ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា​​រាយការណ៍​ពី​ដំណើរ​ការ​បោះជំហាន​ទៅ​មុខ​លើ​បទបញ្ញតិ​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ដោយ​កាំភ្លើង


សំណើលោកអូបាម៉ាដើម្បីរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងប្រហែលមិនអាចសម្រេចគោលដៅក្នុងការបញ្ចៀសកាំភ្លើងពីអ្នកដែលអាចជាជនល្មើស ឬពីអ្នកដែលមិនអាចទិញអាវុធដោយស្របច្បាប់បានទេ។
សំណើលោកអូបាម៉ាដើម្បីរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងប្រហែលមិនអាចសម្រេចគោលដៅក្នុងការបញ្ចៀសកាំភ្លើងពីអ្នកដែលអាចជាជនល្មើស ឬពីអ្នកដែលមិនអាចទិញអាវុធដោយស្របច្បាប់បានទេ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​បារ៉ាក់ អូបាម៉ា(Barack Obama)​ បាន​ប្រកាស​ពី​វិធានការ​ដើម្បី​កាត់បន្ថយ​​អំពើ​ហិង្សា​ដោយ​ប្រើ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​ក្នុង​ការ​បង្កើត​«កាំភ្លើង​វៃឆ្លាត» (smart guns) និង​ចំណាត់ការ​សម្របសម្រួល​ប្រសើរ​ជាង​​មុន​ពីសំណាក់​​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ការពិនិត្យ​ប្រវត្តិរូប​របស់​អ្នកទិញ​កាំភ្លើង។

សេចក្តី​ប្រកាស​របស់​សេតវិមាន​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃទី​២៩​ខែមេសា​ បាន​លើកឡើង​ថា​ មាន​«ការ​បោះជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំង​មួយ» ក្នុងការ​អនុវត្ត​សំណើ ដែល​លោក​ អូបាម៉ា​បាន​ប្រកាស​កាល​ពី​ដើមឆ្នាំនេះ។

លោក​ប្រធាធិបតី​បាន​ជំរុញ​ឲ្យ​មាន​ការពិនិត្យ​ប្រវត្តិរូប​ឲ្យ​បាន​កាន់​តែត្រឹមត្រូវ​ និង​មានប្រសិទ្ធភាព​ ជាង​មុន​ ដើម្បី​ធានាថា ​កាំភ្លើង​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​លក់ឲ្យ​«មនុស្ស​មិន​ត្រូវ​ឲ្យ​ប្រើ​កាំភ្លើង» ឧទាហរណ៍​ដូចជា​ ជន​ដែល​មាន​ជំងឺផ្លូវចិត្ត។ ហើយ​លោក​ក៏​បាន​កោះហៅ​ឲ្យ​មាន​ការ​បង្កើត​បច្ចេកវិទ្យា​ការពារ​កុំ​ឲ្យ​កាំភ្លើង​ធ្លាក់​ក្នុង​ដៃ​កុមារ ឬ​ទៅ​ក្នុង​ដៃ​អ្នកដទៃ​ក្រៅពី​ម្ចាស់​កាំភ្លើង។

ជារៀងរាល់​ឆ្នាំ​ អំពើ​ហិង្សា​ដោយ​កាំភ្លើង​បានសម្លាប់​ប្រជាជន​អាមេរិក​លើសពី​៣០.០០០នាក់​ ដែល​ជា​លទ្ធផល​នៃ​ករណី​អត្តឃាត​ អំពើ​ហឹង្សា​ក្នុងគ្រួសារ ឬ​សកម្មភាព​ឧក្រិដ្ឋកម្ម​ ដែល​រួម​មាន​អំពើ​ហឹង្សា​ដោយ​ក្រុមបក្សពួក​ ឬ​ឧប្បទ្ទវហេតុ​ផ្សេងៗ។ លោក​ប្រធានាធិបតី​ និយាយថា​ សំណើ​ដែល​លោក​ប្រកាសឡើងក្នុង​ខែ​មករា​អាច​ដោះស្រាយ​ផ្នែក​មួយ​ចំនួននៃ​បញ្ហា​អំពើហិង្សា​ដោយ​កាំភ្លើង។

«​វិធានការ​ដែល​ត្រូវ​បាន​ចាត់​ឡើង​តាម​សុភនិច្ឆ័យមិនអាច​បញ្ចៀស​ការកើតឡើង​នៃ​សោកនាដកម្ម​បាន​ទាំងអស់​ឡើយ​ ប៉ុន្តែ​បើ​បានសូម្បី​តែមួយ វា​មិន​ប្រសើរ​ឬ?» លោក​ប្រធានាធិបតី​បាន​សួរសំនួរ​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក។

