ក្រសួងការពារជាតិចិនបានសម្តែង «ការមិនពេញចិត្តជាខ្លាំង» នឹងសហរដ្ឋអាមេរិក ដោយបានរិះគន់របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងការពារជាតិអាមេរិកថា បានរាយការណ៍មិនត្រឹមត្រូវអំពីការអភិវឌ្ឍផ្នែកយោធារបស់ចិន។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលដាក់ជូនសភា កាលពីថ្ងៃសុក្រ បាននិយាយថា ប្រទេសចិន បានផ្តោតទៅលើការអភិវឌ្ឍនិងការពង្រាយអាវុធនៅលើកោះ ដែលខ្លួនបានកសាងឡើង ក្នុងដែនទឹកដែនមានជម្លោះនៅសមុទ្រចិនខាងត្បូង ដើម្បីឲ្យខ្លួន អាចមានអំណាចកាន់តែខ្លាំងជាងមុន ក្នុងការគ្រប់គ្រងតំបន់សមុទ្រនោះ ដោយមិនចាំបាច់មានជម្លោះប្រដាប់អាវុធឡើយ។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Yang Yujun បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានXinhua ថា របាយការណ៍របស់អាមេរិក ស្តីពីសកម្មភាពយោធាចិននៅឆ្នាំ២០១៥ «មានចេតនាបំភ្លៃគោលនយោបាយការពារជាតិរបស់ចិន»។
លោក Yang Yujun ថ្លែងថា «ប្រទេសចិនធ្វើតាមគោលនយោបាយការពារជាតិ ដែលមានចេតនាគ្រាន់តែការពារខ្លួនប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះបន្តថា « ការកែទម្រង់ស៊ីជម្រៅនិងការបង្កើនកម្លាំងយោធានេះ មានគោលបំណងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខ ហើយនឹងធានាដល់ការអភិវឌ្ឍដោយសន្តិវិធីរបស់ចិនតែប៉ុណ្ណោះ»។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានចោទប្រកាន់ចិន ថាបាន«បង្កើនការខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីជំរុញការទាមទារដែនទឹកដីនិងអធិបតេយ្យភាពជាតិរបស់ខ្លួន»។ របាយការណ៍ថា ទង្វើទាំងនេះ ខ្វះតម្លាភាពអំពីសមត្ថភាពយោធាដែលចេះតែកើនឡើងរបស់ចិន ដែលកំពុងតែបង្កភាពតានតឹងជាមួយប្រទេសដទៃទៀតក្នុងតំបន់។
ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ក៏បានទាមទារផ្នែកខ្លះនៃដែនសមុទ្រចិនខាងត្បូងនេះដែរ៕