេ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត យល់ឃើញថា រុស្ស៊ីបានចាប់ដៃជាមួយចិនមែន ក្នុងពេលសហរដ្ឋអាមេរិក បែរគោលនយោបាយការបរទេសមកកាន់តំបន់អាស៊ី តែទោះជាមហាអំណាចដែលបានធ្លាក់គឺរុស្ស៊ី និងមហាអំណាចចិនដែលកំពុងកើនឥទ្ធិពល កំពុងប្រជែងជាមួយនឹងសហរដ្ឋអាមេរិកក្ដី ក៏មិនអាចវ៉ាសហរដ្ឋអាមេរិកបានដែរ បើគេសម្លឹងមើលលើ នយោបាយការបរទេស វិស័យយោធា និងសេដ្ឋកិច្ចអាមេរិកនោះ។
ប៉ុន្តែ អ្វីដែលលោកបារម្ភ គឺប្រទេសតូចៗក្នុងតំបន់អាស៊ានដូចជាកម្ពុជាស្ថិតក្នុងល្បែងនយោបាយរបស់មហាអំណាចទៅវិញ។
«ហើយបើសិនជាអីចឹងមែន តំបន់អាស៊ានរបស់យើងគឺជាតំបន់ក្ដៅជាងគេ ហើយកម្ពុជាជាប្រទេសតូចនឹងក្លាយជាកូនអុក បើសិនជាយើងធ្វើនយោបាយមិនប្រុងប្រយ័ត្ន។ នេះគឹជាការព្រួយបារម្ភរបស់ខ្ញុំខ្លាំងមែនទែន»។
លោកថ្លែងដូច្នេះ ដោយសារថានៅក្នុងតំបន់អាស៊ាន ប្រទេសជាច្រើនកំពុងមានបញ្ហានយោបាយផ្ទៃក្នុងនិងបញ្ហាតំបន់ជាច្រើនរាប់ទាំងបញ្ហាជម្លោះកម្មសិទ្ធិក្នុងដែនសមុទ្រចិនខាងត្បូងផង។
ទោះជាយ៉ាងណាក្ដី លោក អ៊ូ វីរៈ បន្ថែមថា កម្ពុជាកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដែលជាម្ចាស់បំណុលរបស់កម្ពុជាជាង១ពាន់៥០០លានដុល្លារនោះ នឹងមានផលប្រយោជន៍ខ្លះពីរុស្ស៊ីដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញទស្សនៈកិច្ចក្នុងប្រទេសរុស្ស៊ីដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី មុនពេលកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្ដើមនៅថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៦ ក្នុងក្រុងសូជីនោះ។
លោកនាយករដ្ឋមន្ត្រីដែលបានកោតសរសើរពីការរីកចម្រើនក្នុងប្រទេសរុស្ស៊ី ជាពិសេសក្នុងក្រុងសូជី ដែលលោកធ្លាប់បំពេញទស្សនកិច្ចកាលពី៣៤ឆ្នាំមុននោះ បានប្រកាសក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា កិច្ចព្រមព្រៀងអនុសារណៈចំនួន១០ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់លោក៕