លោកស្រី​ Valerie Jarrett​ ដែល​ជា​ទីប្រឹក្សាប្រធាធិបតី​អស់រយៈជាយូរឆ្នាំ​មកហើយ​បាន​និយាយ​ថា ចំនួននៃ​ការ​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ដ៏​គួរឲ្យ​កត់សម្គាល់​ គឺ​បណ្តាល​មកពី​អ្នកដទៃ​ ដែល​មិនមែន​ជា​ម្ចាស់​កាំភ្លើង​ប្រើប្រាស់​កាំភ្លើង​។ ជាធម្មតា​ ករណី​ទាំងនេះ​ ពាក់ព័ន្ធនឹង​កុមារ​ដែល​បាន​រកឃើញ​ និង​ប្រើកាំភ្លើង​បាញ់​ដោយ​អចេតនា​ ឬ​ជនល្មើស​ប្រើប្រាស់​កាំភ្លើង​ដែល​បានមកពី​ការលួច​ ឬ​ការជួញដូរ​អាវុធ​ខុសច្បាប់។

«កាំភ្លើង​ឆ្លាតវៃ» មាន​លក្ខណៈ​ការពារ​សុវត្ថិភាព​ដែលត្រូវ​បាន​លើកកម្ពស់ ដោយ​ធ្វើឲ្យ​មានការលំបាក​ ឬ​មិនអាច​កើតឡើង​តែម្តង​សម្រាប់អ្នក​គ្មាន​សមត្ថកិច្ច​ប្រើប្រាស់​កាំភ្លើង​នោះ។

ដោយ​សំដៅ​ទៅលើ​ទូរស័ព្ទ​ដៃ​ទំនើប​ដែល​មិន​អាចប្រើប្រាស់​បានលុះត្រា​តែ​ម្ចាស់​ទូរស័ព្ទ​ដាក់​ក្រយ៉ៅដៃ​ទៅលើ​អេក្រង់ទូរស័ព្ធ​ លោក​អូបាម៉ា​ បាន​និយាយថា​ «ប្រសិន​បើយើង​អាច​បង្កើត​បច្ចេកវិទ្យា​ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ដែល​មាន​ក្រយ៉ៅ​ដៃ​ខុស​ពី​អ្នក​អាច​ដោះសោរ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​បាន​នោះ ហេតុអ្វី​យើង​មិនអាច​ប្រើប្រាស់​បច្ចេកទេស​ស្រដៀង​គ្នា​នេះ​ទៅលើ​កាំភ្លើង?»

ក្រសួង​ការពារ មាតុភូមិ​ និង​សន្តិសុខនៃ​សហរដ្ឋអាមេរិក​ កំពុងសិក្សា​ពី​ប្រធានបទ​«កាំភ្លើង​ឆ្លាតវៃ» ហើយ​ពួកគេ​បាន​សង្ឃឹម​ថា​នឹង​មាន​បទបញ្ញត្តិថ្មីនឹង​ប្រកាសឡើង​ក្នុងរយៈពេល​៦ខែ​ខាង​មុខ​។

លោក​ប្រធានាធិបតី​ក៏​បាន​កោះហៅឲ្យ​មានការ​បង្កើន​ចំណាយ​ទៅលើ​ការ​លើក​កម្ពស់​ព្យាបាល​សុខភាព​ផ្លូវចិត្ត​រហូតដល់​៥០០​លានដុល្លារ​ ហើយ​រដ្ឋបាល​សន្តិសុខ​សង្គម​បាន​ប្រកាស​សំណើ​ច្បាប់​ថ្មី​ ដើម្បី​ធានា​ថា​ ស្ថាប័ន​រដ្ឋ​នឹង​អាច​ទទួលបាន​«ព័ត៌មាន​សមរម្យ»អំពី​អ្នក​ដែល​បានទទួល​ការព្យាបាល​ផ្នែកផ្លូវចិត្ត​ ដើម្បី​ពិនិត្យ​ប្រវត្តិរូប​របស់​អ្នក​ទិញកាំភ្លើង។

សេតវិមាន​ក៏​បានប្រកាស​ថា​ លោក​អូបាម៉ា​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​ដឹកនាំ​នៅ​ថ្នាក់​រដ្ឋ​ និង​នៅថ្នាក់មូលដ្ឋាន​ក្នុងខែ​ឧសភា​ ដើម្បី​ពិភាក្សា​ផែនការ​កាត់បន្ថយ​អំពើហឹង្សា​ដោយ​កាំភ្លើង​ក្នុង​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG